ភ្នំពេញៈ កម្ពុជា និង​អា​រ៉ា​ប៊ី​ សា​​អ៊ូ​ឌី​ត បាន​ប្តេជ្ញាចិត្ត​រួមគ្នា​ក្នុងការ​ជំរុញ​ពា​ណិ​ជ្ជ​កម្ម ការវិនិយោគ ថាមពល និង​វិស័យ​សក្តានុពល​ផ្សេងទៀត ដើម្បី​ផល​ប្រ​យោជន៍​ទៅវិញទៅមក​នៃ​ប្រទេស និង​ប្រជាជន​ទាំង​ ​២ ខណៈ​កម្ពុជា​ក៏​រំពឹង​នឹង​ទាក់ទាញ​ការវិនិយោគ​លើ​វិស័យ​ប្រេង​កាត និង​ឧស្ម័ន​ពី​ប្រទេស​ដែល​ផលិត​ប្រេង​មួយ​នេះ​ផងដែរ​។​

​ការប្ដេជ្ញាចិត្ត​រវាង​ប្រទេស​ទាំង ​២ ​បានធ្វើ​ឡើង​ដោយ​លោក ហ៊ុន ម៉ា​ណែ​ត នា​យក​រដ្ឋមន្ត្រី​កម្ពុជា ជាមួយ​ព្រះអង្គម្ចាស់ Mohammed bin Salman bin Abdulaziz Al Saud ព្រះរាជ​ទាយាទ និង​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រអា​រ៉ា​ប៊ី​ សាអ៊ូ​ឌី​ត នៅក្រៅ​កិច្ចប្រជុំ​កំពូល​អាស៊ាន ក្រុមប្រឹក្សា​សហប្រតិបត្តិ​ការរង​សមុទ្រ ​(GCC) នៅ​ទីក្រុង​រី​យ៉ា​ដ នា​ថ្ងៃទី​ ២០ ខែតុលា ឆ្នាំ​ ២០២៣​។​

​ក្នុងជំនួប​នោះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​ជម្រាបជូន​អំពី​ទិស​ដៅ​សក្តានុពល​នៃ​ការពង្រឹង​ទំនាក់ទំនង​ទ្វេភាគី ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិ​កា​រលើ​វិស័យ​សំខាន់ៗ​មួយចំនួន​ដូចជា ពាណិជ្ជកម្ម ការវិនិយោគ ថាមពល និង​វិស័យ​សក្តានុពល​ផ្សេងទៀត ដើម្បី​ផល​ប្រយោជន៍​រួម​របស់​ប្រទេស និង​ប្រជាជន​ទាំង ​២​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ (MFAIC)​។​

MFAIC បាន​ដកស្រង់​សម្ដី​ដោយ​លើកឡើងថា​៖ «​សម្តេច​ធិបតី​បាន​សម្តែង​ការពេញចិត្ត​ចំពោះ​វឌ្ឍនភាព​នៃ​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត តាមរយៈ​ការសម្រេចចិត្ត​បង្កើត​ស្ថានទូត​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ និង​បាន​ស្នើឱ្យ​ភាគី​ទាំង​ ២ ​ស្វែងយល់​ពី​លទ្ធភាព​នៃ​ការបង្កើត​កិច្ចព្រមព្រៀង ជាពិសេស​កិច្ចព្រមព្រៀង​ស្តីពី​ការលើកលែង​ទិដ្ឋាការ​សម្រាប់​ការទូត និង​អ្នក​កាន់​លិខិតឆ្លងដែន​ផ្លូវការ​»​។​

MFAIC បាន​បន្តថា​៖ «​នាយករដ្ឋមន្ត្រី​ទាំង ​២​ បាន​សម្តែង​ការប្តេជ្ញាចិត្ត​រួមគ្នា​ក្នុងការ​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២​ បន្ថែមទៀត​»​។​

​រដ្ឋមន្ត្រីការបរទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ព្រះអង្គម្ចាស់ Faisal bin Farhan alSaud កាលពី​ថ្ងៃទី​ ១៨ ខែមីនា ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា បាន​ប្រាប់​អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ថា ដំណើរ​ទស្សនកិច្ច​រប​ស់​ព្រះអង្គ​មក​កម្ពុជា គឺ​ដើម្បី​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ជាពិសេស​លើ​វិស័យ​ទេសចរណ៍ បច្ចេកវិទ្យា ថាមពល ការអប់រំ វប្បធម៌ និង​កសិកម្ម ដោយ​លោក​បាន​ស្នើឱ្យ​លោក ហ៊ុន សែន គាំទ្រ​សម្រាប់​ភាពជា​ដៃគូ​ក្នុង​វិស័យ​ទាំងនេះ​។​

​អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន បាន​ស្វាគមន៍ និង​លើកទឹកចិត្ត​ឱ្យមាន​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​លើ​គ្រប់​វិស័យ ពិសេស​គឺ​វិស័យ​សក្តានុពលដូចជា ទេសចរណ៍ កសិកម្ម និង​ពាណិជ្ជកម្ម​។​

​លោក គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៅ​រាជបណ្ឌិត្យ​សភា​កម្ពុជា បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នាពេល​កន្លងមក​ថា ចំណងមិត្តភាព​រវាង​កម្ពុជា​-​អា​រ៉ា​ប៊ី​សាអ៊ូ​ឌី​ត នៅ​មិនទាន់​ស៊ី​ជម្រៅ​នៅឡើយ​ទេ ដោយសារតែ​កម្ពុជា​មិនបាន​បង្កើត​ស្ថានទូត​នៅ​អា​រ៉ា​ប៊ី​សា​​អ៊ូ​ឌី​ត​។

​លោក​បាន​ថ្លែងថា​៖ «​ប្រទេស​ទាំង​ ២ ​ត្រូវការ​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​របស់​ពួកគេ​ឱ្យបាន​ខ្លាំង ពីព្រោះ​វា​មាន​អត្ថប្រយោជន៍​ជាច្រើន​សម្រាប់​កិច្ច​សហប្រតិបត្តិការ​បែបនេះ​។ យើង​ដឹង​ហើយ​ថា អា​រ៉ា​ប៊ី​ សា​អ៊ូ​ឌី​ត ជា​ប្រទេស​សំខាន់បំផុត​មួយ​ក្នុងចំណោម​ប្រទេស​អារ៉ាប់​។ ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​អា​​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត នឹង​ជាការ​ជំរុញ​ដល់​ភាព​ចម្រុះ​នៃ​ផ្នែក​ការទូត​របស់​កម្ពុជា​»​។​

​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ ២​ នៅមានកម្រិត​ទាប​នៅឡើយ ដោយ​ការដោះដូរ​ទំនិញ​សរុប​មាន​ត្រឹម​ ២០​ លាន​ដុល្លារ​ ក្នុង​ឆ្នាំ​ ២០២០ នេះ​បើ​យោងតាម Trading Economics​។ ការនាំចេញ​របស់​កម្ពុ​ជា​ទៅ អា​រ៉ា​ប៊ី​ សាអ៊ូ​ឌី​ត ​ក្នុង​ឆ្នាំ ​២០២០ មាន​ចំនួន ៣,១ លាន​ដុល្លារ និង​នាំចូល​មកវិញ​ចំនួន​ ១៥,៩២ ​លាន​ដុល្លារ​៕