ភ្នំពេញៈ យោងតាមការចេញផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា ក្រុមហ៊ុនចិន Yuexiu Group នៅក្នុងប្រទេសចិន បានបង្ហាញចំណាប់អារម្មណ៍ចង់វិនិយោគលើវិស័យមួយចំនួននៅកម្ពុជា រួមមាន វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន អចលនទ្រព្យ និងកសិឧស្សាហកម្មជាដើម។
ការចាប់អារម្មណ៍នេះបានកើតឡើងក្នុងពេលលោក ចាវ យានលីន (Zhaoyuan Lin) នាយកប្រតិបត្តិក្រុមហ៊ុន Yuexiu Group ដែលជាក្រុមហ៊ុនវិនិយោគលើវិស័យជាច្រើនរួមមាន អចលនទ្រព្យ ហិរញ្ញវត្ថុ កសិកម្ម និងប្រព័ន្ធដឹកជញ្ជូនទំនើប បានជួបពិភាក្សាការងារជាមួយលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី ១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៣ នៅក្នុងប្រទេសចិន។
ក្នុងជំនួបនោះ លោក ស៊ុន ចាន់ថុល បានបង្ហាញពីការរីកចម្រើនថ្មីៗ និងសក្តានុពលសម្រាប់ការវិនិយោគនៅកម្ពុជា ដោយគិតចេញពីកត្តាសុខសន្តិភាព ស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច ច្បាប់វិនិយោគអំណោយផលដោយបើកទូលាយសម្រាប់គ្រប់វិនិយោគិនទាំងក្នុង និងក្រៅប្រទេស ហើយក្នុងនោះកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសាធារណរដ្ឋប្រជាមានិតចិននិងបណ្តាប្រទេសជាដៃគូជាច្រើនទៀតផងដែរ។
លោកឧបនាយករដ្ឋមន្ត្រី បានប្រាប់នាយកប្រតិបត្តិក្រុមហ៊ុន Yuexiu Group ថា ហេដ្ឋារចនាសម្ព័ន្ធពេញផ្ទៃប្រទេសដែលបាននិងកំពុងអភិវឌ្ឍរួមមាន ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ អាកាសយានដ្ឋានថ្មីខេត្តសៀមរាប ការត្រៀមបើកដំណើរការអាកាសយានដ្ឋានថ្មីក្រុងភ្នំពេញ ការសិក្សាផ្លូវរថភ្លើងភ្នំពេញ-ក្រុងព្រះសីហនុ ផ្លូវរថភ្លើងភ្នំពេញ-បោយប៉ែត និងគម្រោងពង្រីកកំពង់ផែទឹកជ្រៅជាដើម។
បើតាម CDC ក្រោយពីស្តាប់ការពន្យល់របស់លោក ស៊ុន ចាន់ថុល ពីសក្តានុពល និងភាពរីកចម្រើនរបស់កម្ពុជា លោក ចាវ យានលីន បានបង្ហាញចំណាប់អារម្មណ៍លើវិស័យមួយចំនួននៅកម្ពុជារួមមាន វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន អចលនទ្រព្យនិងកសិឧស្សាហកម្មជាដើម ខណៈដែលក្រុមហ៊ុនលោកបាននិងកំពុង វិនិយោគលើវិស័យមួយចំនួនរួមមាន សណ្ឋាគារ អគារពាណិជ្ជកម្ម អគារស្នាក់នៅ ធនាគារ វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងវិស័យកសិឧស្សាហកម្មជាដើម។
លោក ចាវ យានលីន បានអះអាងថា ក្រុមហ៊ុនបានសម្រេចនឹងរៀបចំកិច្ចពិភាក្សាផ្ទៃក្នុងមួយ បន្ទាប់ពីបញ្ចប់ជំនួបនេះ ដើម្បីជជែកនិងសិក្សាលទ្ធភាពក្នុងការដាក់ទុនវិនិយោគនៅកម្ពុជា ក្នុងក្របខ័ណ្ឌណាមួយ ខណៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមនឹងក្រុមការងារបានបង្ហាញការត្រៀមខ្លួនរួចរាល់ដើម្បីផ្ដល់ការពិគ្រោះយោបល់និងសម្របសម្រួលរាល់នីតិវិធីវិនិយោគនៅកម្ពុជា។
អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានថ្លែងថា ទំនាក់ទំនងយ៉ាងស៊ីជម្រៅនៃប្រទេសទាំង ២ (កម្ពុជា-ចិន) លើការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិនេះគឺជាការល្អខណៈទំនាក់ទំនងកំពុងមានស្រាប់ក្នុងកម្រិតខ្ពស់និងគ្រប់ជ្រុងជ្រោយ ជាពិសេសតាមរយៈការជំរុញការអនុវត្តកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការបង្កើតច្រករបៀងមច្ឆា និងអង្ករនិងច្រករបៀងឧស្សាហកម្មនិងបច្ចេកវិទ្យាជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់វិស័យឯកជននៃប្រទេសទាំង២ក្នុងការភ្ជាប់ការធ្វើពាណិជ្ជកម្ម និងវិនិយោគជាមួយគ្នា។
លោកបានប្រាប់ថា ការបន្តពង្រឹងមិត្តភាពដែកថែប តាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេស វិស័យទេសចរណ៍ ថាមពល ពាណិជ្ជកម្ម វិនិយោគ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន គឺជាការពូនជ្រំនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ខណៈដែលចិនជាមហាអំណាចសេដ្ឋកិច្ចមួយដ៏មានឥទ្ធិពលមួយនៅក្នុងពិភពលោក។
លោក ហុង វណ្ណៈ បានបញ្ជាក់ថា៖ «យើងឃើញហើយថា សម្ដេចធិបតី ក៏បានទទួលជួបប្រធានក្រុមហ៊ុនចិនលំដាប់អន្តរជាតិជាបន្តបន្ទាប់ បានបញ្ជាក់ពីគម្រោងទស្សនកិច្ចប្រទេសកម្ពុជាដើម្បីពង្រីកសក្ដានុពលវិនិយោគដែលមានស្រាប់ និងសិក្សាលើគម្រោងថ្មីៗបន្ថែមទៀត»។
លោកបានបន្តថា៖ «CDC ជាស្ថាប័នមួយដ៏មានសារៈសំខាន់ណាស់ក្នុងការសម្រេច ឬអនុម័តឱ្យមានការវិនិយោគនៅកម្ពុជា ដូច្នេះខ្ញុំជឿជាក់ថា ជំនួបនានារវាងមន្ត្រីរាជរដ្ឋាភិបាលជាន់ខ្ពស់របស់កម្ពុជា ជាមួយបណ្តាក្រុមហ៊ុនទាំងនោះនឹងនាំមកនូវលទ្ធផលវិជ្ជមានច្រើនសម្រាប់សេដ្ឋកិច្ចកម្ពុជា»។
បើតាមរបាយការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្នុងឆមាសទី១ ឆ្នាំ ២០២៣ នេះ កម្ពុជាទទួលបានទុនវិនិយោគសរុបលើវិស័យនានាក្នុងទំហំជាង ១ ១០៥ លានដុល្លារ ក្នុងនោះការវិនិយោគពីប្រទេសចិនបានឈរនៅលំដាប់លេខរៀងទី១ ដោយបានចូលរួមចំណែកស្ទើរ ២ ភាគ ៣ នៃទុនវិនិយោគសរុបនៅកម្ពុជា៕