ភ្នំពេញៈ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ទីផ្សារមូលបត្រកម្ពុជានឹងស្វាគមន៍ក្រុមហ៊ុនមកពីវិស័យអប់រំមួយទៀតដែលគ្រោងនឹងធ្វើការបោះផ្សាយសញ្ញាបណ្ណបៃតងនៅក្នុងពេលដ៏ខ្លីខាងមុខ។
វត្តមានរបស់ក្រុមហ៊ុនថ្មីនេះនឹងក្លាយជាក្រុមហ៊ុនទី២ បន្ទាប់ពីក្រុមហ៊ុន Mengly J Quach Education Plc (MJQE) ដែលបានធ្វើការកៀរគរទុនតាមរយៈការបោះផ្សាយមូលបត្រ។
លោក ហុង សុហួរ អគ្គនាយក CSX បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ២៣ ខែតុលាថា ស្របពេលក្រុមហ៊ុន Cellcard កំពុងរៀបចំខ្លួនដើម្បីបោះផ្សាយសញ្ញាបណ្ណបៃតងក្នុងពេលដ៏ខ្លីខាងមុខ បច្ចុប្បន្នក្រុមការងាររបស់លោកកំពុងធ្វើការពិនិត្យលើពាក្យស្នើសុំរបស់ក្រុមហ៊ុនថ្មីមួយទៀតមកពីវិស័យអប់រំដែលបានដាក់ពាក្យស្នើសុំបោះផ្សាយសញ្ញាបណ្ណបៃតង។
លោកបានថ្លែងថា៖ «ក្រុមហ៊ុនដែលរំពឹងថានឹងបោះឆាប់នេះគឺក្រុមហ៊ុន Cellcard ដែលគ្រោងបោះផ្សាយសញ្ញាបណ្ណបៃតង ខាង CSX យើងបានចេញការអនុម័តជាគោលការណ៍រួចហើយ ឥឡូវនេះក្រុមហ៊ុនកំពុងធ្វើការជាមួយនឹងនិយ័តករមូលបត្រកម្ពុជា។ បន្ថែមលើនេះយើងកំពុងពិនិត្យក្រុមហ៊ុនមួយទៀតដែលគ្រោងនឹងបោះផ្សាយសញ្ញាបណ្ណបៃតងដែរ ដែលមកពីវិស័យអប់រំ។ គាត់បានដាក់ពាក្យស្នើសុំលទ្ធភាពចុះបញ្ជី និងយើងបានចំណាយពេលពិនិត្យអស់រយៈពេលជិត ២ ខែមកហើយ។ យើងរំពឹងថា នឹងសម្រេចឆាប់ៗនេះ»។
ទោះយ៉ាងណាលោកពុំបានប្រាប់ឈ្មោះក្រុមហ៊ុនឡើយ។ លោក ស៊ូ សុជាតិ អគ្គនាយកអគ្គនាយកគណៈកម្មការមូលបត្រកម្ពុជា (SERC) កាលពីថ្ងៃទី ៩ ខែតុលា បាននិយាយថា បន្ទាប់ពីក្រុមហ៊ុន CamGSM ទទួលបានការយល់ព្រមពី CSX បច្ចុប្បន្នក្រុមការងារបច្ចេកទេសរបស់លោកកំពុងពិនិត្យលើពាក្យស្នើសុំរបស់ក្រុមហ៊ុនមួយនេះ សម្រាប់ការបោះផ្សាយលក់មូលបត្របំណុលពួកគេ។
លោកប្រាប់ថា៖ «យើងនឹងព្យាយាមបញ្ចប់លើពាក្យស្នើសុំរបស់ពួកគេជាអ្វីដែលក្រុមហ៊ុនរំពឹងទុកសម្រាប់ការចុះបញ្ជី។ ទោះយ៉ាងណាក៏ដោយ អ្វីៗត្រូវតែត្រួតពិនិត្យ និងអនុម័តដោយស្ថាប័នរបស់យើង។ បច្ចុប្បន្នយើងកំពុងធ្វើការលើពាក្យស្នើសុំរបស់ពួកគេ»។
លោកបន្តថា ក្នុងរយៈពេល ២ សប្តាហ៍ខាងមុខ SERC នឹងលើកឡើងសម្រាប់ការត្រួតពិនិត្យហិរញ្ញវត្ថុ និងការយល់ព្រមពីអាជ្ញាធរសេវាមិនមែនហិរញ្ញវត្ថុ។ លោកអះអាងថា៖ «នៅពេលដែលយើងទទួលបានការយល់ព្រមពីអាជ្ញាធរសេវាមិនមែនហិរញ្ញវត្ថុ យើងនឹងបន្តសម្រាប់រយៈពេលបរិវិសកម្មមុនពេលចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា។ ជាការពិតក្រុមហ៊ុនបានធ្វើការងារជាច្រើនហើយ ប៉ុន្តែយើងមិនអាចចេញសេចក្ដីជូនដំណឹងណាមួយបានទេនៅពេលនេះ ព្រោះយើងមិនទាន់បានអនុម័ត»។
កាលពីខែមីនា ឆ្នាំ២០២៣ គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចអង្គការសហប្រជាជាតិសម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក (ESCAP) វិទ្យាស្ថានកំណើនបៃតងសកល (GGGI) និងនិយ័តករមូលបត្រកម្ពុជា (SERC) ដោយសហការជាមួយការធានាឥណទាន និងមធ្យោបាយវិនិយោគ (CGIF) និងក្រុមហ៊ុន GuarantCo ដែលជាផ្នែកមួយនៃក្រុមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឯកជន បានដាក់ឱ្យដំណើរការនូវក្រុមហ៊ុន Cambodia Sustainable Bond Accelerator។
ក្រុមហ៊ុនបោះផ្សាយដែលត្រូវបានជ្រើសរើសក្នុងការបោះផ្សាយសញ្ញាបណ្ណបៃតងនៃគម្រោងនេះមានដូចជា Amret PLC ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលទទួលប្រាក់បញ្ញើ ដោយនឹងរៀបចំចេញសញ្ញាបណ្ណនិរន្តរភាពតម្លៃ ៥០ លានដុល្លារ។
Golden Tree Co. Ltd ជាក្រុមហ៊ុនអចលនទ្រព្យដែលបានគាំទ្រក្នុងការចេញសញ្ញាបណ្ណបៃតងលើកទី២ ក្នុងទឹកប្រាក់ ២៥ លានដុល្លារ សម្រាប់ការអភិវឌ្ឍអគារបៃតង និងក្រុមហ៊ុន Royal Group Phnom Penh SEZ ដែលជាក្រុមហ៊ុនចុះបញ្ជីជាសាធារណៈដែលគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ហើយនឹងត្រូវបានគាំទ្រសញ្ញាបណ្ណនិរន្តរភាពតម្លៃ ២០ លានដុល្លារ៕