ភ្នំពេញៈ ការអនុវត្តចំណូលរបស់រដ្ឋបាលថ្នាក់ជាតិ នៅក្នុងរយៈពេល ៨ ខែដើមឆ្នាំ ២០២៣ សម្រេចបានប្រមាណជិត ៤,២ ពាន់លានដុល្លារ ដែលស្មើនឹងជិត ៦៦ ភាគរយនៃច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ២០២៣ ហើយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ គឺការអនុវត្តចំណូលបានថយចុះជាង ២ ភាគរយ។ នេះបើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
របាយការណ៍ស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាល ប្រចាំខែសីហា ឆ្នាំ ២០២៣ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យដឹងថា រយៈពេល ៨ ខែដើមឆ្នាំ ២០២៣ ការអនុវត្តចំណូលរបស់រដ្ឋបាលថ្នាក់ជាតិ សម្រេចបាន ១៧ ៣០៨ ពាន់លានរៀល (ប្រហែល ៤,១៩ ពាន់លានដុល្លារ)ស្មើនឹង ៦៥,៩៤ ភាគរយនៃច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ២០២៣ ក្នុងនោះចំណូលពន្ធ ១៤ ៧៣៨ ពាន់លានរៀល (៣,៥៧ ពាន់លានដុល្លារ) ស្មើនឹង ៨៥,១៥ ភាគរយនៃចំណូលសរុប, អំណោយ ៨៩៩ ពាន់លានរៀល (២១៧,៧៦ លានដុល្លារ) ស្មើ ៥,២ ភាគរយ, និងចំណូលផ្សេងៗចំនួន ១ ៦៧១ ពាន់លានរៀល (៤០៤,៧៦ លានដុល្លារ) ស្មើនឹង ៩,៦៥ ភាគរយ។ ដោយឡែកបើធៀបរយៈពេល ៨ ខែឆ្នាំ ២០២២ គឺការអនុវត្តចំណូលបានថយចុះ ២,០៤ ភាគរយ ក្នុងនោះចំណូលពន្ធ ថយចុះ ២,៧៥ ភាគរយ, អំណោយថយចុះ ២១,៩៩ ភាគរយ រីឯចំណូលផ្សេងៗ កើនឡើង ២២,៨៨ ភាគរយ។
របាយការណ៍ឱ្យដឹងទៀតថា ទន្ទឹមនឹងការអនុវត្តចំណូលខាងលើ ការចំណាយសរុប (Expenditure) របស់រដ្ឋបាលថ្នាក់ជាតិ ក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០២៣ មានចំនួន ១៨ ៧៨២ ពាន់លានរៀល (ប្រហែល ៤,៥៥ ពាន់លានដុល្លារ) ស្មើ នឹង ៥៧,១១ ភាគរយនៃច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ២០២៣ ក្នុងនោះចំណាយ ១៣ ៥៣៧ ពាន់លានរៀល (៣,២៨ ពាន់លានដុល្លារ) ស្មើ ៧២,០៧ ភាគរយនៃចំណាយសរុប, និងចំណាយវិនិយោគលើទ្រព្យមិនមែនហិរញ្ញវត្ថុ ៥ ២៤៦ ពាន់លានរៀល (១,២៧ ពាន់លានដុល្លារ) ស្មើនឹង ២៧,៩៣ ភាគរយនៃចំណាយសរុប។ បើធៀបនឹងរយៈពេល ៨ ខែ ដូចគ្នាឆ្នាំ ២០២២ ចំណាយសរុបរបស់រដ្ឋបាលថ្នាក់ជាតិ កើនឡើង ១៧,០១ ភាគរយ ក្នុងនោះចំណាយ កើន ១៤,០៤ ភាគរយ, និងចំណាយវិនិយោគលើទ្រព្យមិនមែនហិរញ្ញវត្ថុ បានកើនឡើង ២៥,៤ ភាគរយ។
ផ្អែកតាមលទ្ធផលចំណូលចំណាយខាងលើ, ការអនុវត្តថវិការបស់រដ្ឋបាលថ្នាក់ជាតិរយៈពេល ៨ ខែដើមឆ្នាំ ២០២៣ គឺមានឱនភាព ១ ៤៧៤ ពាន់លានរៀល (ប្រហែល ៣៥៧,៣២ លានដុល្លារ) ខណៈការអនុវត្តរយៈពេល ៨ ខែ ដើមឆ្នាំ ២០២២ មានអតិរេក ១ ៦១៦ ពាន់លានរៀល (៣៩១,៨១ លានដុល្លារ)។
របាយការណ៍បញ្ជាក់ថា៖ «រយៈពេល ៨ ខែដើមឆ្នាំ ២០២៣ ការអនុវត្តចំណូលយឺត គួបផ្សំនឹងការអនុវត្តចំណាយលឿន បានធ្វើឱ្យថវិកាមានឱនភាពប្រមាណ ១២៤ ពាន់លានរៀល (ប្រហែល ៣០,០៥លានដុល្លារ) ប៉ុន្តែឱនភាពនេះស្ថិតនៅក្នុងកម្រិតមួយទាប ពោលគឺស្មើនឹង ២២,១៩ ភាគរយ នៃឱនភាពថវិកាប្រចាំឆ្នាំដែលបានគ្រោង។ ឱនភាពថវិកា រយៈពេល ៨ ខែដើមឆ្នាំ ២០២៣ បានឆ្លុះបញ្ចាំងតាមរយៈការកើនឡើងបំណុលប្រមាណ ៣ ៣៣២ ពាន់លានរៀល (ប្រហែល ៨០៧,៤៣ លានដុល្លារ) និងការកើនឡើងទ្រព្យសកម្មហិរញ្ញវត្ថុប្រមាណ ១ ៨៥៩ ពាន់លានរៀល (ប្រហែល៤៥០,៤៦ លានដុល្លារ)»។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៣ ខែតុលាថា ជាទូទៅប្រភពចំណូលសំខាន់របស់ជាតិ គឺបានមកពីសារពើពន្ធ និងចំណូលសួយសារផ្សេងៗ។ ការធ្លាក់ចុះចំណូលបន្តិចបន្តួចក្នុងរយៈពេល ៨ ខែខាងលើគឺបណ្តាលមកពីឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ចពិភពលោក ដែលធ្វើឱ្យការនាំចេញ-នាំចូលទំនិញទៅទីផ្សារអន្តរជាតិ និងចង្វាក់ផលិតកម្មក្នុងស្រុកមួយចំនួនជួបបញ្ហា ពិសេសក្នុងវិស័យទេសចរណ៍។ លោកបន្តថា ទោះការអនុវត្តចំណូលជាតិធ្លាក់ចុះ ប៉ុន្តែសេដ្ឋកិច្ចប្រទេសកម្ពុជានឹងមិនមានបញ្ហាអ្វីប៉ះពាល់ខ្លាំងនោះទេ។
លោកបានថ្លែងថា៖ «ទោះយ៉ាងណា ដោយសារនៅសល់រយៈពេលជិត ៣ ខែទៀតទើបឆ្នាំ ២០២៣ បិទបញ្ចប់ ដូច្នេះខ្ញុំមិនទាន់ហ៊ានសន្និដ្ឋានថា ការអនុវត្តចំណូលជាតិឆ្នាំនេះ អាចនឹងបន្តធ្លាក់ចុះ ឬងើបឡើងវិញកម្រិតណាទេ»។ លោកបន្តថា៖ «ទោះជាយ៉ាងណាឆ្នាំ ២០២៤ ខាងមុខ ខ្ញុំមានសុទិដ្ឋិនិយមថាអ្វីៗនឹងមានភាពល្អប្រសើរជាងឆ្នាំនេះ»។
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក្នុងខែតុលា នេះ បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជា នៅក្នុងឆ្នាំ ២០២៣ នឹងសម្រេចបានក្នុងអត្រា ៥,៦ ភាគរយ និងឆ្នាំ ២០២៤ មានអត្រា ៦,១ ភាគរយ។ ការព្យាកររបស់ IMF គឺខ្ពស់ជាងការព្យាករកាលពីថ្ងៃទី ០២ ខែតុលា របស់ធនាគារពិភពលោកដែលថា សេដ្ឋកិច្ចកម្ពុជាត្រូវព្យាករក្នុងអត្រា ៥,៥ ភាគរយ ក្នុងឆ្នាំ ២០២៣ និងឆ្នាំ ២០២៤ ត្រូវនឹងមានអត្រា ៦,១ ភាគរយ៕