ភ្នំពេញៈ ការនាំចេញទំនិញពីកម្ពុជាទៅកាន់វៀតណាម បានបង្ហាញភាពវិជ្ជមានជាបន្តបន្ទាប់ដោយក្នុងរយៈពេល ៩ ខែដំបូង ឆ្នាំ២០២៣ មានទឹកប្រាក់ជាង ២ ពាន់លានដុល្លារ កើនឡើងជាង ៣០ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២ ខណៈពាណិជ្ជកម្មទ្វេភាគីកើនដល់ជិត ៤,៨ ពាន់លានដុល្លារ។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។
ទិន្នន័យរបស់ GDCE ឱ្យដឹងថា ចន្លោះពីខែមករា-កញ្ញា ឆ្នាំ ២០២៣ ការនាំទំនិញពីកម្ពុជាទៅប្រទេសវៀតណាម មានទឹកប្រាក់ ២,០៤ ពាន់លានដុល្លារ កើន ៣០,៧ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ ដែលមាន ១,៥៦ ពាន់លានដុល្លារ ចំណែកទំនិញវៀតណាមនាំមកកម្ពុជាចំនួន ២,៧៤ ពាន់លានដុល្លារ ធ្លាក់ចុះ ១១ ភាគរយពី ៣,០៧ ពាន់លានដុល្លារ។ ចំនួននេះបានធ្វើឱ្យទំហំពាណិជ្ជកម្មរួមនៃប្រទេសទាំង ២ មានចំនួន ៤,៧៧ ពាន់លានដុល្លារ កើន ៣ ភាគរយពីចំនួន ៤,៦៣ ពាន់លានដុល្លារនារយៈពេលដូចគ្នាឆ្នាំ ២០២២។
GDCE ឱ្យដឹងថា សម្រាប់តុល្យភាពជញ្ជីងពាណិជ្ជកម្ម គឺកម្ពុជាមានឱនភាព ៦៩៧,២៦ លានដុល្លារ ខណៈរយៈពេលដូចគ្នាឆ្នាំ ២០២២ មាន ១,៥១ពាន់លានដុល្លារ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៣ ខែតុលាថា ការកើនឡើងសមត្ថភាពផលិតនៅកម្ពុជា បញ្ហាកង្វះខាតឃ្លាំងស្តុក/រោងចក្រកែច្នៃ និងទុនប្រមូលទិញផលិតផល ព្រមទាំងភាពល្អប្រសើរនៃទំនាក់ទំនងតាមព្រំដែន បានធ្វើឱ្យការផ្លាស់ប្តូរទំនិញទ្វេភាគីកម្ពុជា-វៀតណាម ពិសេសការនាំចេញរបស់កម្ពុជា កើនឡើងជាបន្តបន្ទាប់។ លោកបន្តថា ការនាំចេញទៅវៀតណាមនឹងបន្តកើនឡើងថែមទៀត ខណៈបច្ចុប្បន្នមានវិនិយោគិនវៀតណាមកំពុងបណ្តាក់ទុននៅកម្ពុជាលើវិស័យចម្រុះជាច្រើនដូចជា កសិកម្ម ឧស្សាហកម្ម ធនធានរ៉ែ ដឹកជញ្ជូន និងហិរញ្ញវត្ថុជាដើម។
លោកថា៖ «ដោយសារប្រទេសទាំង ២ មានព្រំដែនគោកទឹកជាប់គ្នា ដូច្នេះការនាំចេញ-ចូលទំនិញប្រាកដជាមានច្រើនលើសពីអ្វីដែលបានកត់ត្រា។ ការកើនឡើងនៃសមត្ថភាពផលិតកម្មនៅកម្ពុជានឹងធ្វើឱ្យការនាំចេញរបស់កម្ពុជាមានកំណើនកាន់តែខ្ពស់»។ លោកបន្តថា៖ «វៀតណាម គឺជាទីផ្សារទទួលទិញកសិផលឈានមុខគេរបស់កម្ពុជា»។
យោងតាមលោក លឹម ហេង ផលិតផលសំខាន់ដែលកម្ពុជានាំទៅវៀតណាម រួមមាន ស្រូវ កៅស៊ូ ស្វាយចន្ទី ដំឡូងមី ពោត ចេក ស្វាយ ថ្នាំជក់ និងធនធានធម្មជាតិ ចំណែកវៀតណាមនាំមកវិញ មានដូចជា សម្ភារសំណង់ គ្រឿងម៉ាស៊ីន ប្រេងឥន្ធនៈ ឧបករណ៍អេឡិចត្រូនិកអគ្គិសនី ជីកសិកម្ម គ្រឿងទេស និងបន្លែ ផ្លែឈើ ជាដើម។
អគ្គលេខាធិការគណៈកម្មការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លោក ជា វុទ្ធី នៅក្នុងជំនួបជាមួយលោក Nguyen Duc Phong អនុលេខាអចិន្រ្ដៃយ៍នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងលោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២០ ខែតុលា បានលើកឡើងថា កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំង ២ គឺកាន់តែមានភាពល្អប្រសើរ ដោយបច្ចុប្បន្នមានវិនិយោគិនវៀតណាមជាច្រើនកំពុងវិនិយោគនៅកម្ពុជា។
លោកថ្លែងថា៖ «ខ្ញុំសូមស្នើសុំឱ្យមានការពង្រឹងភាពជាដៃគូ និងពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការវិនិយោគបន្ថែមដើម្បីរួមចំណែកលើកកម្ពស់ប្រសិទ្ធភាព និងប្រសិទ្ធផលនៃការវិនិយោគរបស់វៀតណាមនៅក្នុងប្រទេសកម្ពុជា»។
ឆ្លើយតបនឹងការលើកឡើងពីបញ្ហាប្រឈមមួយចំនួនដែលអ្នកវិនិយោគវៀតណាមកំពុងជួបប្រទះ លោក ជា វុទ្ធី បានប្រាប់ថា CDC នឹងព្យាយាមសម្របសម្រួលដោះស្រាយរាល់បញ្ហាដែលនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ចំណែកបញ្ហាដែលមានលក្ខណៈអន្តរវិស័យភាគីវៀតណាមអាចលើកបញ្ហាទាំងនោះជូនទៅក្រុមការងារតាមវិស័យទាំង ១៤ នៃវេទិការាជរដ្ឋាភិបាលផ្នែកឯកជន ដើម្បីស្វែងរកដំណោះស្រាយ។
ក្នុងឆ្នាំ ២០២២ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម មានទឹកប្រាក់សរុប ៦ ១៣៥,៧៦ លានដុល្លារ កើន ១៩,៦ ភាគរយធៀបឆ្នាំ ២០២១។ ក្នុងនោះកម្ពុជានាំទៅវៀតណាម ២ ១៦៨,៦២ លានដុល្លារ កើន ៩,២ ភាគរយ និងវៀតណាមនាំមកកម្ពុជា ៣ ៩៦៧,១៤១៣ លានដុល្លារ កើន ២៦,២ ភាគរយ៕