​ភ្នំពេញៈ អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ មិន​មែន​ធនាគារ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កំពុង​ជំរុញ​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ ដើម្បី​រួមចំណែក​ជំរុញ​សម្ទុះ​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​ឌីជីថល​កម្ពុជា​ឱ្យ​រស់​រវើក​ទៅ​ថ្ងៃ​អនាគត​។​

​ការជំរុញ​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ហិរញ្ញ​វត្ថុ ក្នុង​វិស័យ​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​នេះ ត្រូវបាន​ធ្វើឡើង​តាមរយៈ​សិក្ខា​សា​​លា នា​ថ្ងៃទី ​២៣ ខែតុលា​ ក្នុង​គោលបំណង​ប្រមូល​ធាតុ​ចូល​ជា​យុទ្ធសាស្ត្រ ពី​អ្នក​ចូល​​រួមទាំង​អស់ ជា​វិភាគទាន​ដល់​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ មិនមែន​ធនាគារ សំដៅ​ចូលរួម​គាំទ្រ​ការអនុវត្ត​របៀប​វារៈ​និង​កម្មវិធី​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​នីតិកាល​ទី​៧ ​នៃ​រដ្ឋសភា​។​

​លោក សូ សុភា ប្រធាន​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៃ​អគ្គលេខាធិការ​ដា្ឋ​ន​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​ថ្លែងថា ក្នុង​បរិការណ៍​សកល​ភាវូបនីយកម្ម​និង​តំបន់​ភាវូបនីយកម្ម​, បច្ចេកវិទ្យា​បាននិងកំពុង ធ្វើ​បរិវត្ត​កម្ម​ឌីជីថល​ក្នុង​គ្រប់​វិស័យ​នៃ​សេដ្ឋកិច្ច​និង​សង្គម ដែល​ក្នុងនោះ​ក៏មាន​ការធ្វើ​បរិវត្ត​កម្ម​ឌីជីថល​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ផង​ដែរ​។ ការណ៍​នេះ​ធ្វើឱ្យ​លេចឡើង​នូវ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ដែលជា​ប្រភព​ថ្មី​នៃ​កំណើនសេដ្ឋកិច្ច​ឌីជីថល​និង​សុខុមាល​ភាព​សង្គម​វៃឆ្លាត​។

​លោក​ថា​៖ «​គោលនយោបាយ​អភិវឌ្ឍ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​កម្ពុជា​ ២០២៣-២០២៨ មានការ​គិតគូរ​ទាំង​ក្នុង​វិស័យ​ធនាគារ ទាំង​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ ដើម្បី​អភិវឌ្ឍ​ប្រព័ន្ធ​អេកូឡូស៊ី​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ សំដៅ​រួមចំណែក​ជំរុញ​សម្ទុះ​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​ដ៏​រស់​រវើក​»​។​

​ជាមួយគ្នា​នោះដែរ​ លោក ​ម៉ី វ៉ាន់ រដ្ឋ​លេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ជា​អគ្គលេខាធិការ​នៃ​អគ្គលេខាធិការ​ដា្ឋ​ន​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​លើកឡើងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ដោយសារ​មានការ​គាំទ្រ​ខ្ពស់​ពី​រាជរដ្ឋាភិបាល វិស័យ​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ មានការ​លូត​លាស់​គួរឱ្យកត់សម្គាល់ ជាពិសេស​ក្នុងអំឡុង​និង​ក្រោយ វិបត្តិ​ជំងឺ​កូ​វីដ​ ១៩​។​

​លោក​ថា​៖ «​រាជរដ្ឋាភិបាល​បាន​ឆ្លើយ​តប​ទាន់ពេល​ក្នុង​ស្មារតី​បុ​រេ​សកម្ម តាមរយៈ​ការប្រើប្រាស់​យុទ្ធសាស្ត្រ​ផ្កា​រីក​ដើម្បី​ធ្វើជា​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្កើត​ភាព​ស៊ាំ​សហគមន៍ ក៏ដូចជា​ការដាក់ចេញ​នូវ​គោលនយោបាយ​និង​យុទ្ធសាស្ត្រ​គន្លឹះៗ​ពាក់ព័ន្ធ​ផ្សេងទៀត ដើម្បី​គាំទ្រ​ដល់​ការស្តារ​និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​»​។

​លោក ម៉ី វ៉ាន់ បន្តថា វិស័យ​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ បាននិងកំពុង​ផ្តល់​វិភាគទាន​យ៉ាងសំខាន់ ដល់​ការជំរុញ​សន្ទុះ​កំណើន​សេដ្ឋកិច្ចជាតិ ដោយ​ប​ច្ចុ​ប្បន្ន វិស័យនេះ នៅ​បន្ត​មាន​វឌ្ឍន​ភាពជា​វិជ្ជមាន​លើកលែងតែ​វិស័យ​អចលន​​វត្ថុ ទោះបីជា​សេដ្ឋកិច្ចជាតិ​, តំបន់ និង​សកល​កំពុង​ទទួលរង​ផល ប៉ះពាល់​ពី​វិបត្តិ​សង្គ្រាម​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន និង​កំណើន​អតិផរណា​ក្តី​។ វឌ្ឍនភាព​ទាំងនេះ ក៏មាន​ការរួមចំណែក​ពី​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ដែលជា​ប្រភព​ថ្មី​នៃ​កំណើនសេដ្ឋកិច្ច​ទីផ្សារ​និង​សុខុមាលភាព​សង្គម​វៃឆ្លាត​ផងដែរ​។​

​លោក សា​ធូ​រុ យ៉ាម៉ា​ដេ​រ៉ា ​(SATORU Yamadera) ទីប្រឹក្សា​នាយកដ្ឋាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី ​(ADB) បានលើកឡើង​នា​សិក្ខាសាលា​នោះ​ថា វា​ពិត​ជាមាន​សារៈសំខាន់​ណាស់​ក្នុងការ​ប្រមូល​នូវ​ព័ត៌មាន ក៏ដូចជា​មានការ​យល់​ដឹង​បន្ថែមទៀត​អំពី​ប​ចេ្ច​ក​វិទ្យា​ហិរញ្ញវត្ថុ ​(Fin Tech) ក្នុង​ការជួយ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​។

លោក​ សា​ធូ​រុ បញ្ជាក់ថា​៖ «​យើងទាំងអស់គ្នា​ដឹង​ហើយ​ថា បច្ចេកវិទ្យា ជា​គន្លឹះ​ជា​កូនសោ​នៅក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប៉ុន្តែ​ខ្ញុំ​ចង់​បញ្ជាក់ថា បច្ចេកវិទ្យា​មិនមែនជា​ដំណោះស្រាយ​នោះទេ តែ​ជា​ឧបករណ៍ ឬ​ជា​មធ្យោបាយ​ដើម្បី​គាំទ្រ ឱ្យសម្រេចបាន​នូវ​ផែនការ​ដែល​បាន​គ្រោងទុក​»​។

​បើតាម​លោក​ ម៉ី វ៉ាន់ បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​កម្ពុជា​ជាពិសេស​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​មិនមែន​ធនា​​គារ ស្ថិតនៅ​ដំណាក់កាល​លូតលាស់​ដំបូង​នៅឡើយ ដែល​ប្រៀបដូចជា​កូន​ដើមឈើ​មួយ​ដើម ដែល​ទាមទារ​នូវ​ការ​ថែទាំ​ឱ្យបាន​ល្អ​បន្ថែមទៀត​។ លោក​ថា ប្រៀបធៀប​នឹង​ប្រទេស​ក្នុង​តំបន់ ស្ថាន​ភាព​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​កម្ពុជា មិន​ស្ថិត​នៅក្រោយ​គេ​នោះទេ ប៉ុន្តែ​ស្ថិត​ក្នុងចំណោម​ប្រទេស​ដែល​មិនទាន់​អាច​ទាញយក​អត្ថប្រយោជន៍​ជា​អតិបរមា​នៅឡើយ​។

​ជាមួយនឹង​ការគាំទ្រ​ពី​រាជ​រដ្ឋា​​ភិ​បាល បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​កម្ពុជា នឹង​រួមចំណែក​ជំរុញ​សម្ទុះ​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​កម្ពុជា​ដ៏​រស់​រវើក​ទៅ​ថ្ងៃ​អនាគត​៕