ភ្នំពេញៈ ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើស្ថាប័នមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ឱ្យពិនិត្យលទ្ធភាព និងឱកាសវិនិយោគ តាមរយៈការផ្តល់កម្ចីមានអត្រាការប្រាក់ទាបដែលជួយសម្រួលដល់ការវិនិយោគក្នុងខ្សែច្រវាក់ផលិតកម្ម ខណៈសមាគមមីក្រូហិរញ្ញវត្ថុ អះអាងថា នឹងជំរុញការគាំទ្របន្ថែមទៀតលើឥណទានកសិកម្ម។
សំណើនេះត្រូវបាន លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកឡើងក្នុងពេលជួបពិភាក្សាជាមួយថ្នាក់ដឹកនាំនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា កាលពីថ្ងៃទី ២០ ខែតុលា។ នៅក្នុងឱកាសនោះភាគីទាំង ២ បានលើកឡើងពីសារៈសំខាន់របស់ស្ថាប័នមីក្រូហិរញ្ញវត្ថុ ក្នុងការចូលរួមជួយដល់ប្រជាកសិករ និងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឱ្យមានភាពរីកចម្រើន ដើម្បីរួមចំណែកលើកស្ទួយសេដ្ឋកិច្ចជាតិ។
យោងតាមហ្វេសប៊ុកក្រសួងកសិកម្ម លោក ឌិត ទីណា បានលើកឡើងថា ក្នុងអាណត្តិទី៧ នេះ ក្រសួងមានគោលនយោបាយសហគមន៍កសិកម្មថ្មីដែលរួមមានធនធាន និងទុនគ្រប់គ្រាន់ មានផែនការ ការគ្រប់គ្រង និងទីផ្សារជាក់លាក់ ជាដើម។
លោកលើកឡើងថា៖ «ស្ថាប័នមីក្រូហិរញ្ញវត្ថុ អាចពិនិត្យលទ្ធភាព និងឱកាសវិនិយោគតាមរយៈការផ្តល់នូវកម្ចីដែលមានអត្រាការប្រាក់ទាប ដែលជួយសម្រួលដល់ការវិនិយោគក្នុងខ្សែច្រវាក់ផលិតកម្ម និងផ្តល់ផលចំណេញទាំងស្ថាប័ន និងកសិករ»។
ក្នុងឱកាសនោះ ភាគីទាំង ២ ក៏បានលើកឡើងអំពីប្តេជ្ញាចិត្តបន្តកិច្ចសហការបន្ថែមទៀតដើម្បីជួយដល់កសិករ និងពិនិត្យលទ្ធភាពក្នុងការចែករំលែកនូវទិន្នន័យកសិកម្ម ទីផ្សារ និងព័ត៌មានពាក់ព័ន្ធការងារកសិកម្ម ជំរុញការងារធានារ៉ាប់រងកសិកម្ម និងការផ្សព្វផ្សាយព័ត៌មានដល់ប្រជាកសិករ។
អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុ កម្ពុជា លោក កាំង តុងងី កាលពីថ្ងៃទី ២៤ ខែតុលា និយាយថា កសិកម្មគឺជាវិស័យស្នូល ដែលស្ថាប័នមីក្រូហិរញ្ញវត្ថុមានអាទិភាពតាំងពីដើម ដោយកម្ចីក្នុងវិស័យនេះមានប្រមាណ ១៨ ភាគរយនៃឥណទានសរុប គឺស្ថិតក្នុងលំដាប់ទី ៣ ខណៈទី២ ជាឥណទានអាជីវកម្មលក់រាយ និងទី១ ឥណទានគ្រួសារ។
លោកបន្ថែមថា ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម គឺសមាគមមានគោលបំណងជម្រាបជូនពីរបាយការណ៍វឌ្ឍនភាពនានាចំពោះការគាំទ្ររបស់ស្ថាប័នមីក្រូហិរញ្ញវត្ថុ លើវិស័យកសិកម្មកន្លងមក និងស្នើសុំការគាំទ្របន្ថែមពីក្រសួង លើការងារមួយចំនួន ដើម្បីចូលរួមការអភិវឌ្ឍវិស័យកសិកម្ម។
លោកបញ្ជាក់ថា៖«យើងនៅតែជំរុញសម្រាប់ការផ្តល់ឥណទានក្នុងវិស័យកសិកម្ម ដោយសារតែយើងមើលឃើញថា ជាវិស័យយុទ្ធសាស្ត្រ និងជាអាទិភាពមួយសម្រាប់កម្ពុជា ព្រោះវាមិនត្រឹមតែជួយពង្រឹងសេដ្ឋកិច្ចក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែក៏ដើរតួនាទីបង្កើនចំណូលដល់ពលរដ្ឋ កាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋនៅតាមជនបទផងដែរ»។
បែបនេះក្តី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុដដែលអះអាងថា ក្នុងបរិបទធម្មតាការផ្តល់ឥណទាននៅក្នុងវិស័យកសិកម្មមានហានិភ័យខ្ពស់ជាងវិស័យដទៃទៀត បើសិនពលរដ្ឋយកឥណទានទាំងនេះទៅប្រើប្រាស់មិនចំគោលដៅ។ ហេតុនេះហើយទើបបានជាស្ថាប័នមីក្រូហិរញ្ញវត្ថុតែងតែមានការសិក្សាឱ្យបានល្អិតល្អន់និងពិនិត្យលទ្ធភាពជាមុន មុននឹងផ្តល់កម្ចី គឺមិនមែនជាការរឹតបន្តឹងចំពោះកម្ចីនោះទេ។
របាយការណ៍ធនាគារជាតិនៃកម្ពុជា ឱ្យដឹងថា គិតត្រឹមឆមាសទី១ ឆ្នាំ ២០២៣ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបានផ្តល់កម្ចីដល់អតិថិជន មានទំហំទឹកប្រាក់ ៩,៧ ពាន់លានដុល្លារ កើន ១៤,៨ ភាគរយ ដែលទាបជាងអត្រាកំណើនក្នុងរយៈពេលដូចគ្នាឆ្នាំ ២០២២ ដែលមាន ១៦,២ ភាគរយ។ វិស័យដែលមានកំណើនខ្ពស់ជាងគេ គឺកម្មន្តសាល កើន ៣០,៨ ភាគរយ, អង្គភាពគ្រួសារ ១៨,៤ ភាគរយ, ពាណិជ្ជកម្ម និងជំនួញ ១៥ ភាគរយ, សំណង់ ១៤ ភាគរយ និងកសិកម្ម ១៣,២ ភាគរយ៕