ភ្នំពេញៈ អ្នកជំនាញនៅក្នុងវិស័យទេសចរណ៍មានសុទិដ្ឋិនិយមថា ចំនួនភ្ញៀវទេសចរចិនមកកម្ពុជានឹងកើនឡើងសន្សឹមៗ ជាពិសេសចាប់ពីឆ្នាំ ២០២៤ ទៅ ខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីសប្តាហ៍មុន ក្នុងដំណើរទស្សនកិច្ចទៅចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣ នៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន ក៏បានជួបពិភាក្សាជាមួយផ្នែកឯកជនចិនជាច្រើន ដើម្បីជំរុញការវិនិយោគ រួមទាំងវិស័យទេសចរណ៍។
ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា និងជាប្រធានក្រុមហ៊ុនទេសចរណ៍ វើលដ៍ អិចប្រេស លោក ហូ វណ្ឌី បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ២៤ ខែតុលាថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីទៅប្រទេសចិនកាលពីសប្តាហ៍មុន គឺពិតជាផ្តល់ក្តីសង្ឃឹមថ្មីបន្ថែមសម្រាប់វិស័យទេសចរណ៍កម្ពុជាក្នុងការទទួលបានភ្ញៀវទេសចរចិនដែលមុនពេលមានវត្តមានជំងឺកូវីដ ១៩ គឺមានចំនួនច្រើនជាងគេ។
ក្នុងនាមជាប្រទេសមានប្រជាជនច្រើន និងមានអ្នកធ្វើដំណើរកម្សាន្តក្រៅប្រទេសច្រើន គឺកម្ពុជាពិតជាចង់ទទួលបានភ្ញៀវទេសចរចិនឱ្យច្រើន។ លោកបន្តថា ចាប់តាំងពីរដ្ឋាភិបាលចិនបើកទូលាយឱ្យជនជាតិខ្លួនធ្វើដំណើរចេញក្រៅប្រទេសដោយសេរី គឺកម្ពុជានៅមិនទាន់បានភ្ញៀវទេសចរចិនច្រើនទេ ដោយជនជាតិចិនធ្វើដំណើរមកកម្ពុជាពេលនេះ ភាគច្រើនជាអ្នកជំនួញ និងអ្នកបច្ចេកទេស។
លោកថ្លែងថា៖ «ខ្ញុំមានសុទិដ្ឋិនិយមថា បន្តិចម្តងៗពិសេសចាប់ពីឆ្នាំ ២០២៤ ទៅកម្ពុជានឹងអាចស្រូបទាញភ្ញៀវទេសចរចិនឱ្យមកកម្សាន្តកាន់តែច្រើន ប្រសិនបើស្ថានភាពនៃជម្លោះនយោបាយ និងសង្គ្រាមនៅប្រទេសមួយចំនួនកាន់តែធូរស្រាល ពិសេសមិនមានការរីករាលបន្ថែមសង្គ្រាមនៅតាមបណ្តាប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា»។
ទាក់ទងនឹងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ពិសេសព្រលានយន្តហោះសៀមរាបអង្គរ ដែលទើបបើកដំណើរការសាកល្បងកាលពីពេលថ្មីៗនេះ លោក វណ្ឌី អះអាងថា ព្រលានយន្តហោះនេះនឹងក្លាយជាចំណែកមួយក្នុងការជួយស្រូបទាញភ្ញៀវទេសចរបរទេស ជាពិសេសជនជាតិចិនឱ្យធ្វើដំណើរមកកម្ពុជាកាន់តែច្រើន។
លោកបញ្ជាក់ថា៖ «ជាមួយនឹងសមត្ថភាពទទួលបានជើងហោះហើរកាន់តែច្រើន និងធំជាងមុន គឺប្រាកដណាស់នឹងមានជើងហោះហើរកាន់តែច្រើនរវាងទីក្រុងធំៗនៅប្រទេសចិនតភ្ជាប់មកកម្ពុជា»។
លោក ខៀវ ធី ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរអង្គរ (ខេត្តសៀមរាប) ថ្មីៗនេះបាននិយាយថា បើទោះបីចំនួនភ្ញៀវទេសចរចិនមកកម្ពុជានៅពេលនេះមានចំនួនតិចតួចធៀបមុនឆ្នាំ ២០២០ ប៉ុន្តែវាបានកើនឡើងវិញបណ្តើរៗហើយ ខណៈមគ្គុទេ្ទសក៍ទេសចរណ៍មួយចំនួនដែលងាកទៅចាប់មុខរបរផ្សេងកាលពីអំឡុងឆ្នាំ ២០២០-២០២២ ក៏បានចូលមកក្នុងវិស័យទេសចរណ៍វិញខ្លះហើយដែរ។
លោកបន្ថែមថា ការបង្កើតទំនាក់ទំនងរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាលគឺមានភាពចាំបាច់ និងឥទ្ធិពលសម្រាប់វិស័យទេសចរណ៍ ខណៈផ្នែកឯកជននៅកម្ពុជាគឺបានត្រៀមខ្លួនរួចហើយសម្រាប់ការចាប់យកឱកាសទទួលភ្ញៀវទេសចរពីគ្រប់ជាតិសាសន៍។
លោកបន្ថែមថា វិស័យទេសចរណ៍គឺជាចំណែកដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ចជាតិក៏ដូចជាការបង្កើតការងារ និងប្រាក់ចំណូលសម្រាប់បុគ្គល និងគ្រួសារផងដែរ។
លោកថ្លែងថា៖ «ក្នុងនាមជាមគ្គុទេ្ទសក៍ទេសចរណ៍ យើងពិតជាចង់ឱ្យពួកគេត្រឡប់មកកម្សាន្តនៅកម្ពុជាឱ្យបានច្រើនដូចមុនពេលមានវិបត្តិកូវីដ ១៩»។
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា កាលពីថ្ងៃទី ២៤ ខែតុលា បានប្រាប់សារព័ត៌មានក្នុងស្រុក Fresh News ថា ក្រោយពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បើកទទួលជើងហោះហើរ (បណ្តោះអាសន្ន) ចំនួនអ្នកដំណើរតាមយន្តហោះបានកើនឡើងគួរឱ្យកត់សម្គាល់ ដល់ ២ ៦០០ នាក់ ក្នុង ១ ថ្ងៃ ខណៈកន្លងមក ១៧ ជើងដូចគ្នាទទួលបានអ្នកដំណើរប្រមាណជាង ១ ពាន់នាក់ប៉ុណ្ណោះ។ លោកបន្តថា ចំនួនភ្ញៀវកើនឡើងនេះអាចមកពីចាប់ពីខែតុលានេះតទៅ គឺជារដូវភ្ញៀវច្រើន ដោយចំនួនអ្នកដែលធ្វើដំណើរមានប្រមាណ ៨០ ភាគរយនៃចំនួនកៅអីនៃយន្តហោះនីមួយៗ។
គេហទំព័រ https://www.worldtravelawards.com/winners/2023/asia ថ្មីៗនេះឱ្យដឹងថា ប្រទេសកម្ពុជា បានទទួលបានជយលាភី ចំនួន ២ ក្នុងក្របខ័ណ្ឌនៃ«ពានរង្វាន់នៃការធ្វើដំណើរពិភពលោក» សម្រាប់ឆ្នាំ ២០២៣ (World Travel Awards 2023) ដែលរួមមាន ទី១. កម្ពុជា ជាគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេនៅតំបន់អាស៊ី(Asia''s Leading Cultural Destination) និងទី ២ កម្ពុជា ជាគោលដៅទេសចរណ៍យុវជនឈានមុខគេនៅតំបន់អាស៊ី (Asia''s Leading Youth Travel Destination)។
ក្រសួងទេសចរណ៍ឱ្យដឹងថា ចាប់ពីខែមករា-ខែសីហា ឆ្នាំ ២០២៣ កម្ពុជាទទួលបានភ្ញៀវបរទេសសរុប ៣,៥ លាននាក់ កើនឡើង ២៥០,៨ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២ ដែលមាន ៩៩៨ ២៧២ នាក់។ យ៉ាងណាចំនួននេះបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៩ (កំណត់ត្រាភ្ញៀវបរទេសច្រើនបំផុត) គឺនៅទាបជាង ១៩,៧ ភាគរយ។ ក្នុងចំណោមភ្ញៀវបរទេសទាំងនោះគឺមកពីប្រទេសថៃ ច្រើនជាងគេ គឺ ១ ១៨៦ ៩៩៩នាក់, វៀតណាម ៦៤១ ៧៥៨នាក់, ចិន ៣៦៤ ៨៤៤ នាក់, ឡាវ ២១២ ៩៨៤ នាក់ និងប្រទេសមួយចំនួនទៀតដូចជា អាមេរិក, កូរ៉េ និងឥណ្ឌូនេស៊ី ជាដើម៕