ភ្នំពេញៈ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានបង្ហាញការអបអរសាទរ និងរីករាយចំពោះវឌ្ឍនភាពរបស់ក្រុមហ៊ុនមីនីបៀ (Minebea) ដែលមកបណ្តាក់ទុននៅកម្ពុជា និងមានការរីកចម្រើនពី ១ អាណត្តិទៅ ១ អាណត្តិ ខណៈក្រុមហ៊ុនជប៉ុនដ៏ធំមួយនេះសន្យាកៀរគរក្រុមហ៊ុនធំៗជប៉ុនឱ្យមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន។
លោក ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងដូច្នេះអំឡុងពេលអនុញ្ញាតឱ្យអគ្គនាយកក្រុមហ៊ុន Minebea លោក Yoshihisa Kainuma ចូលជួបសម្តែងការគួរសម នៅវិមាន ៧ មករា កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៣។
ហ្វេសប៊ុកផ្លូវការរបស់លោក ហ៊ុន សែន បានលើកឡើងថា៖ «[សម្តេចតេជោ] បានសម្តែងនូវការរីករាយចំពោះវឌ្ឍនភាពរបស់ក្រុមហ៊ុន Minebea ដែលបានបណ្តាក់ទុនវិនិយោគនៅកម្ពុជាមានការរីកចម្រើនពី ១ អាណត្តិទៅ ១ អាណត្តិពិសេសការបង្កើនភាពជាដៃគូវិនិយោគប្រកបដោយទំនុកចិត្តនៅក្នុងប្រទេសកម្ពុជា»។
បើតាមប្រភពដដែល លោក Yoshihisa Kainuma អគ្គនាយកក្រុមហ៊ុន Minebea ក៏បានកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់លោក ហ៊ុន សែន ដែលក្នុងនោះ លោក ហ៊ុន សែន គឺជាឆ្មបបង្កើតក្រុមហ៊ុន Minebea នៅកម្ពុជា ដោយរហូតមកដល់ពេលនេះមានរយៈពេល ១២ ឆ្នាំមកហើយ។
ក្នុងរយៈពេល ១២ ឆ្នាំកន្លងមក ក្រុមហ៊ុនបានផលិតផលិតផលថ្មីៗជាច្រើនដើម្បីបម្រើឱ្យសក្តានុពលវិនិយោគនៅកម្ពុជា ក្នុងនោះអេឡិចត្រូនិក គឺជាផលិតផលថ្មីរបស់ក្រុមហ៊ុនដែលត្រូវបានផលិតជាលើកដំបូងនៅកម្ពុជា ដើម្បីធ្វើការនាំចេញទៅទីផ្សារអន្តជាតិ។
លោក Yoshihisa បញ្ជាក់ថា៖ «ក្រុមហ៊ុនក៏មានលទ្ធភាពបង្កើតគម្រោងថ្មីសម្រាប់ការវិនិយោគនៅកម្ពុជាដែរ ក្នុងនោះរួមមានការវិនិយោគលើថាមពលកកើតឡើងថ្មី ដែលមិនធ្វើឱ្យប៉ះពាល់ដល់បម្រែបម្រួលអាកាសធាតុឡើយ»។
លោកបន្តថា៖ «ក្នុងអាណត្តិទី៧ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត ក្រុមហ៊ុននឹងកៀរគរបណ្តាក្រុមហ៊ុនធំៗរបស់ជប៉ុនឱ្យមកបណ្តាក់ទុននៅកម្ពុជាឱ្យកាន់តែមានសម្ទុះកើនឡើង ពិសេសការប្រមូលផ្តុំប្រភពទុនលើការវិនិយោគអំពូលភ្លើងឆ្លាតបំភ្លឺនៅតាមទីសាធារណៈ ដើម្បីធ្វើការនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងអន្តរជាតិ»។
Minebea គឺជាក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុន ដែលបានមកវិនិយោគនៅប្រទេសកម្ពុជាក្នុងឆ្នាំ ២០១១ ដោយផលិតម៉ូទ័រសម្រាប់នាំចេញទៅលក់នៅក្រៅប្រទេស។ បច្ចុប្បន្នក្រុមហ៊ុនមានផលិតអំពូល LED និងសម្ភារក្មេងលេងកម្សាន្ត និងបានផ្តល់ការងារជូនពលរដ្ឋខ្មែររាប់ពាន់នាក់។
ដោយឡែកនៅក្នុងថ្ងៃដដែលនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានអនុញ្ញាតឱ្យលោក Yoshihisa Kainuma ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាពផងដែរ។
លោក ហ៊ុន ម៉ាណែត បានថ្លែងថា ការសម្រេចចិត្តពង្រីកការវិនិយោគរបស់ក្រុមហ៊ុនពិតជាស្តែងឱ្យឃើញនូវទំនុកចិត្តចំពោះស្ថិរភាពនៅកម្ពុជា។
លោក ហ៊ុន ម៉ាណែត បានថ្លែងថា៖«ខ្ញុំសូមអបអរសាទរចំពោះជោគជ័យនៃការវិនិយោគរបស់ក្រុមហ៊ុន Minebea នៅកម្ពុជាដោយចាប់ផ្តើមពីដើមទុនប្រមាណ ២៣ លានដុល្លាររហូតកើនដល់ ៦០០ លានដុល្លារ។ ការសម្រេចចិត្តពង្រីកការវិនិយោគនេះពិតជាស្តែងឱ្យឃើញនូវទំនុកចិត្តរបស់ក្រុមហ៊ុនចំពោះស្ថិរភាពរបស់កម្ពុជា»៕