ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍លោក ជា វ៉ាន់ដេត បានស្នើដល់ក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន(EU-ASEAN Business Council) ឱ្យជួយជំរុញនិងពង្រឹងការវិនិយោគលើវិស័យប្រៃសណីយ៍និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា ឱ្យកាន់តែរីកចម្រើនដើម្បីរួមចំណែកអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថល។
ការស្នើរបស់លោករដ្ឋមន្ត្រីនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោក JENS Ruebbert ប្រធានក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន និងគណៈប្រតិភូនៅទីស្តីការក្រសួងកាលថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៣។ជំនួបពិភាក្សានេះមានគោលបំណងដើម្បីពង្រីកកិច្ចសហការធុរកិច្ចរបស់សភាពអឺរ៉ុបជាមួយវិស័យឯកជននិងសាធារណៈនៅកម្ពុជាក្នុងការជួយគាំទ្រដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅកម្ពុជា។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងប្រៃសណីយ៍។
ក្រសួងបានឱ្យដឹងថា នាឱកាសនោះលោក ជា វ៉ាន់ដេត បានជម្រាបដល់ក្រុមប្រឹក្សាធុរកិច្ចសភាពអឺរ៉ុប-អាស៊ាន ពីវឌ្ឍនភាពការងាររបស់ក្រសួងក្នុងការរៀបចំគោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិជាដើម ដោយចាត់ទុកថាជាយុទ្ធសាស្ត្រក្នុងការជំរុញវិស័យប្រៃសណីយ៍ ជាពិសេសបានផ្តោតសំខាន់លើការអភិវឌ្ឍធនធានមនុស្សតាមរយៈកម្មវិធីអាហារូបករណ៍ និងកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថលជាដើម។
លោកបញ្ជាក់ថា៖ «ការជំរុញ ការចាប់យកឌីជីថល ការបង្កើតកម្មវិធីប្រកួតប្រជែង ការរៀបចំកសាងមជ្ឈមណ្ឌលទិន្នន័យជាតិ ការបង្កើតថ្នាលឌីជីថល ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថល ការពង្រឹងគុណភាពសេវាទូរគមនាគមន៍កាន់តែប្រសើរឡើង ព្រមទាំងការរៀបចំផែនទីបង្ហាញផ្លូវលើបច្ចេកវិទ្យា 5G ដែលស្របតាមដំណាក់កាលអភិវឌ្ឍន៍នៃវិស័យទូរគមនាគមន៍»។
បន្ថែមពីនេះ លោករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់គណៈប្រតិភូ EU-ABC និង Eurocham ប្រចាំនៅកម្ពុជាឱ្យជួយជំរុញនិងពង្រឹងការវិនិយោគបន្ថែមលើផ្នែកប្រៃសណីយ៍និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជាផងដែរ។
នៅក្នុងឱកាសនោះ លោក JENS Ruebbert បានថ្លែងអំណរគុណចំពោះក្រសួងដែលបានអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូជាតំណាងក្រុមហ៊ុនធំៗក្នុងវិស័យប្រៃសណីយ៍ទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលចូលជួបពិភាក្សាការងារ ហើយលោកសង្ឃឹមថា ស្ថាប័នទាំង ២ នេះ នឹងមានកិច្ចសហការបន្តជាមួយគ្នានាពេលមុខបន្ថែមទៀត។
ជុំវិញរឿងនេះ លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងថា ការវិនិយោគនិងពង្រឹងបន្ថែមលើវិស័យប្រៃសណីយ៍និងបច្ចេកវិទ្យាឌីជីថល គឺជារឿងសំខាន់ណាស់ ខណៈកម្ពុជានិងពិភពលោកឈានមកដល់បដិវត្តន៍ឧស្សាហកម្ម ៤.០ ដែលផ្តោតខ្លាំងលើព័ត៌មានវិទ្យា បច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
លោកថ្លែងថា៖ «ការអភិវឌ្ឍ ការធ្វើទំនើបកម្ម ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលលើវិស័យប្រៃសណីយ៍ គឺទាមទារឱ្យក្រសួងប្រៃសណីយ៍ខ្លួនឯងដើរតួនាទីឈានមុខគេ ព្រោះថា បច្ចុប្បន្នបដិវត្តន៍ឧស្សាហកម្មកំពុងឆ្ពោះទៅកាន់បដិវត្តន៍ឌីជីថលអស់ហើយ។ ដូច្នេះប្រសិនបើគ្មានបច្ចេកវិទ្យាទំនើបឌីជីថល...ទេ យើងនឹងខាតបង់ច្រើនក្នុងវិស័យសេដ្ឋកិច្ចរបស់យើងនៅលើទីផ្សារក្នុងតំបន់និងសកលលោកផងដែរ»។
ជាមួយគ្នានេះ លោក លឹម ហេង ក៏បានស្នើក្រសួងធ្វើយ៉ាងណាធានាបានតម្លាភាព ប្រសិទ្ធភាព យុត្តិធម៌ ក្នុងការប្រកួតប្រជែងលើការផ្តល់សេវាទូរគមនាគមន៍ឱ្យបានពេញលេញនៅទូទាំងប្រទេស ដើម្បីទាញកំណើនវិនិយោគបន្ថែម។
ក្នុងជំនួបខាងលើនោះដែរ តំណាងក្រុមហ៊ុន Zuellig Pharma, ក្រុមហ៊ុន DHL និងតំណាងរបស់ Eurocham ប្រចាំនៅកម្ពុជាដែលជាសមាជិករបស់ប្រឹក្សាធុរកិច្ចសភាពអឺរ៉ុប-អាស៊ាន ក៏បានសាកសួរអំពីសកម្មភាពជាយុទ្ធសាស្ត្ររបស់ក្រសួងប្រៃសណីយ៍ក្នុងការគាំទ្រវិស័យឯកជនពាក់ព័ន្ធនឹងឌីជីថលូបនីយកម្មវិស័យសុខាភិបាល ការគាំទ្រដល់បរិវត្តកម្មឌីជីថលរបស់ SMEs ក្នុងស្រុក ក៏ដូចជាទិសដៅការងាររបស់ក្រសួងពាក់ព័ន្ធនឹងការប្រើប្រាស់ 5G។
ក្រសួងប្រៃសណីយ៍បានឱ្យដឹងថា ដើម្បីឆ្លើយតបទៅនឹងការធ្វើទំនើបកម្ម និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលលើវិស័យប្រៃសណីយ៍ សម្រាប់អាណត្តិទី៧ នេះ ក្រសួងប្រៃសណីយ៍នឹងផ្តោតការអនុវត្តទៅតាមអនុសាសន៍ជាគន្លឹះសំខាន់ៗរបស់រាជរដ្ឋាភិបាលចំនួន ៣ រួមមាន រដ្ឋាភិបាលឌីជីថល, សេដ្ឋកិច្ច និងធុរកិច្ចឌីជីថល និងប្រជាជនឌីជីថល ដើម្បីរួមចំណែកទ្រទ្រង់ការអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងគាំទ្រដល់ពិពិធកម្មសេដ្ឋកិច្ចកម្ពុជា៕