ភ្នំពេញៈ លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ណែ​នាំឱ្យ​ភាគី​ក្រុមប្រឹក្សា​ធុរកិច្ច​សហភាព​អឺរ៉ុប​អាស៊ាន ​(EU-ABC)​ និង ​EuroCham កម្ពុជា សហការ​ជាមួយ​អង្គភាព​ជំនាញ​របស់​ក្រសួង​ដើម្បី​សិក្សា​និង​ស្វែងយល់​បន្ថែម​ក្នុងកា​រវិ​និ​​យោគ ការនាំចេញ​កសិផល​ក​ម្ពុ​ជា​ទៅ​សហគមន៍​អឺរ៉ុប​។​

​ក្នុងជំនួប​ជាមួយ​ប្រតិភូ EU-ABC និង EuroCham ​កម្ពុជា នៅ​ទីស្តីការក្រសួង ​កាលពី​ថ្ងៃ​ទី​ ២៤ ខែតុលា ឆ្នាំ ​២០២៣ លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បាន​ស្វាគមន៍​គណៈប្រតិភូ​សម្រាប់​កិច្ចសហប្រតិបត្តិការ​និង​ស្វែង​​រក​ឱកាស​វិនិយោគ​វិស័យ​ក​សិ​កម្ម​នៅ​កម្ពុជា និង​បាន​លើក​ឡើង​អំពី​គោលនយោបាយ​ស្នូល​របស់​កម្ពុជា ដែល​ផ្ដោតលើ​ការអភិវឌ្ឍ​និង​និរន្តរភាព​សន្តិសុខ និង​សុវត្ថិភាព​ស្បៀង​។​

​គេហទំព័រ​ក្រសួង​បញ្ជាក់ថា​៖ «​ភាគី​ទាំង​ ២​ បានលើកឡើង​អំពី​ការបន្ត​កិច្ចសហការ​បន្ថែមទៀត ដោយ​ក្នុងនោះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ណែនាំ​ឱ្យ​ភាគី​ដៃគូ សហការ​ជាមួយ​អគ្គនាយកដ្ឋាន​ជំនាញ​សិក្សា និង​ស្វែងយល់ បន្ថែម​ក្នុងការ​វិនិយោគ​នាំចេញ​កសិផល​កម្ពុជា​ទៅ​សហគមន៍​អឺរ៉ុប ពិសេស​អង្ករ​និង​ស្វាយចន្ទី ព្រមទាំង​ផលិតផល​កសិកម្ម​មាន​សក្តានុពល​ផ្សេងៗ​ទៀត​»​។​

​លោក​ ឌិ​ត ទីណា បាន​បញ្ជាក់ថា កម្ពុ​ជាមាន​សក្តានុពល​ក្នុង​ច្រវាក់​ផលិតកម្ម​ (Up Stream)​ និង​មាន​សន្តិសុខ​ស្បៀង ព្រម​ទាំង​មាន​អតិរេក​ស្រូវ​ប្រមាណ ​៦,៥​ លាន​តោន ​ក្នុង ​១ ​ឆ្នាំ ដែលជា​ឱកាស​សម្រាប់​អ្នកវិនិយោគ​លើ​ការកែច្នៃ​នាំចេញ ​(Down Stream)​ ប្រកបដោយ​គុណ​ភាព និង​មានតម្លៃ​បន្ថែម​ខ្ពស់​សម្រាប់​នាំចេញ​។​

​នៅក្នុង​វិស័យ​កសិកម្ម លោក​រដ្ឋមន្ដ្រី​បាន​បន្ថែមថា កម្ពុជា​ផ្តោត​សំខាន់​ទៅលើ​គុណភាព រស​ជាតិ សុវត្ថិភាព តាមរយៈ​ការ​ផលិត​ផលិតផល​ដែលមាន​តម្លៃបន្ថែម​ខ្ពស់​ជាជាង​ការបង្កើន​បរិមាណ ជាអាទិ៍ ម្រេច​កំពត អង្ករ​ផ្ការំដួល និង​សែន​ក្រអូប ជាដើម​។​

​លោក​រដ្ឋមន្ត្រី​ក៏បាន​លើក​ឡើង​អំពី​សហគមន៍​កសិកម្ម​តាម​គំរូ​ថ្មី​ដែល​នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ក្នុង​កម្រិត​ទ្រង់ទ្រាយ​ធំ ធានា​គុណភាព​តាម​ស្តង់ដា​គោល​នយោបាយ​សម្រាប់​នាំចេញ និង​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​អនុវត្ត​កសិកម្ម​តាម​កិច្ចសន្យា ដែល​នឹង​ផ្តល់​ផលចំណេញ​ដល់​កសិករ និង​អ្នកវិនិយោគ​។​

​ដោយឡែក​ក្នុងជំនួប​ជាមួយ កញ្ញា Moonjung Choi នាយក​ទីភ្នាក់ងារ​សហប្រតិបត្តិ​​ការ​អន្តរជាតិ​កូរ៉េ ​(KOICA)​ នៅ​ថ្ងៃទី ​២៦ ខែតុលា នាទី​ស្តី​​ការ​ក្រសួងកសិកម្ម លោក ឌិ​ត​ ទីណា បាន​ស្វាគមន៍​ចំពោះ​កិច្ច​សហប្រតិបត្តិការ និង​បន្ត​សហ​ការ​ជិតស្និទ្ធ​ជាមួយ KOICA ដើម្បី​ចូលរួម​ជួយ​វិស័យ​ក​សិ​កម្ម​កម្ពុជា​ស្របតាម​គោល​នយោបាយ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៧ ឱ្យមាន​សន្តិសុខ​ស្បៀង និង​ប្រសិទ្ធ​​ភាព​សេដ្ឋកិច្ច​ពិតប្រាកដ ជា​ពិសេស​ចូលរួម​ជំរុញ​សហ​គម​ន៍​កសិកម្ម​តាម​គំរូ​ថ្មី​។​

​លោក​បាន​បញ្ជាក់ថា គោល​នយោបាយ​វិស័យ​កសិកម្ម​ថ្មី​ផ្តោត​អាទិភាព​លើ​ការដាក់​ពង្រាយ​មន្ត្រី​ផ្សព្វផ្សាយ​កសិកម្ម​ឃុំ ដើម្បី​ជួយ​គាំទ្រ​ដល់​កសិករ​ក្នុង​ខ្សែ​ច្រវាក់​ផលិតកម្ម និង​អន្តរាគមន៍​ផ្សេងៗ​បាន​ទាន់ពេលវេលា ជំរុញ​សហ​គម​ន៍​កសិកម្ម​គំរូ​ថ្មី​ដែលមាន​ទុន​និង​ធនធាន​គ្រប់គ្រាន់​ក្នុង​ការធ្វើ​ផលិតកម្ម​កសិកម្ម​ក្នុង​ទ្រង់​ទ្រាយ​ធំ និង​អាចធ្វើ​កិច្ចសន្យា​ជាមួយ​អ្នកវិនិយោគ​បាន​ប្រកប​ដោយ​ទំនុកចិត្ត​។

​លោក​បាន​បន្ថែមថា កម្ពុ​ជាមាន​មន្ទីរពិសោធន៍​ជាតិ​ដែលមាន​សមត្ថភាព​ត្រួតពិនិត្យ​គុណភាព​ផលិតផល​កសិកម្ម ដើម្បី​ធានា​សុវត្ថិភាព​ផលិតផល​សម្រាប់​អ្នកប្រើប្រាស់​ហើយ​ជា​គោលនយោបាយ​គឺត្រូវធ្វើ​យ៉ាងណា​ត្រូវ​កាត់​បន្ថយថ្លៃ​​ដើម​ផលិត​ដើម្បីឱ្យ​កសិករ​ទទួលបាន​ផលចំណេញ​ច្រើន​។ ក្នុងនោះ​មាន​កិច្ចការ​មួយចំនួន​ដែល​ត្រូវការ​សហការ​ចូលរួម​ដោះស្រាយ​ដោយ​យកចិត្ត​ទុកដាក់ ដូចជា ផ្នែក​ថាមពល​និង​ប្រព័ន្ធ​ស្រោចស្រព​តាមរបៀប​ឆ្លាត​វៃ ព្រមទាំង​ការ​គ្រប់​គ្រង​គុណភាព​ដី​កសិកម្ម​។

​គេហទំព័រ​ក្រសួង​បញ្ជាក់ថា លោក​រដ្ឋមន្ត្រីបាន​ណែនាំ​ឱ្យ​ភាគី​កូរ៉េ ពិនិត្យ​លទ្ធភាព​សហ​ការ​ជាមួយ​សាកលវិទ្យាល័យ​កសិកម្ម​លើ​ការសិក្សា​ស្រាវជ្រាវ​បន្ត​នូវ​កសិកម្ម​ឆ្លាត​វៃ​ទំនើប​។ ​ភាគី​ទាំង​ ២ ​បានលើកឡើង​អំពី​ការបន្ត​កិច្ចសហការ​បន្ថែមទៀត ដោយ​ធ្វើការ​ពិនិត្យ​តាមដាន​ជាមួយគ្នា​ក្នុងការ​អនុវត្ត​គម្រោង​ឱ្យមាន​ប្រសិទ្ធភាព និង​មាន​និរន្តរភាព​ពិតប្រាកដ ដែល​នឹង​ជួយ​និង​ផ្តល់​ប្រយោជន៍​ដល់​កសិករ​៕