ភ្នំពេញៈ ចរាចរណ៍នៃការនាំចេញ-នាំចូលទំនិញរវាងកម្ពុជា និងកាណាដា នៅក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២៣ មានទឹកប្រាក់សរុបជិត ៧០០ លានដុល្លារ ធ្លាក់ចុះជាង ២២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ ខណៈរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក សុខ ចិន្តាសោភា អះអាងថា កម្ពុជាត្រៀមខ្លួនរួចរាល់នៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយកាណាដា ដើម្បីផលប្រយោជន៍រួមក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។
តារាងស្ថិតិពាណិជ្ជកម្មអន្តរជាតិរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ឱ្យដឹងថា ចន្លោះពីខែមករា-ខែកញ្ញា ឆ្នាំ ២០២៣ ទំហំពាណិជ្ជកម្មរួមនៃប្រទេសទាំង ២ មានសរុប ៦៩៨,៨៧ លានដុល្លារ ធ្លាក់ចុះ ២២,៤ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២ ដែលមាន ៩០០,៩១ លានដុល្លារ។ ក្នុងនោះទំនិញកម្ពុជានាំទៅប្រទេសកាណាដា ៦៤៨,៧៧ លានដុល្លារ (៩២,៨៣ ភាគរយនៃទំហំពាណិជ្ជកម្មសរុប) ធ្លាក់ចុះ ២៥,៨ ភាគរយ ចំណែកទំនិញកាណាដានាំមកកម្ពុជា ៥០,១ លានដុល្លារ កើន ៩២,៤ ភាគរយ។ តាមរយៈទិន្នន័យនេះ គឺជញ្ជីងពាណិជ្ជកម្មកម្ពុជា មានឧត្តមភាព ៥៩៨,៦៦ លានដុល្លារ។
ផ្អែកតាមទិន្នន័យខាងលើ គឺទំហំទឹកប្រាក់នៃការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-កាណាដា រយៈពេល ៩ ខែ ឆ្នាំ ២០២៣ គឺស្មើនឹង ១,៩៩ ភាគរយ នៃទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជាដែលមានចំនួន ៣៥,១៦ ពាន់លានដុល្លារ។ កាណាដា គឺជាដៃគូពាណិជ្ជកម្មធំទី ៩ របស់កម្ពុជា បន្ទាប់ពីប្រទេសចិន អាមេរិក វៀតណាម ថៃ ជប៉ុន ឥណ្ឌូនេស៊ី អាល្លឺម៉ង់ និងសិង្ហបុរី។ នេះបើតាម GDCE។
ក្នុងជំនួបជាមួយលោកស្រី Ping M. Kitnikone ដែលទើបត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រទេសកាណាដា ប្រចាំកម្ពុជា កាលពីថ្ងៃទី ២៥ ខែតុលា នៅទីស្តីការក្រសួង លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា កម្ពុជាត្រៀមខ្លួនរួចរាល់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយកាណាដា ដើម្បីផលប្រយោជន៍រួមនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។
លោកបន្ថែមថា ជាមួយគ្នានេះ កម្ពុជាក៏ស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមហ៊ុនកាណាដា និងសូមលើកទឹកចិត្តឱ្យវិនិយោគិនកាណាដាបង្កើនការវិនិយោគនៅកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៦ ខែតុលាថា ការធ្លាក់ចុះទំហំពាណិជ្ជកម្មរវាងកម្ពុជា-កាណាដា ជាពិសេសការនាំចេញរបស់កម្ពុជា គឺដោយសារតែកំណើនសេដ្ឋកិច្ចសកលមានភាពមិនច្បាស់លាស់ ដែលជំរុញឱ្យក្រុមហ៊ុនបញ្ជាទិញជាច្រើនកាត់បន្ថយការបញ្ជាទិញ។ ស្ថានភាពនេះបានកើតឡើងតាំងពីដើមឆមាសទី ២ ឆ្នាំ ២០២២។ លោកបន្តថា ទោះការនាំចេញរបស់កម្ពុជាធ្លាក់ចុះ ប៉ុន្តែសម្រាប់សមត្ថភាពផលិត គឺនៅតែរក្សាបាននូវភាពខ្លាំងដដែល។
លោកបញ្ជាក់ថា៖ «ការធ្លាក់ចុះទំហំពាណិជ្ជកម្មកម្ពុជា-កាណាដា ក្នុងអំឡុងនេះគឺដោយសារវិបត្តិសេដ្ឋកិច្ចសកល។ ដូច្នេះនៅពេលកំណើនសេដ្ឋកិច្ចសកលល្អឡើងវិញ ការនាំចេញរបស់កម្ពុជានឹងហក់ឡើងវិញជាមិនខាន»។
បើតាមលោក លឹម ហេង ក្នុងគោលបំណងចាប់យកចំណែកទីផ្សារនៅប្រទេសកាណាដាឱ្យបានកាន់តែច្រើន និងទាក់ទាញវិនិយោគិនកាណាដាឱ្យមកបណ្តាក់ទុនកាន់តែច្រើន កាលពីអំឡុងពាក់កណ្តាលឆ្នាំ ២០២២ សភាពាណិជ្ជកម្ ម(CCC) ក៏បានបើកការិយាល័យតំណាងរបស់ខ្លួននៅក្នុងទីក្រុងតូរ៉ុនតូ (ប្រទេសកាណាដា)។ ការិយាល័យតំណាងមានតួនាទីផ្សព្វផ្សាយពីផលិតផលកម្ពុជា និងផ្តល់ព័ត៌មានដើម្បីទាក់ទាញវិនិយោគិនកាណាដាឱ្យចូលមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន។
ភាគច្រើននៃទំនិញដែលកម្ពុជានាំទៅកាណាដា គឺជាផលិតផលសម្លៀកបំពាក់ ផលិតផលធ្វើដំណើរ ស្បែកជើង កង់ និងគ្រឿងបង្គុំអេឡិចត្រូនិក និងអគ្គិសនី ចំណែកទំនិញកាណាដា នាំមកកម្ពុជារួមមាន គ្រឿងអេឡិចត្រូនិក រថយន្ត ជាដើម។ នេះបើតាមលោក លឹម ហេង។
តារាងស្ថានភាពវិនិយោគផ្ទាប់បរទេសនៅកម្ពុជារបស់ធនាគារជាតិនៃកម្ពុជា (NBC) បានឱ្យដឹងថា គិតត្រឹមចុងឆ្នាំ ២០២១ ប្រទេសកាណាដា ស្ថិតនៅលេខរៀងទី៩ ជាប្រទេសមកវិនិយោគផ្ទាល់នៅកម្ពុជាច្រើនជាងគេ ដោយមានទឹកប្រាក់ ១,១ ពាន់លានដុល្លារ (ស្មើនឹង ២,៨ ភាគរយ) ក្នុងចំណោមទុនវិនិយោគសរុប ៤១ ពាន់លានដុល្លារ ដោយតាមពីក្រោយប្រទេសចិន, កូរ៉េ, សិង្ហបុរី, វៀតណាម, ជប៉ុន, ម៉ាឡេស៊ី, ថៃ, ចក្រភពអង់គ្លេស។
នៅក្នុងឆ្នាំ ២០២២ ការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កាណាដា មានទឹកប្រាក់សរុប ១,១៥ ពាន់លានដុល្លារ កើន ១៦,១ ភាគរយធៀបឆ្នាំ ២០២១។ ក្នុងនោះកម្ពុជានាំទៅកាណាដា ១,១២ ពាន់លានដុល្លារ កើន ១៧,៤ ភាគរយ ចំណែកកាណាដានាំមកវិញ ៣៣,៨៨ លានដុល្លារ ធ្លាក់ ១៥,១ ភាគរយ៕