កម្ពុជា និង​វៀតណាម រៀបចំ​ការតាំងពិព័រណ៍​ផលិតផល​សេដ្ឋកិច្ច និង​ការពារជាតិ (VIDEX 2023)​​ ជាមួយគ្នា​រយៈពេល​ ៥ ពោល​ចាប់ពី​ថ្ងៃទី​ ២៥ ដល់​ថ្ងៃទី​ ២៩ ខែតុលា ឆ្នាំ​ ២០២៣ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ រាជធានី​ភ្នំពេញ ដែល​នេះ​ជា​សកម្មភាព​សេដ្ឋកិច្ច នយោបាយ និង​សង្គម​ដ៏​សំខាន់​។

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​គណៈកម្មាធិការ​រៀបចំ​ការតាំងពិព័រណ៍​ផលិតផល​សេដ្ឋកិច្ច និង​ការពារជាតិ​វៀតណាម​-​កម្ពុជា ឆ្នាំ ២០២៣ បានឱ្យដឹងថា ការតាំងពិព័រណ៍ VIDEX 2023 នេះ​រៀបចំ​ដោយ​ក្រសួងការពារជាតិ ក្រសួងពាណិជ្ជកម្ម​វៀតណាម សហការ​ជាមួយ​ក្រសួងការពារជាតិ និង​ក្រសួងពាណិជ្ជកម្ម​កម្ពុជា ដើម្បី​អបអរ​ខួប​លើក​ទី​៧០​ឆ្នាំ នៃ​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ និង​ថ្ងៃ​បង្កើត​កងយោធពល​ខេមរភូមិន្ទ​កម្ពុជា នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២៣ នាពេល​ខាងមុខនេះ​។​

​នៅក្នុង​ពិព័រណ៍​នេះ ក៏មាន​ការរៀបចំ​សន្និសីទ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម និង​ការផ្គូផ្គង​អាជីវកម្ម​វៀតណាម​-​កម្ពុជា ២០២៣ ផងដែរ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម និង​កា​រត​ភា្ជ​ប់ ពាណិជ្ជកម្ម​រវាង​វៀតណាម និង​កម្ពុជា​ឆ្នាំ​២០២៣ ដែល​ដឹកនាំ​ដោយ​ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​វៀតណាម ប្រចាំ​កម្ពុជា ដោយមាន​ការចូលរួម​ពី​តំណាង​អាជីវកម្ម​ចំនួន​១៥០ មកពី​ប្រទេស​ទាំងពីរ​។

​ក្នុងពេល​ថ្លែង​សុន្ទរកថា​គន្លឹះ ក្នុង​សន្និសីទ​នេះ លោក ងួន ម៉េង​តិច អគ្គនាយក​សភាពាណិជ្ជកម្ម​កម្ពុជា បានឱ្យដឹងថា VIDEX ឆ្នាំ​២០២៣ អាច​ទាក់ទាញ​ការចូលរួម​របស់​អាជីវ​កម្ម​វៀតណាម និង​កម្ពុជា​ជិត​១៥០​អង្គភាព ដែលមាន​ស្តង់​លេចធ្លោ​ជាង​២០០​មុខទំនិញ មាន​គ្រឿង​ម៉ាស៊ីន​បច្ចេកវិទ្យា មនុស្ស​យន្ត យន្តហោះ​គ្មាន​មនុស្ស​បើក គ្រឿង​បរិក្ខារ​ឧស្សាហកម្ម ឧស្សាហកម្ម​គ្រឿងយន្ត​កសិកម្ម ជី ពូជ​រុក្ខជាតិ វាយនភ័ណ្ឌ​កាត់ដេរ ស្បែកជើង គ្រឿង​អេឡិចត្រូនិក គ្រឿង​ប្រើប្រាស់​ក្នុងផ្ទះ សម្ភារ​សំណង់ និង​វត្ថុធាតុដើម​សំណង់ វត្ថុ​ធាតុ ដើម​សិប្បកម្ម ទំនិញប្រើប្រាស់​...​។​ល​។​

​លោក​បាន​បន្ថែមថា សកម្មភាព​នេះ បានរួម​ចំណែក​ដល់​ការឃោសនា លើកកម្ពស់​ការយល់ដឹង និង​បណ្តុះ​ទំនាក់ទំនង​ប្រពៃណី​មិត្តភាព ការជឿជាក់ និង​ការគាំទ្រ​ជំនួយ​គ្នា​ទៅ វិញ​ទៅមក​រវាង​រដ្ឋ ប្រជាជន និង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ ក្នុង​ការតស៊ូ​ទាមទារ​ឯករាជ្យ​ជាតិ និង​ការកសាង​ជាតិ ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការពារជាតិ​រវាង​វៀតណាម និង​កម្ពុជា​កាន់តែ​អភិវឌ្ឍន៍​។

​សូម​ជ​ម្រា​ថា​ការតាំងពិព័រណ៍​ផលិតផល​សេដ្ឋកិច្ច និង​ការពារជាតិ​វៀតណាម​-​កម្ពុជា ឆ្នាំ ២០២៣ មាន​ម៉ាក​យីហោ​ធំៗ​ជាច្រើន​បាន​ចូលរួម​ក្នុង VIDEX ឆ្នាំ​២០២៣ រួម​ដូចជា សម្ព័ន្ធ​ក្រុមហ៊ុន​ទូរ​គម​នា គម​ន៍​យោធា​(Viettel) ធនាគារ​ពាណិជ្ជកម្ម​យោធា (MB) អគ្គ​ក្រុមហ៊ុន​កំពង់ផែ​ថ្មី​សៃ​ហ្គ​ន សម្ព័ន្ធ​ក្រុមហ៊ុន ឌឹ​ក​ហ្សា​ង ក្រុមហ៊ុន​ទឹកដោះគោ​THTrue និង​ក្រុមហ៊ុន​អង្គរ​Milk...​។​ល​។ អាជីវកម្ម​ដែលជា​កម្មសិទ្ធិ​របស់ មជ្ឈមណ្ឌល​ជំរុញ​ពាណិជ្ជកម្ម​ខេត្ត​-​ក្រុង មានដូចជា ក្រុង​ហូជីមិញ ក្រុង​ដុង​ណៃ ក្រុង​ដុង​ថាប ក្រុង​គៀន យ៉ាង ក្រុង​អាន​យ៉ាង ក្រុង​ប៊ិ​ញ​ភឿ​ក និង​ក្រុង​ត្រា​វិញ​...​។​ល​៕​