ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ឆ្នាំ ២០២៤ សេដ្ឋកិច្ចកម្ពុជានឹងបន្តមាននិន្នាការកើនឡើង ដោយរំពឹងថាសម្រេចបានកំណើនក្នុងរង្វង់ ៦,៦ ភាគរយ ដែលធ្វើឱ្យផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ ១៤២ ៩៥៧ ប៊ីលានរៀល សមមូលនឹងប្រមាណ ៣៥ ១៦៨ លានដុល្លារ។
យោងតាមខ្លឹមសារសង្ខេបនៃសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤ ដែលផ្សព្វផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី ២៧ ខែតុលា បានបញ្ជាក់ថា ផ.ស.ស សម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថា នឹងកើនឡើងដល់ ២ ០៧១ ដុល្លារបើធៀបនឹងប្រមាណ ១ ៩១៧ ដុល្លារ ក្នុងឆ្នាំ២០២៣។
ការរំពឹងទុកនូវកំណើន ៦,៦ ភាគរយនេះ ត្រូវបានគាំទ្រដោយវិស័យសេដ្ឋកិច្ចសំខាន់ៗ ដូចជា វិស័យឧស្សាហកម្មត្រូវបានព្យាករថា នឹងបន្តនិន្នាការកើនឡើងក្នុងរង្វង់ ៨,៥ ភាគរយ ក្នុងឆ្នាំ ២០២៤ ពីប្រមាណ ៥ ភាគរយ ក្នុងឆ្នាំ២០២៣ ដោយសារការរំពឹងទុក ការងើបឡើងវិញនៃអនុវិស័យកាត់ដេរ ស្របពេលដែលអនុវិស័យកម្មន្តសាល មិនមែនកាត់ដេរនៅបន្តរក្សាបានកំណើនរឹងមាំ ខណៈដែលអនុវិស័យសំណង់នៅបន្តមានកំណើនទាប។
ចំណែក វិស័យសេវាកម្ម ត្រូវបានព្យាករថា នឹងបន្តនិន្នាការល្អ ក្នុងអត្រាកំណើន ៦,៩ភាគរយ ក្នុងឆ្នាំ២០២៤ ពីមូលដ្ឋានល្អក្នុងរង្វង់ ៨,១ ភាគរយ ក្នុងឆ្នាំ២០២៣ ដោយសារការបន្តងើបឡើងវិញ នៃសកម្មភាពសេដ្ឋកិច្ច ក្នុងស្រុក ជាពិសេសអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន ដែលក៏នឹងមានផលជះជាវិជ្ជមាន ដល់វិស័យ-អនុវិស័យគាំទ្រផ្សេងៗទៀត រួមមាន អនុវិស័យលក់ដុំ-រាយ និងដឹកជញ្ជូន ជាដើម។
ចំណែក វិស័យកសិកម្មរំពឹងថា នឹងបន្តសម្រេចបានកំណើនល្អ ក្នុងរង្វង់ ១,១ ភាគរយ ក្នុងឆ្នាំ២០២៤ ធៀបនឹង ០,៩ ភាគរយ ក្នុងឆ្នាំ២០២៣ ដោយសារការបន្តនិន្នាការល្អនៃអនុវិស័យដំណាំ និងការបន្តងើបឡើងវិញនៃអនុវិស័យ នេសាទ ខណៈដែលអនុវិស័យចិញ្ចឹមសត្វនៅបន្តមានស្ថិរភាព។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៩ ខែតុលា ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្នុងឆ្នាំ២០២៤ ខាងមុខនេះ នឹងបន្តប្រកាន់ខ្ជាប់នូវការអនុវត្តគោលការណ៍ រក្សាសមិទ្ធផលចាស់ បង្កើតសមិទ្ធផលថ្មី សំដៅលើកកម្ពស់ការបន្តអភិវឌ្ឍជាតិប្រកបដោយបរិយាបន្នជាពិសេស ការរក្សាកំណើនសេដ្ឋកិច្ចជាតិ ក្នុងអត្រា៦,៦ភាគរយ ជាមួយនឹងអត្រាអតិផរណា ស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន។
លោកបញ្ជាក់ថា៖«ក្នុងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច នៃសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរំលេចពីទស្សនវិស័យសេដ្ឋកិច្ចសកល សម្រាប់ឆ្នាំ២០២៤ ត្រូវបានរំពឹងថា នឹងសម្រេចបានកំណើនល្អ ជាមួយនឹងការថមថយ អត្រាអតិផរណា ខណៈឆ្នាំ២០២៣ ជាចំណុចរបត់មួយ ដែលកំណើនសេដ្ឋកិច្ចសកលធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងបរិការណ៍ក្រោយវិបត្តិជំងឺកូវីដ១៩»។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈវិញ ថ្លែងថា ការព្យាកររបស់រាជរដ្ឋាភិបាលនេះ គឺផ្អែកទៅលើសូចនាករឆ្លុះបញ្ចាំងទៅលើកំណើនក្នុងវិស័យពាណិជ្ជកម្ម,កសិកម្ម,ឧស្សាហកម្ម (កម្លាំងផលិត), វិស័យទេសចរណ៍ និងការវិនិយោគពីបរទេស រួមនឹងវិស័យមួយចំនួនទៀត។
លោកបានបញ្ជាក់ថា៖«របាយការណ៍ពាណិជ្ជកម្ម នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣នេះ មានការកើនឡើង ជាពិសេសនៅក្នុងក្របខ័ណ្ឌ RCEP ថ្វីដ្បិតដែលយើងមានការថមថយក្នុងការនាំចេញទៅកាន់អាមេរិក និងអឺរ៉ុបក៏ដោយ។ ប្រព័ន្ធអនុគ្រោះពន្ធថ្មី ដែលអង់គ្លេស ផ្តល់ឱ្យសមិទ្ធផលនៃវិស័យហេដ្ឋារចនាសម្ព័ន្ធនានា ដូចជា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីជាដើម នឹងអាចរុញកំណើនសេដ្ឋកិច្ចនៅឆ្នាំក្រោយ ឱ្យសម្រេចបានតាមការព្យាករ»។
តាមសេចក្តីព្រាងច្បាប់នេះ បើទោះបីជាសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៤ ត្រូវបានរំពឹងថា នឹងបន្តងើបឡើងវិញក្នុងអត្រាកំណើន ៦,៦ ភាគរយ យ៉ាងណាក្តី, កម្ពុជាក៏នឹងនៅបន្តជួបប្រទះនឹងហានិភ័យ និងបញ្ហាប្រឈមចម្បងៗ ជាពិសេសពីកត្តាខាងក្រៅ ដែលអាចធ្វើឱ្យកំណើននេះ មិនអាចសម្រេចបានតាមការគ្រោងទុក ក៏ដូចជាអាចទាញពន្យឺតដល់កំណើនសេដ្ឋកិច្ចកម្ពុជាជារួមក្នុងរយៈពេលមធ្យមខាងមុខ។
ក្នុងនោះរួមមាន៖ ការកើនឡើងនូវភាពតានតឹងភូមិសាស្ត្រនយោបាយតំបន់ និងសកល, ការថមថយសេដ្ឋកិច្ចសកល ជាពិសេសបណ្តាប្រទេស ដែលជាដៃគូពាណិជ្ជកម្មកម្ពុជា,ការបន្តរឹតបន្តឹងយូរជាងការរំពឹងទុកនៃគោលនយោបាយរូបិយវត្ថុ ជាពិសេសសហរដ្ឋអាមេរិក និងការបន្តកើនឡើងថ្លៃរូបិយប័ណ្ណដុល្លារអាមេរិក ដែលអាចប៉ះពាល់ដល់លំហូរទុនវិនិយោគ និងពាណិជ្ជកម្ម រួមនឹងកត្តាមួយចំនួនទៀត។
ដោយឡែកចំពោះកត្តាខាងក្នុង កម្ពុជានៅបន្តប្រឈមនឹងបញ្ហាជារចនាសម្ព័ន្ធមួយចំនួន ដូចជាភាពប្រកួតប្រជែងនៅមានកម្រិត និងល្បឿនទាបនៃការធ្វើពិពិធកម្មសេដ្ឋកិច្ច ព្រមទាំងការបន្តពឹងផ្អែកខ្លាំង លើតម្រូវការខាងក្រៅ៕