ភ្នំពេញៈ Qatar Airways ជាក្រុមហ៊ុនអាកាសចរណ៍នៅមជ្ឈិមបូព៌ា បានចុះចតនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី២៩ ខែតុលា បន្ទាប់ពីការផ្អាករបស់ខ្លួនក្នុងអំឡុងពេលការរីករាលដាលជំងឺ ដើម្បីចាប់យកការស្ទុះងើបឡើងវិញនៃការមកដល់របស់ភ្ញៀវទេសចរមកកាន់កម្ពុជា។
យោងតាមក្រុមហ៊ុន Cambodia Airports ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways បានដំណើរការឡើងវិញនូវសេវាប្រចាំថ្ងៃមកកាន់ទីក្រុងភ្នំពេញប្រទេសកម្ពុជា កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣។ ជើងហោះហើរប្រចាំថ្ងៃ តភ្ជាប់អ្នកដំណើរទៅកាន់គោលដៅដ៏ស្រស់ស្អាតមួយនេះ តាមរយៈទីក្រុងហូជីមិញ ជាមជ្ឈមណ្ឌលទីក្រុងឈានមុខគេរបស់ប្រទេសវៀតណាម។
ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways បានបញ្ជាក់ថា ការចាប់ផ្ដើមសេវាកម្មប្រចាំថ្ងៃឡើងវិញមកកាន់ទីក្រុងភ្នំពេញ ឆ្លុះបញ្ចាំង និងពង្រឹងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Qatar Airways ក្នុងការផ្តល់ជូនអ្នកដំណើរ និងជម្រើសជាច្រើនទៀតសម្រាប់ការធ្វើដំណើរទៅកាន់គោលដៅជាង ១៦០ ជុំវិញពិភពលោក។
លោក Vu ThiThanhHuong នាយកគ្រប់គ្រងប្រចាំប្រទេសនៅក្រុមហ៊ុន Qatar Airways ប្រចាំប្រទេសវៀតណាម និងកម្ពុជា បានឱ្យដឹងថា ការចាប់ផ្ដើមការហោះហើរឡើងវិញ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនអាកាសចរណ៍មួយនេះ ក្នុងការផ្តល់សេវាកម្មលំដាប់ពិភពលោក និងនាំភ្ញៀវទេសចរកាន់តែច្រើនពីមជ្ឈិមបូព៌ាមកកម្ពុជា។
លោក Vu ថ្លែងថា៖ «យើងមានសេចក្តីសោមនស្សរីករាយក្នុងការចាប់ផ្ដើមសេវាកម្មប្រចាំថ្ងៃឡើងវិញមកកាន់ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។ ផ្លូវហោះហើរនេះមិនត្រឹមតែពង្រឹងការប្តេជ្ញាចិត្តរបស់យើងចំពោះទីផ្សារកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកលទ្ធភាពធ្វើដំណើរថ្មីៗ សម្រាប់អ្នកដំណើររបស់យើងផងដែរ។យើងមានមោទនភាពក្នុងការផ្តល់ជូនអ្នកដំណើរនូវសេវាកម្ម និងការតភ្ជាប់លំដាប់ពិភពលោក ដែលក្រុមហ៊ុនអាកាសចរណ៍ Qatar Airways ត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនធានាបាននូវការធ្វើដំណើរប្រកបដោយផាសុកភាព និងគួរឱ្យចងចាំ។ យើងទន្ទឹងរង់ចាំស្វាគមន៍អ្នកដំណើរមកកាន់ទីក្រុងគជ់អាស៊ី (Pearl of Asia)»។
លោក Cyril Girot អគ្គនាយកក្រុមហ៊ុន Cambodia Airports ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ VINCI Airports ដែលជាប្រតិបត្តិករព្រលានយន្តហោះបានឱ្យដឹងថា ការចាប់ផ្ដើមជាថ្មីនៃក្រុមហ៊ុនអាកាសចរណ៍នេះបង្ហាញពីកាស្ទុះរងើបឡើងវិញបន្តិចម្តងៗនៃឧស្សាហកម្មទេសចរណ៍។
លោកថ្លែងថា៖ «ព្រលានយន្តហោះនៅរាជធានីភ្នំពេញរបស់យើងបន្តកសាងបណ្តាញគោលដៅរបស់ខ្លួនឡើងវិញជាលំដាប់ដោយភ្ជាប់សេវាឡើងវិញ។ ការចាប់ផ្ដើមជើងហោះហើរប្រចាំថ្ងៃឡើងវិញរវាងទីក្រុងដូហា និងតំបន់ឈូងសមុទ្រពែរ្ស៍ និងរដ្ឋធានីភ្នំពេញគឺជាសក្ខីភាពមួយរបស់ក្រុមហ៊ុនមួយនេះ។ វាជាសញ្ញាវិជ្ជមានមួយ សម្រាប់ឧស្សាហកម្មទេចរណ៍របស់ប្រទេសកម្ពុជា និងសហគមន៍អាជីវកម្ម»។
បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍ Qatar Airways ហោះហើរទៅកាន់គោលដៅជាង ១៦០ នៅទូទាំងពិភពលោក ដោយតភ្ជាប់តាមរយៈមជ្ឈមណ្ឌលដូហារបស់ខ្លួន គឺព្រលានយន្តហោះអន្តរជាតិ Hamad។
គិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិចំនួន ២៦ បានដំណើរការជើងហោះហើរទៅកាន់ ឬមកពីប្រទេសកម្ពុជាចំនួន ៨៤៤ ជើងហោះហើរក្នុង ១ សប្តាហ៍ ដោយភាគច្រើនជាគោលដៅក្នុងតំបន់អាស៊ាន។ នេះបើយោងតាមទិន្នន័យរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។
ក្រសួងទេសចរណ៍បានបង្ហាញថា ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវបរទេសជាង ៣ លាននាក់ កើនឡើង ៣០៨.៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ដែលមានចំនួន៧៤៣៤៥៩ នាក់៕