ភ្នំពេញៈ Woori Bank ដែលជាធនាគារពាណិជ្ជឈានមុខគេរបស់កូរ៉េខាងត្បូង គ្រោងនឹងចាក់បញ្ចូលប្រាក់ចំនួន ១០០ លានដុល្លារថែមទៀត សម្រាប់ពង្រីកអាជីវកម្មនៅកម្ពុជានាឆ្នាំក្រោយ ដើម្បីផ្តល់ទុនដល់ការកើនឡើងយ៉ាងខ្លាំងនៃតម្រូវការប្រាក់កម្ចី និងដើម្បីជំរុញសកម្មភាពអាជីវកម្ម បន្ទាប់ពីការធ្លាក់ចុះក្នុងអំឡុងពេលការរីករាលដាលជំងឺកូវីដ ១៩។
ប្រធានផ្នែកធុរកិច្ចសកលនៃធនាគារ Woori លោក Yun Seogmo ក្នុងសន្និសីទសារព័ត៌មានដែលធ្វើនៅការិយាល័យកណ្តាលរបស់ធនាគារនេះ នៅទីក្រុងសេអ៊ូល កាលពីថ្ងៃទី ២៥ ខែតុលាថា ធនាគារបានប្រកាសពីផែនការរបស់ខ្លួនក្នុងការសម្រេចបានរហូតដល់ ២៥ ភាគរយនៃប្រាក់ចំណេញសុទ្ធរបស់ខ្លួនបានពីការលក់ទូទាំងពិភពលោកត្រឹមឆ្នាំ ២០៣០។
លោក Yun ថ្លែងថា៖ «ផ្នែកធុរកិច្ចសកលរបស់ធនាគារ Woori បានរាយការណ៍អំពីប្រាក់ចំណេញសុទ្ធចំនួន ៣៤០ លានដុល្លារកាលពីឆ្នាំមុន ហើយធនាគារសម្រេចបានកំណើនទ្រព្យសកម្មប្រចាំឆ្នាំជាមធ្យមចំនួន ៩ ភាគរយក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ»។
កាលពីឆ្នាំមុន ប្រាក់ចំណេញសុទ្ធរបស់ Woori Bank នៅក្រៅប្រទេសមានចំនួន ១៥,៤ ភាគរយនៃប្រាក់ចំណេញសុទ្ធសរុបរបស់ខ្លួន។
លោកបន្តថា ធនាគាររបស់លោកនឹងបន្តគាំទ្រដល់សាខាធនាគារទាំង ៣ នៅតំបន់អាស៊ីអាគ្នេយ៍ គឺប្រទេសឥណ្ឌូនេស៊ី វៀតណាម និងកម្ពុជា ដោយការវិនិយោគប្រាក់បន្ថែមលើសាខាធនាគារទាំងនេះ។ សាខាទាំង ៣ នៅអាស៊ីអាគ្នេយ៍មានចំនួន ៤៣ ភាគរយនៃប្រាក់ចំណេញសុទ្ធនៅក្រៅប្រទេសកាលពីឆ្នាំ ២០២២។
នៅឆមាសទី១ ឆ្នាំ ២០២៤ ធនាគារមួយនេះគ្រោងនឹងវិនិយោគសរុបចំនួន ៥០០ លានដុល្លារនៅសាខាអាស៊ីអាគ្នេយ៍របស់ខ្លួន គឺ ២០០ លានដុល្លារសម្រាប់ឥណ្ឌូនេស៊ី និងវៀតណាម និង ១០០ លានដុល្លារសម្រាប់ប្រទេសកម្ពុជា។
យោងតាមរបាយការណ៍ប្រចាំឆ្នាំ ២០២២ របស់ធនាគារជាតិនៃកម្ពុជា ប្រព័ន្ធធនាគារ នៅកម្ពុជារួមមាន ធនាគារពាណិជ្ជចំនួន ៥៩ ធនាគារឯកទេស ៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ ៨២ គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ ១៦ គ្រឹះស្ថានឥណទានជនបទ ២២៣ ប្រតិបត្តិករដំណើរការតតីយភាគី ៦ គ្រឹះស្ថានផ្តល់សេវាទូទាត់ ៣៥ ប្រតិបត្តិករផ្តល់សេវារាយការណ៍ឥណទាន ១ ការិយាល័យតំណាង ៦ និងប្រតិបត្តិករប្តូរប្រាក់ចំនួន ២ ៨៦៦។
បើតាម NBC គិតត្រឹមចុងខែធ្នូ ឆ្នាំ ២០២២ នៅក្នុងវិស័យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ចំនួនគណនីបញ្ញើមាន ១៥,៥ លាន និងគណនីអ្នកខ្ចីប្រាក់ចំនួន ៣,៧ លាន។
ធនាគារ Woori (Cambodia) Plc មានសមិទ្ធផលសំខាន់ៗជាច្រើននៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេល ៣០ ឆ្នាំ។ ជាមួយនឹងការចាប់ផ្តើមកម្មវិធីផ្តល់មូលនិធិនៅក្នុងឆ្នាំ ១៩៩០ និងទទួលបានអាជ្ញាប័ណ្ណផ្លូវការ ដើម្បីធ្វើប្រតិបត្តិការជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅក្នុងឆ្នាំ ២០០៤។ បន្ទាប់មក បានធ្វើបច្ចុប្បន្នភាពអាជ្ញាប័ណ្ណក្នុងឆ្នាំ ២០១១ ដើម្បីក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ក៏ដូចជាការច្របាច់បញ្ចូលគ្នាជាមួយនឹងធនាគារ Woori Finance Cambodia Plc កាលពីឆ្នាំ ២០២០។
ធនាគារជាតិនៃកម្ពុជា បានអនុម័តអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២១ និងបានបើកដំណើរការជាផ្លូវការក្នុងខែមករា ឆ្នាំ ២០២២ ដោយបើកដំណើរការធនាគារ Woori Bank (Cambodia) Plc ដើម្បីផ្តល់នូវទីផ្សារជាមួយនឹងផលិតផល និងសេវាកម្មរបស់ធនាគារពាណិជ្ជពេញលេញ៕