ភ្នំពេញៈ កម្ពុជានឹងពង្រីកការប្រើប្រាស់ថាមពលសូឡា និងផលិតថាមពលពីខ្យល់ឱ្យបានកាន់តែច្រើនបន្ថែមទៀត ខណៈក្រសួងក៏មានគម្រោងនាំចូលថាមពលបន្ថែមទៀតពីប្រទេសជិតខាង ដើម្បីឆ្លើយតបនឹងការកើនឡើងតម្រូវការថាមពល។ នេះបើតាម លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។
ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅក្រៅជំនួបនៃសប្តាហ៍ថាមពលអន្តរជាតិសិង្ហបុរី កាលពីថ្ងៃទី ២៣ តុលា លោក កែវ រតនៈ បានពន្យល់ថា ដើម្បីផ្តល់ថាមពលបន្ថែមទៀតស្របតាមតម្រូវការ ក្រសួងគ្រោងនឹងបង្កើនការប្រើប្រាស់ថាមពលសូឡា ថាមពលខ្យល់ និងនាំចូលបន្ថែមទៀតពីប្រទេសវៀតណាម និងឡាវ។
លោកត្រូវបានដកស្រង់សម្ដីថា៖ «យើងនឹងប្រើប្រាស់ថាមពលសូឡាកាន់តែច្រើន និងថាមពលខ្យល់មួយចំនួន ដើម្បីបំពេញនូវអ្វីដែលវារីអគ្គិសនីអាចផ្តល់។ យើងចង់បង្កើនថាមពលដោយការភ្ជាប់ពីវៀតណាម និងឡាវ»។
លោកថ្លែងថា៖ «ចំពោះថាមពលវារីអគ្គិសនីមានតួនាទីក្នុងការផ្ដល់ថាមពល ប៉ុន្តែវារីអគ្គិសនីអាចរងនឹងការប្រឈមដោយសារការប្រែប្រួលអាកាសធាតុ ឬការឡើងកម្តៅផែនដី។ គោលការណ៍យើង គឺនឹងដាក់ថាមពលកកើតឡើងវិញ ជាទូទៅថាមពលសូឡាភាគច្រើនដល់កម្រិតអតិបរមាដែលតទៅបណ្តាញអគ្គិសនីអាចទ្រទ្រង់បាន»។
យោងតាម Reuters ប្រទេសកម្ពុជា បានបញ្ជូនថាមពលវារីអគ្គិសនីដើម្បីជំនួសឥន្ធនៈហ្វូស៊ីលក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ មិនដូចប្រទេសមួយចំនួនដូចជាម៉ាឡេស៊ី និងវៀតណាម បានងាកទៅរកធ្យូងថ្ម ឬឧស្ម័នធម្មជាតិ ដើម្បីដោះស្រាយតម្រូវការថាមពល។
លោករដ្ឋមន្ត្រីឱ្យដឹងទៀតថា កម្ពុជានឹងប្រកាសគម្រោងវារីអគ្គិសនីដែលប្រើដោយទឹក ក្នុងកម្លាំង ១ ០០០ មេហ្គាវ៉ាត់ក្នុងរយៈពេល ២ សប្តាហ៍ខាងមុខ។ លោកបន្ថែមថា កិច្ចព្រមព្រៀងផ្លាស់ប្តូរថាមពលពហុភាគីនឹងជាថាមពលស្អាត គឺដើម្បីពន្លឿនការផ្លាស់ប្តូរថាមពលនៅក្នុងតំបន់។
លោកបន្តថា៖ «វាដល់ពេលហើយដើម្បីអំពាវនាវឱ្យបញ្ចប់ការរៀបចំទ្វេភាគី។ វាដល់ពេលហើយដើម្បីចាប់ផ្តើមការតភ្ជាប់អន្តរអនុតំបន់ និងតំបន់»។ កម្ពុជានឹងដើរតួនាទីកាន់តែទូលំទូលាយ ដើម្បីធ្វើឱ្យប្រាកដថា បណ្តាមេដឹកនាំក្នុងតំបន់ពិនិត្យមើលឡើងវិញនូវគោលគំនិតនៃបណ្តាញថាមពលអាស៊ាន»។
លោក រតនៈ បានថ្លែងថា៖ «យើងអាចដាក់ខ្សែកាបអ៊ីនធឺណិតក្រោមសមុទ្របាន ដូច្នេះយើងក៏អាចដាក់ខ្សែកាបអគ្គិសនីក្រោមសមុទ្របានផងដែរ»។
យោងតាមមន្ត្រីនៅមជ្ឈមណ្ឌលថាមពលអាស៊ាន (ACE) ដែលបានសរសេរមកកាន់កាសែត ភ្នំពេញ ប៉ុស្តិ៍ កាលពីចុងខែកក្កដា ឆ្នាំ ២០២៣ ថា សន្តិសុខថាមពល គឺជាអាទិភាពមួយក្នុងវិស័យថាមពលសម្រាប់ប្រទេសកម្ពុជាក្នុងការផ្តល់ការផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការថាមពលដែលកំពុងកើនឡើងក្នុងប្រទេស។ ការប្រើប្រាស់ដ៏គួរឱ្យចាប់អារម្មណ៍នៅប្រទេសកម្ពុជាបានកើនឡើងគួរឱ្យកត់សម្គាល់ចាប់ពីឆ្នាំ ២០១០ ជាមួយនឹងអត្រា ៣៤ ភាគរយដល់ ៩៨ ភាគរយនៅឆ្នាំ ២០២២។
មន្ដ្រីខាងលើបន្តថា៖ «ការពឹងផ្អែករបស់កម្ពុជាលើការនាំចូលអគ្គិសនីនៅតែត្រូវបានគេចាត់ទុកថាមានកម្រិតខ្ពស់ ក្នុងនោះ ២៥ ភាគរយនៃប្រភពថាមពលជាតិក្នុងឆ្នាំ ២០១៩ ត្រូវបាននាំចូលពីប្រទេសជិតខាងដូចជាឡាវ វៀតណាម និងថៃ។ ទន្ទឹមនឹងនោះ តម្រូវការអគ្គិសនីសរុបគឺស្ថិតនៅកម្រិតខ្ពស់កាលពីឆ្នាំ ២០២២ ជាមួយនឹងអត្រាកំណើនប្រចាំឆ្នាំប្រមាណ ១៦ ភាគរយ»។
លើសពីនេះការដាច់ចរន្តអគ្គិសនីនៅកម្ពុជាកាលពីឆ្នាំ ២០១៣ និង ២០១៥ បានបង្ហាញពីរបៀបដែលប្រទេសមួយនេះពឹងផ្អែកខ្លាំងលើអគ្គិសនីនាំចូល។ ការរំខាននេះបានជំរុញឱ្យរដ្ឋាភិបាលពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីធានាសន្តិសុខថាមពលក្នុងប្រទេស។ ក្រោយមកកម្ពុជាបានផ្តួចផ្តើមគំនិតបង្កើតផែនការអភិវឌ្ឍន៍ថាមពល (PDP) សម្រាប់ឆ្នាំ ២០២២-២០៤០ ដើម្បីបញ្ចៀសការដាច់ចរន្តអគ្គិសនីនៅពេលក្រោយ។
មន្ដ្រីនោះបញ្ជាក់ថា៖ «តាមរយៈផែនការនេះ កម្ពុជាមានគោលដៅពង្រឹងសន្តិសុខថាមពលដោយបង្កើនធនធានថាមពលក្នុងស្រុកជាងការពឹងផ្អែកលើការនាំចូល។ ផែនការអភិវឌ្ឍន៍ថាមពល ក៏ផ្តល់ជូនកម្ពុជានូវផែនការដ៏ល្អបំផុតសម្រាប់ការផ្លាស់ប្តូរទៅកាន់បណ្តាញថាមពលស្អាត ដោយផ្តោតលើវារីអគ្គិសនីជាប្រភពចម្បងនៃសមត្ថភាពផលិត និងកាត់បន្ថយការនាំចូល។ ដើម្បីអនុវត្តផែនការនេះ រដ្ឋាភិបាលបានផ្តល់បញ្ជី និងផែនទីសម្រាប់ការអភិវឌ្ឍថាមពល (រួមទាំងការវិនិយោគដែលត្រូវការ) ចន្លោះឆ្នាំ ២០២២-២០៤០៕