​ភ្នំពេញៈ Royal Group of Power (RGP) ដែលជា​ក្រុមហ៊ុន​ពហុ​ផលិត​ផល​ក្នុងស្រុក​របស់​កម្ពុជា និង TotalEnergies សម្រេចបាន​កិច្ចព្រមព្រៀង​មួយ​នៃ​គម្រោង​ថាមពល​កកើត​ឡើងវិញ និង​ឱកាស​ផ្សេងៗ​ទាក់ទង​នឹង​ការ​កាត់បន្ថយ​កាបូនឌីអុកស៊ីត​នៅ​ប្រទេស​កម្ពុជា ខណៈ​រដ្ឋាភិបាល​កំពុង​ពង្រីក​ការប្រើប្រាស់​ថាមពល​សូ​ឡា និង​ថា​ម​ពល​ខ្យល់ ដើម្បី​ឆ្លើយតប​នឹង​ការ​កើន​ឡើង​នៃ​តម្រូវការ​ប្រើប្រាស់​។​

​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU)​ នេះ ត្រូវបាន​ចុះហត្ថលេខា​រវាង​លោក គិត ម៉េង ប្រធាន និង​ជា​អគ្គ​នា​យក​ក្រុមហ៊ុន Royal Group និង​លោក Liang Ting Wee ប្រធាន​ក្រុមហ៊ុន TotalEnergies Asia Pacific & Middle East & Country Chair of TotalEnergies នៅ​ប្រទេស​សិង្ហ​បុរី កាលពី​ថ្ងៃទី ​២៥ ខែតុលា ឆ្នាំ ​២០២៣​។​

​លោក គិត ម៉េង បាន​ថ្លែង​ក្នុង​ពិធី​ចុះ​ហត្ថលេខា​ថា ជាមួយនឹង​កិច្ចសហការ​នេះ ក្រុមហ៊ុន​នឹង​ស្វែងរក​ឱកាស​ផលិត​ថាមពល​កកើត​ឡើងវិញ​បន្ថែមទៀត​និង​ឱកាស​ផ្សេងៗ​ទាក់ទង​នឹង​ការ​កាត់​បន្ថយ​កាបូនឌីអុកស៊ីត​នៅ​កម្ពុជា​។​

​លោក​ថ្លែងថា​៖«​សូម​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ឱកាស​ដ៏​គួរឱ្យភ្ញាក់ផ្អើល​នេះ​ដើម្បី​ចុះហត្ថលេខា​លើ MoU រួម​របស់​យើង​ដែល​គ្របដណ្តប់​រួមគ្នា​ដើម្បី​កំណត់​គម្រោង​ថាមពល​កកើត​ឡើងវិញ និង​ឱកាស​ផ្សេងៗ​ទាក់ទង​នឹង​ការ​កាត់​បន្ថយ​កាបូនឌីអុកស៊ីត​នៅ​កម្ពុជា​។ ខ្ញុំ​រីករាយ​ក្នុងការ​ស្វែងយល់​អំពី​គម្រោង​ថាមពល​កកើត​ឡើងវិញ​របស់​ក្រុមហ៊ុន TotalEnergies នៅ​កម្ពុជា​»​។​

​លោក​លើកឡើងថា​៖«​ទាំង​ក្រុមហ៊ុន TotalEnergies និង​ក្រុមហ៊ុន Royal Group នឹង​ក្លាយជា​ដៃគូ​ដ៏​អស្ចារ្យ​ដែល​ទាញ​ចេញពី​ភាពខ្លាំង​រួមគ្នា​នៃ​ចំណេះដឹង ជំនាញ បណ្តាញ និង​សមត្ថភាព​ក្នុងការ​ប្រតិបត្តិ​។ ទំនាក់ទំនង និង​ការជឿ​ទុក​ចិត្ត​មាន​សារៈសំខាន់​ចំពោះ​ខ្ញុំ ដូចដែល​បានបង្ហាញ​ឱ្យឃើញ​នៅក្នុង​ភាព​ជោគ​ជ័យ​នៃ​ការវិនិយោគ​រួមគ្នា​ផ្សេងទៀត​។ ខ្ញុំ​មើលឃើញ​ពី​ការចាប់ផ្តើម​ដូចគ្នា​នៅទីនេះ​ជាមួយ​ក្រុមហ៊ុន TotalEnergies​។ ខ្ញុំ​រង់ចាំ​ភាពជោគជ័យ​នៅពេល​អនាគត​របស់​យើង​ជាមួយគ្នា​»​។​

​លោក Ting Wee LIANG ប្រធាន​ក្រុមហ៊ុន TotalEnergies Asia Pacific & Middle East Marketing & Services នៅ​ប្រទេស​សិង្ហ​បុរី បានឱ្យដឹងថា ក្រុមហ៊ុន TotalEnergies ចែក​​រំលែក​មហិច្ឆតា​របស់​ក្រុមហ៊ុន​ក្នុងការ​សម្រេចបាន​នូវ​អព្យាក្រឹតភាព​កាបូន​ត្រឹម​ឆ្នាំ ​២០៥០​។ ដើម្បី​ទៅដល់​ទីនោះ ក្រុមហ៊ុន​កំពុង​ប្រើប្រាស់​យ៉ាងសកម្ម​នូវ​យុទ្ធសាស្ត្រ​ពហុ​ថាមពល​របស់ខ្លួន​។ ក្រុមហ៊ុន​ផ្តល់ជូន​នូវ​ដំណោះស្រាយ​កា​បូ​ន​ទាប ដើម្បី​បំពេញតម្រូវការ​ការផ្លាស់​​ប្តូរ​ថាមពល​របស់​អតិថិជន ខណៈពេលដែល​ធានាបាន​នូវ​លទ្ធភាព​ទទួលបាន​ថាមពល​ដែល​អាច​ទុកចិត្តបាន តម្លៃ​សមរម្យ និង​កាន់តែ​ស្អាត​។​

​លោក​បញ្ជាក់ថា​៖ «​នៅ​សិង្ហ​បុរី យើង​គាំទ្រ​ដល់​កិច្ចខិតខំ​ដើម្បី​កាត់បន្ថយ​កា​បូ​ន​ឌីអុកស៊ីត​ដោយ​ផ្តល់ជូន​សេវា​បញ្ចូល​អគ្គិសនី​រប​ស់​រថយន្ត​អគ្គិសនី លើកកម្ពស់​ការទទួល​យក​ឥន្ធនៈ​សមុទ្រ​ដែលមាន​កាបូន​ទាប និង​ការផ្តល់​ដំណោះស្រាយ​ថាមពល​សូ​ឡា​លើដំបូល​ដែល​រួមបញ្ចូល​គ្នា​យ៉ាង​ពេញលេញ​ទៅដល់​អតិថិជន​។ យើង​ត្រូវបាន​ជំរុញ​ដោយ​ស្មារតី​ភាពជា​ដៃគូ​ដើម្បី​ផ្តល់នូវ​ដំណោះស្រាយ​ន​វា​នុ​​វត្ត​ន៍​ជាប្រចាំ ហើយ​យើង​នឹង​បន្ត​ធ្វើការ​សហការ​ជាមួយ​ដៃគូ​ដើម្បី​សម្រេចបាន​អនាគត​ថាមពល​រួម​របស់​យើង​»​។​

​នៅក្នុង​ខែវិច្ឆិកា ឆ្នាំ ​២០២២ ក្រុមហ៊ុន RGP ក៏បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រម​​ព្រៀង​បឋម​ជាមួយ​ក្រុមហ៊ុន Keppel Energy Pte Ltd (KE) របស់​សិង្ហ​បុរី ដើម្បី​ស្វែងយល់​ពី​ការអភិវឌ្ឍ និង​ប្រតិ​ប​ត្តិ​ការរួម​គ្នា​នៃ​គម្រោង​ថាមពល​កកើត​ឡើងវិញ​ដែល​បាន​ស្នើឡើង​នៅក្នុង​ប្រទេស​កម្ពុជា​៕