​ភ្នំពេញៈ ផលិតផល​សម្លៀក​បំពាក់ និង​គ្រឿង​បន្ទាប់បន្សំ ដែលមាន​តម្លៃ​សរុប​ជាង ៥,៩ ​ពាន់​លាន​ដុល្លារ​ ត្រូវបាន​កម្ពុជា​នាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈពេល ៩ ​ខែ ​ដើមឆ្នាំ​ ២០២៣ ថយចុះ​ជាង ១៧​ ភាគរយ ​បើ​ធៀប​ទៅ​រយៈពេល​ ៩​ ខែ​ដើមឆ្នាំ​ ២០២២​។ ទោះបីជា​យ៉ាងណា​ស្ថានភាព​ការនាំចេញ​ហាក់​ចាប់​ផ្តើម​បង្ហាញ​ភាពប្រសើរ​ឡើងវិញ​ខ្លះៗ​នា​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ​។ នេះ​បើ​យោងតាម​អគ្គនាយក​​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE)​។​

​តារាង​ស្ថិតិ​នាំចេញ​ទំនិញ​តាម​ជំពូក​របស់ GDCE បានឱ្យដឹងថា ចន្លោះ​ពី​ខែមករា​-​ខែកញ្ញា ឆ្នាំ ​២០២៣ ការនាំ​ចេញ​ទំនិញ​នៅក្នុង​ជំពូក​ទំនិញ ​(HS ២​ ខ្ទង់​)​ ដែលមាន​លេខ​កូដ ៦១ និង ៦២ រួមមាន សម្លៀកបំពាក់ និង​គ្រឿង​​បន្ទាប់បន្សំ ដែល​ធ្វើឡើង​ពី​ក្រណាត់ ឬ​មិន​ធ្វើ​ពី​ក្រណាត់ មាន​ទឹកប្រាក់​សរុប ៥ ៩២៦,៥១​ លាន​ដុល្លារ ធ្លាក់ចុះ ១៧,៣៥ ​ភាគរយ ពី ៧ ១៧៥,០២​ លាន​ដុល្លារ​នា​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២២​។

​បើ​បែងចែក​ក្នុង​ចំនួន​ទឹក​ប្រាក់​ខាងលើ គឺ​ការនាំចេញ​ទំនិញ​ជា​ផលិតផល​មាន ​(HS ២​ខ្ទង់​) ​លេខ​កូដ ៦១ (​សម្លៀកបំពាក់ និង​គ្រឿង​បន្ទាប់​បន្សំ​ធ្វើឡើង​ពី​ក្រណាត់​ចាក់​ដោយ​ម្ជុល​ ២ ឬ​១)​ មាន​ចំនួន ៤ ១៤៥,២៤ ​ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ១៨,៩ ​ភាគ​រយ និង​ទំនិញ​ស្ថិតក្នុង​ជំពូក​លេខ​កូដ ៦២ (​សម្លៀកបំពាក់ និង​គ្រឿង​បន្ទាប់​បន្សំ​នៃ​សម្លៀកបំពាក់​មិន​ធ្វើឡើង​ពី​ការចាក់​ដោយ​ម្ជុល ​២ ឬ​១) មាន​ចំនួន ១ ៧៨៤,២៧ ​លាន​ដុល្លារ ធ្លាក់ចុះ ១៣,៦​ភាគរយ​។​

​ទឹកប្រាក់​នាំចេញ​ទំនិញ​លេខ​កូដ ៦១ និង ៦២ គឺ​ស្មើនឹង ៣៤,៩៩​ ភាគ​​រយ​នៃ​ចំនួន​ប្រាក់​នាំចេញ​សរុប​របស់​កម្ពុជា​ក្នុង​រយៈពេល ៩ ​ខែ ឆ្នាំ ​២០២៣ ដែលមាន​ចំនួន ១៦ ៩៤៥,៨​ លាន​ដុល្លារ​។ នេះ​បើតាម GDCE​។​

​យ៉ាងណាក៏ដោយ​បើតាម GDCE សម្រាប់​ខែកញ្ញា ឆ្នាំ​ ២០២៣ ការនាំ​ចេញ​ផលិតផល​លេខ​កូដ ៦១ និង​ ៦២ គឺមាន​ភាពល្អ​ជាង​ខែ​មុនៗ ដោយមាន​ទឹកប្រាក់​សរុប ៦៨៩,៦៨​ លាន​ដុល្លារ ធ្លាក់ចុះ ត្រឹមតែ ២,៤៩​ ភាគ​​រយ​ប៉ុណ្ណោះ​ពី​ចំនួន ៧០៧,៣១ ​លាន​ដុល្លារ​កាលពី​ខែកញ្ញា ឆ្នាំ​ ២០២២​។​

​លោក លី ឃុន​ថៃ ប្រធាន​សហព័ន្ធ​សមាគម​អ្នកវិនិយោគ​កម្ពុជា និង​ជា​ប្រធាន​សមាគម​ស្បែកជើង​កម្ពុជា បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៣០ ខែតុលា​ថា ការធ្លាក់ចុះ​បរិមាណ ក៏ដូចជា​ទឹក​ប្រាក់​ពី​ការនាំចេញ​ផលិតផល​សម្លៀក​បំពាក់ រួមទាំង​ផលិតផល​ជាច្រើន​មុខ​ទៀត​ក្នុង​រយៈពេល​ជាង ១ ​ឆ្នាំ​មកនេះ គឺ​មិនមែន​មកពី​សមត្ថភាព​ការផលិត​នៅ​កម្ពុជា​ធ្លាក់ចុះ​ឡើយ ប៉ុន្តែ​បណ្តាលមកពី​ការធ្លាក់ចុះ​នៃ​តម្រូវការ​នៅ​ទីផ្សារ​អន្តរជាតិ​។ មូលហេតុ​គឺ​ដោយសារ​កំណើនសេដ្ឋកិច្ច​ពិភពលោក​មិនល្អ ដែល​បណ្តាលមកពី​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​រវាង​ប្រទេស​មហាអំណាច​ធំៗ រួមទាំង​បញ្ហា​សង្គ្រាម​រវាង​ប្រទេស​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន​។​

​លោក​ថ្លែងថា​៖ «​កត្តា​តម្រូវការ​ទីផ្សារ​ពិភពលោក គឺជា​មូលហេតុ​សំខាន់​ជាងគេ​ដែល​ធ្វើឱ្យ​ការនាំចេញ​ផលិត​ផល​សម្លៀកបំពាក់ និង​ផលិតផល​ផ្សេងទៀត​របស់​កម្ពុជា​ធ្លាក់ចុះ​។ ការ​ធ្លាក់ចុះ​នេះ ក៏​ដោយសារតែ​កាលពីដើមឆ្នាំ​ ២០២២ មាន​ការបញ្ជាទិញ​ពី​កម្ពុ​ជាច្រើន​ដែលនាំឱ្យ​ក្រុមហ៊ុន​បញ្ជា​ទិញ​មួយចំនួន​នៅសល់​ស្តុក​លក់​លើ​ទីផ្សារ​មិន​លក់​ទាន់​អស់​»​។​

​លោក​ប្រាប់ទៀតថា សម្រាប់​រយៈ​ពេល​នៅសល់​ក្នុង​ឆ្នាំ​ ២០២៣ ដែលជា​ពេល​ប្រជាជន​នៅលើ​ពិភពលោក​ចេញ​ដើរ​កម្សាន្ត​ច្រើន ការនាំចេញ​ផលិតផល​សម្លៀកបំពាក់​រំពឹងថា​នឹង​កើនឡើង​វិញ​ខ្លះៗ​។ លោក​អះអាងថា​៖«​យើង​សង្ឃឹម​ជឿជាក់ថា ចាប់ពីពេលនេះ និង​ឆ្នាំ​ ២០២៤ តទៅ​ការបញ្ជាទិញ​អាច​នឹង​កើន​ឡើងវិញ​ខ្លះៗ​»​។​

​អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​និយាយថា វិបត្តិ​សេដ្ឋកិច្ច​សកល បានធ្វើឱ្យ​ការផ្លាស់ប្តូរ​ទំនិញ​អន្តរជាតិ​ធ្លាក់ចុះ​នៅ​ស្ទើរ​គ្រប់​គោលដៅ​។ នៅពេល​សេដ្ឋកិច្ច​មិនល្អ​ការចំណាយ​ទៅលើ​អ្វីៗ​ក្រៅពី​ចំណីអាហារ នឹងត្រូវ​កាត់​បន្ថយ​មួយចំណែក​។​

​លោក​បាន​និយាយថា​៖ «​ដោយសារ​ទីផ្សារ​នាំចេញ​ចម្បង​នៃ​ផលិតផល​សម្លៀកបំពាក់​កម្ពុជា គឺ​បណ្តា​ប្រទេស​មហាអំណាច និង​មាន​សេដ្ឋកិច្ច​រីក​ចម្រើន ដូច្នេះ​បើ​ស្ថានភាព​សេដ្ឋកិច្ច​សកល​ល្អ​ឡើងវិញ ការបញ្ជាទិញ​ប្រាកដ​ជាមាន​សម្ទុះ​ខ្លាំង​»​។​

​អគ្គលេខាធិការរង​នៃ​សមាគម​រោង​​ចក្រ​កាត់ដេរ​នៅ​កម្ពុជា ​(GMAC) លោក កាំ​ង ម៉ូ​នី​កា ធ្លាប់បាន​ប្រាប់ ​ភ្នំ​ពេញ​ ប៉ុស្តិ៍​ថា ការនាំចេញ​ផលិតផល​សម្លៀកបំពាក់​កម្ពុជា​ទៅ​ទីផ្សារ​អន្តរ​ជាតិ គឺ​បាន​ធ្លាក់ចុះ​ចាប់តាំងពី​ឆមាស​ទី​២ ឆ្នាំ​ ២០២២ មក​។ មូលហេតុ​នៃ​ការធ្លាក់ចុះ​នេះ គឺ​ដោយសារ​សេដ្ឋកិច្ច​ប្រទេស​ធំៗ​ជួប​បញ្ហា​ដែល​បណ្តាលមកពី​សង្គ្រាម​រវាង​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន​។​

​បើតាម​លោក ម៉ូ​នី​កា ទីផ្សារ​សំខាន់ៗ​ដែល​ទទួល​ទិញ​ផលិតផល​សម្លៀក​​បំពាក់​ពី​ប្រទេស​កម្ពុជា គឺ​អាមេរិក សហភាព​អឺរ៉ុប ជប៉ុន កាណាដា និង​ចក្រភព​អង់គ្លេស​។​

​ទិន្នន័យ​របស់​សមាគម​វាយ​ន​ភណ្ឌ​សម្លៀកបំពាក់ ស្បែកជើង និង​ផលិត​ផល​ធ្វើដំណើរ​នៅ​កម្ពុជា (TAFTAC) បានឱ្យដឹងថា គិត​ត្រឹម​ដើមខែ​សីហា ឆ្នាំ​ ២០២៣ វិស័យនេះ​មាន​រោងចក្រ​សរុប ១ ០៧៧ ដោយ​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​កម្ពុជា​បាន​ប្រមាណ ៧៦​ ម៉ឺន​នាក់​។​

​ក្នុង​ឆ្នាំ​ ២០២២ ការនាំចេញ​សម្លៀក​បំពាក់ និង​គ្រឿង​បន្ទាប់បន្សំ​ដែល​ស្ថិតក្នុង​លេខ​កូដ ​៦១ និង ៦២ មានទឹក​​ប្រាក់​សរុប ៩ ០៣៥,៣៥ ​លាន​ដុល្លារ កើនឡើង ១២,៦៩ ភាគរយ​ បើ​ធៀប​ឆ្នាំ​ ២០២១ ដែលមាន ៨ ០១៧,៨៦ ​លាន​ដុល្លារ​។ នេះ​បើតាម​អគ្គនាយក​​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា​៕