ភ្នំពេញៈ ការនាំទំនិញពីកម្ពុជាទៅប្រទេសឥណ្ឌា បានបង្ហាញសញ្ញាវិជ្ជមានជាបន្តបន្ទាប់ ដោយក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៣ សម្រេចបានជិត ១៩១ លានដុល្លារ កើនឡើងជិតពាក់កណ្តាល បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ខណៈទំហំពាណិជ្ជកម្មទ្វេភាគីមានទឹកប្រាក់សរុបជិត ៣៥០ លានដុល្លារ។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។
ស្ថិតិជញ្ជីងពាណិជ្ជកម្មអន្តរជាតិរបស់ GDCE ឱ្យដឹងថា ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៣ ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង២ មានទឹកប្រាក់សរុប ៣៤៧,៩៧ លានដុល្លារ កើនឡើង ៧,៦ ភាគរយធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ដែលមាន ៣២៣,៣៧ លានដុល្លារ ដោយក្នុងនោះទំនិញកម្ពុជានាំទៅឥណ្ឌា ១៩០,៩២លានដុល្លារ កើនឡើង ៤២,៧ ភាគរយ និងទំនិញឥណ្ឌានាំមកកម្ពុជា ១៥៧,០៥ លានដុល្លារ ធ្លាក់ចុះ ១៧,១ភាគរយ។ ផ្អែកតាមតួលេខខាងលើ គឺជញ្ជីងពាណិជ្ជកម្មកម្ពុជាមានឧត្តមភាពប្រមាណ ៣៣,៨៦ លានដុល្លារ។ប្រទេសឥណ្ឌា គឺជាដៃគូពាណិជ្ជកម្មធំទី១៨ របស់កម្ពុជា។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី១ ខែវិច្ឆិកាថា កំណើននៃគម្រោងវិនិយោគថ្មីៗ និងការធ្វើពិពិធកម្មទំនិញឱ្យកាន់តែចម្រុះ និងសម្បូរបែប បានជួយឱ្យកម្ពុជាមានផលិតផលកាន់តែច្រើន សម្រាប់នាំចេញទៅទីផ្សារឥណ្ឌាដែលបច្ចុប្បន្នគឺជាប្រទេសមានប្រជាជនច្រើនជាងគេលើពិភពលោក។ ការទទួលបានចំណែកទីផ្សារធំបែបនេះ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់កម្ពុជាក្នុងពេលនេះ និងទៅអនាគត ខណៈបញ្ហាជម្លោះភូមិសាស្ត្រនយោបាយ និងសង្គ្រាមរវាងប្រទេសមួយចំនួនលើពិភពលោក កំពុងដាក់សម្ពាធកាន់តែខ្លាំងចំពោះចរន្តនៃការផ្លាស់ប្តូរទំនិញជាអន្តរជាតិ។
លោកបានថ្លែងថា៖«បើទោះបីចំនួនទឹកប្រាក់ដែលកម្ពុជានាំទំនិញទៅឥណ្ឌាពេលនេះនៅមានកម្រិតទាបបើធៀបនឹងទីផ្សារគោលដៅមួយចំនួន ដូចជា អាមេរិក ចិន និងវៀតណាម ជាដើម ប៉ុន្តែនេះជាការចាប់ផ្តើមល្អមួយ ព្រោះឥណ្ឌាជាប្រទេសធំ និងមានប្រជាជនច្រើន ដូច្នេះតម្រូវការនៅទីនោះក៏មានច្រើនដែរ»។
យោងតាមគេហទំព័រ worldometers.info បច្ចុប្បន្នឥណ្ឌា គឺជាប្រទេស ដែលមានប្រជាជនច្រើនជាងគេលើពិភពលោកជាមួយនឹងប្រជាជនសរុប ១ ៤២៨,៦៣ លាននាក់ នាំមុខប្រទេសចិន ដែលស្ថិតនៅលេខ២ មានប្រជាជន ១ ៤២៥,៦៧ លាននាក់។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង ធ្លាប់និយាយថា ទំនិញដែលកម្ពុជានាំចេញទៅប្រទេសឥណ្ឌា មានដូចជា ផលិតផលវាយនភណ្ឌ និងកសិកម្ម ចំណែកទំនិញនាំចូលពីប្រទេសឥណ្ឌា គឺជាផលិតផលបច្ចេកវិទ្យា សម្ភារវេជ្ជសាស្ត្រ និងឱសថ ជាដើម។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជាលោកស្រី DevyaniUttamKhobragadeនៅទីស្តីការក្រសួងសេដ្ឋកិច្ច កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ បានបង្ហាញសុទិដ្ឋិនិយមថាកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឥណ្ឌា នឹងកាន់តែមានភាពល្អប្រសើរ តាមរយៈការជំរុញកិច្ចសម្រួលពាណិជ្ជកម្មទ្វេភាគី និងការគាំទ្រចំពោះការបង្កើតឱ្យមានជើងហោះហើរត្រង់ ដែលនឹងជួយជំរុញការតភ្ជាប់រវាងប្រជាជន និងប្រជាជន និងលំហូរទេសចរណ៍រវាងប្រទេសទាំង២។ លោកបន្តថា ជាមួយគ្នានេះភាគីទាំង២ នឹងពិនិត្យរួមគ្នាលើការតភ្ជាប់វិស័យឌីជីថល ដែលជាវិស័យអាទិភាពមួយក្រោមយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧។
លោកស្រី DevyaniUttamKhobragade បានលើកឡើងថា ឥណ្ឌាសង្ឃឹមថាក្នុងនីតិកាលថ្មីនេះ កម្ពុជា-ឥណ្ឌា នឹងបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះ ការបង្កើតឱ្យមានយន្តការសម្របសម្រួលដល់ដំណើរការពាណិជ្ជកម្ម និងវិនិយោគតាមរយ:កិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្ម និងការជំរុញការតភ្ជាប់រវាងប្រជាជន និងប្រជាជន តាមរយៈជើងហោះហើរត្រង់ឥណ្ឌា-កម្ពុជា ដែលរដ្ឋាភិបាលឥណ្ឌាគ្រោងដាក់ដំណើរការនាពេលឆាប់ៗខាងមុខ។
ក្នុងឆ្នាំ២០២២ ការផ្លាស់ប្តូរពាណិជ្ជកម្មកម្ពុជា-ឥណ្ឌា មានទឹកប្រាក់សរុប ៤៤០លានដុល្លារ កើនឡើង ៤១,៣៧ ភាគរយ ពីចំនួន ៣១១,២៤ លានដុល្លារ កាលពីឆ្នាំ២០២១ ដោយកម្ពុជានាំទំនិញទៅឥណ្ឌា ចំនួន ១៩៦,៦៣ លានដុល្លារ កើនឡើង ៥៦ ភាគរយ និងឥណ្ឌា នាំទំនិញមកវិញ ២៤៣,៣៧ លានដុល្លារ កើន ៣១,៤ ភាគរយ។ នេះបើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕