ប្រទេស​វៀតណាម​កំពុង​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​បន្ទះ​ឈី​ប​ក្នុង​គោលបំណង​ជំរុញ​ការវិនិយោគ និង​អាច​សាង​សង់រោង​ចក្រ​ផលិត​បន្ទះ​ឈី​ប ឬ​ឧបករណ៍​ពាក់កណ្តាល​ចម្លង (Semiconductor) ដំបូង​របស់ខ្លួន​ក្នុងប្រទេស ទោះបី​មានការ​ព្រមាន​ពី​មន្ត្រី​ឧស្សាហកម្ម​​អាមេរិក អំពី​ការចំណាយ​ខ្ពស់​ក៏ដោយ​។ នេះ​បើតាម​ការ​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ​ថ្ងៃទី ៣១ ខែតុលា​។

​វៀតណាមដែលជា​មជ្ឈមណ្ឌល​ផលិត​គ្រឿង​អេឡិចត្រូនិក​នៅ​អាស៊ីអាគ្នេយ៍​នោះ មាន​រោង​ចក្រ​វេច​ខ្ចប់ និង​ធ្វើតេស្ត​បន្ទះ​​ឈី​ប​ដ៏​ធំ​បំផុត​របស់​ក្រុមហ៊ុន​អាមេរិក Intel រួចទៅហើយ​ខណៈ​ប្រទេស​នេះ​ក៏​ជា​កន្លែង​សម្រាប់​ក្រុមហ៊ុន​សូ​ហ្វ​វែ​រ​រចនា​បន្ទះ​ឈី​ប​ជាច្រើន​ផ្សេងទៀត​។ នាពេលនេះ វៀតណាម​កំពុងធ្វើការ​លើ​យុទ្ធសាស្ត្រ ដើម្បី​ទាក់​ទាញ​ការវិនិយោគ​លើ​វិស័យ​បន្ទះ​ឈី​ប​បន្ថែមទៀត​។

​លោក Vu TuThanh ប្រធាន​ការិយាល័យ​វៀតណាម​នៃ​ក្រុម​​ប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អាស៊ាន បាន​ប្រាប់​រ៉​យ​ទ័​រថា វៀតណាម​បានរៀបចំ​កិច្ចប្រជុំ​ជាមួយ​ក្រុម​ហ៊ុន​ផលិត​បន្ទះ​ឈី​ប​អាមេរិក​ប្រហែល​ពាក់កណ្តាល​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ រួមទាំង​ជាមួយ​ប្រតិបត្តិ​ករ​ក្រុម​ហ៊ុន​ផលិត​បន្ទះ​ឈី​ប​ផងដែរ​។

​លោក​បដិសេធ​មិន​បញ្ជាក់​អត្តសញ្ញាណ​ក្រុមហ៊ុន​នោះទេ ដោយសារតែ​ការចរចា​នៅតែ​ស្ថិតក្នុង​ដំណាក់កាល​បឋម​។​

​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​បន្ទះ​ឈី​បម្នាក់ បាន​និយាយប្រាប់​រ៉​យ​ទ័​រ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះថា ការពិភាក្សា​ជាមួយ​អ្នក​​វិនិយោគ​ដែលមាន​សក្តានុពល មានការ​ចូលរួម​ពី​ក្រុមហ៊ុន​ផលិត​ជាប់កិច្ចសន្យា​ពី​អាមេរិក Global Foundries និង​ពី​តៃវ៉ាន់ ​PSMC​។ នាយក​ប្រតិបត្តិ​ដដែល​បាន​បន្ថែមថា គោលបំណង​គឺ​ដើម្បី​សាងសង់​រោងចក្រ​ផលិត​បន្ទះ​ឈី​ប​ដំបូង​គេ​បង្អស់​នៅ​វៀតណាម​ដែល​ភាគច្រើន​ទំនងជា​សម្រាប់​បន្ទះ​ឈី​ប​ទំនើប ដែល​ប្រើ​ក្នុង​រថយន្ត ឬ​សម្រាប់​កម្មវិធី​ទូរគមនាគមន៍​។​

​កិច្ចប្រជុំ​ជាមួយ​ក្រុមហ៊ុន ផលិត​ឈី​ប​ធ្វើឡើង​បន្ទាប់ពី​ប្រ​ធានា​​ធិបតី​អាមេរិក ចូ បៃ​ដិ​ន ធ្វើដំណើរ​ទស្សនកិច្ច​ទៅ​ក្រុង​ហាណូយ​កាលពី​ខែកញ្ញា ហើយ​សេត​វិមាន​បាន​ហៅ​អតីត​សត្រូវ​មួយ​នេះ​ថា​ជា​តួអង្គ​ដ៏​សំខាន់​ក្នុង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​បន្ទះ​ឈី​ប​ពិភពលោក​។

​ទោះយ៉ាងណា​មន្ត្រី​ឧស្សាហកម្ម​វៀតណាម​បាន​និយាយថា កិច្ច​ប្រជុំ​នៅ​ដំណាក់កាល​នេះ​ភាគ​ច្រើន គឺ​ដើម្បី​សាកល្បង​ចំណាប់អារម្មណ៍ និង​ពិភាក្សា​ពី​ការលើក​ទឹកចិត្ត និង​ប្រាក់ឧបត្ថម្ភ​សំខាន់ៗ រួមទាំង​ការផ្គត់ផ្គង់​ថាមពល ហេដ្ឋារចនាសម្ព័ន្ធ និង​លទ្ធភាព​ទទួលបាន​កម្លាំង​ពលកម្ម​ដែល​ទទួលបាន​ការបណ្តុះ​បណ្តាល​។​

​ចំណែកឯ​រដ្ឋាភិបាល​វៀ​ត​ណា​ម​វិញ បាន​និយាយថា ខ្លួន​ចង់​បង្កើត​រោងចក្រ​ផលិត​បន្ទះ​ឈី​ប​ដំបូង​របស់ខ្លួន​នៅ​ចុង​ទសវត្សរ៍​នេះ ហើយ​កាលពី​ថ្ងៃ​ចន្ទ បាន​និយាយថា ក្រុមហ៊ុន​បន្ទះ​ឈី​ប​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​«​ការលើក​ទឹកចិត្ត​ខ្ពស់បំផុត​»​។​

​ទោះជា​យ៉ាងណា លោក Robert Li អនុប្រធាន​ក្រុមហ៊ុន US Synopsys ដែលជា​ក្រុមហ៊ុន​រចនា​បន្ទះ​ឈី​ប​ឈានមុខ​គេ និង​មាន​ប្រតិបត្តិការ​នៅ​វៀតណាម បាន​ជំ​រុញឱ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​នេះ​ «​គិត​ ២ ​ដង​» មុនពេល​ផ្តល់ប្រាក់​ឧបត្ថម្ភ​សម្រាប់​ការ​សាង​សង់រោង​ចក្រ​ផលិត​បន្ទះ​ឈី​ប​។

​ក្នុង​កិច្ចប្រជុំ​កំពូល​ក្នុង​វិស័យនេះ​នៅ​ទីក្រុង​ហាណូយ​កាល​ពីថ្ងៃ​អាទិត្យ លោក​បាន​និយាយថា ការសាងសង់​គ្រឹះ​អាច​ចំណាយ​ប្រាក់​រហូតដល់​ ៥០​ ពាន់​លាន​ដុល្លារ​ ហើយនឹង​មានការ​ប្រកួត​​ប្រជែង​លើ​ការឧបត្ថម្ភ​ធន​ជាមួយ​ប្រទេស​ចិន សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និង​សហភាព​អឺរ៉ុប ដែល​ប្រកាស​ផែនការ​ចំណាយ​លើ​បន្ទះ​ឈី​ប​ពី​ ៥០ ទៅ​ ១៥០ ​ពាន់​លាន​ដុល្លារ​រៀងៗ​ខ្លួន​។

​លោក​ John Neuffer​ ប្រធាន​សមាគម​ឧស្សាហកម្ម​ឈី​ប​​អាមេរិក បានផ្តល់​អនុសាសន៍​ក្នុង​កិច្ចប្រជុំ​ដូចគ្នា ឱ្យ​រដ្ឋាភិបាល​​វៀតណាម​ផ្តោតលើ​វិស័យ​បន្ទះ​​ឈី​ប​ដែល​វៀតណាម​មាន​ភាព​រឹងមាំ​រួច​ទៅបាន​ហើយ​៕