ភ្នំពេញ: មន្ត្រីជាន់ខ្ពស់នៃធនាគារជាតិនៃកម្ពុជា (NBC) លើកទឹកចិត្តដល់ប្រជាពលរដ្ឋគ្រប់រូប រួមទាំងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុសហការគ្នាក្នុងការលើកកម្ពស់ និងការបណ្តុះគំនិតក្នុងការសន្សំប្រាក់ ដែលមិនត្រឹមតែជួយសម្រួលដល់ជីវភាពគ្រួសារនៅពេលដែលមានការចាំបាច់ប៉ុណ្ណោះទេ ប៉ុន្តែក៏អាចទទួលបាននូវផលចំណេញពីការប្រាក់នៅពេលដែលពលរដ្ឋដាក់សន្សំជាមួយគ្រឹះស្ថានហិរញ្ញវត្ថុដែលទទួលប្រាក់សន្សំ និងជួយជំរុញកំណើនសេដ្ឋកិច្ចកាន់តែមានភាពរឹងមាំផងដែរ។
លោក យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជាបានធ្វើការលើកឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ទិវាសន្សំអាស៊ាន» ក្រោមប្រធានបទ «ទម្លាប់សន្សំប្រាក់ ដើម្បីអ្នក និងគ្រួសារអ្នក» កាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៣ នៅទីរួមខេត្តកំពង់ធំ។ លោកថា សព្វថ្ងៃនេះ ប្រជាពលរដ្ឋមួយចំនួនតែងគិតថាចាំមានលុយបានច្រើនជាងនេះ ចាំរកបានលុយច្រើនជាងនេះបន្តិច ចាំចាប់ផ្តើមសន្សំ ឥឡូវចាយសិន។ លុយមានប៉ុន្មានក៏ចាយមិនគ្រប់ដែរ ដូចគេនិយាយថា កាលមុនប្រាក់ខែ ២០០$ ក៏ប៉ុណ្ណោះ ៥០០$ ក៏នៅប៉ុណ្ណោះ នៅមិនមានសល់។
«ជម្រើសនៃការសន្សំប្រាក់សព្វថ្ងៃនេះក៏មានភាពសម្បូរបែបផងដែរ មិនមែនមានតែយកលុយទៅញាត់កូនជ្រូកដី ដូចកាលពីមុន ទើបអាចសន្សំបាននោះទេ យើងអាចសន្សំប្រាក់ជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្លូវការ ព្រោះមានទាំងសុវត្ថិភាព បានទាំងការប្រាក់ មិនបាច់បារម្ភថា លុយស្លេកពណ៌ដូចញាត់កូនជ្រូកនោះទេ។ នៅពេលយើងសន្សំជាមួយគ្រឹះស្ថានផ្លូវការទាំងនេះ មានន័យថា យើងបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ដោយសារប្រាក់សន្សំរបស់សាធារណជនជាមួយគ្រឹះស្ថានផ្លូវការ គឺជាប្រភពមូលធនដ៏សំខាន់មួយសម្រាប់បំពេញតម្រូវការហិរញ្ញវត្ថុរបស់វិនិយោគិនក្នុងប្រទេស»។ នេះបើយោងតាមលោក យឹម លាត។
លោក រ័ត្ន សោភ័ណ អនុប្រធានសមាគមធនាគារនៅកម្ពុជា ក៏បានថ្លែងក្នុងទិវានោះដែរថា ការសន្សំប្រាក់នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនផ្សេងទៀតដូចជា អត្រាការប្រាក់ប្រកួតប្រជែងសុវត្ថិភាព និងមានការពារពីហានិភ័យផ្សេងៗ ជាពិសេសគឺអាចយកប្រាក់សន្សំនេះទៅធ្វើជាទ្រព្យធានា និងមានគុណវុឌ្ឍិក្នុងការខ្ចីឥណទានបានផងដែរ។
លោកបានគូសបញ្ជាក់ថា ការសន្សំប្រាក់នៅតាមគ្រឹះស្ថានធនាគារចូលរួម ចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដោយគ្រឹះស្ថាននឹងចាត់ចែងបន្តផ្តល់ជាទុនជូនប្រជាជនដែលមានតម្រូវការចាប់ផ្តើម និងពង្រីកអាជីវកម្ម។
លោកថា៖ «វិស័យធនាគារមានការរីកចម្រើន និងមានបច្ចេកវិទ្យាទំនើប ប្រជាជនកម្ពុជាក៏បានចាប់ផ្តើមងាកមកសន្សំប្រាក់នៅតាមគ្រឹះស្ថានធនាគារដែលនាំឱ្យមានការកើនឡើងគួរឱ្យ កត់សម្គាល់រហូតដល់ជាង ៣៩ ប៊ីលានដុល្លារអាមេរិក គិតត្រឹមឆមាសទី១ ឆ្នាំ ២០២៣ ដែលមានកំណើនប្រមាណ ៦% និងមានចំនួនគណនី ១៣,៧ លានគណនី។ កត្តាទាំងអស់នេះគឺបង្ហាញពីជំនឿទុកចិត្តរបស់សាធារណជនមកលើប្រព័ន្ធធនាគារនៅកម្ពុជា»។
បើតាមលោកស្រី ឌិត នីតា អនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាក៏បានលើកឡើងក្នុងទិវានោះដែរថា ដើម្បីចូលរួមជំរុញការសន្សំក្នុងតំបន់អាស៊ាន ប្រទេសកម្ពុជា បាននិងកំពុងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុតាមរយៈការរៀបចំ និងអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ ២០១៩-២០២៥។
លោកស្រី នីតា ក៏បានថ្លែងបញ្ជាក់ថា អាទិភាពចម្បងនៃយុទ្ធសាស្ត្រនេះ គឺលើកទឹកចិត្ត និងជំរុញការដាក់ប្រាក់សន្សំនៅតាមគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ ដូចជាធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ដែលទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា»។
លោកស្រីនីតាបានថ្លែងយ៉ាងដូច្នេះទៀតថា៖ «កិច្ចខិតខំប្រឹងប្រែងទាំងនេះបាននិងកំពុងទទួលបានផ្លែផ្កាជាមួយនឹងការកើនឡើងយ៉ាងខ្លាំងនៃចំនួនអ្នកដាក់ប្រាក់បញ្ញើ ដោយបានកើនឡើងពី ១ សែននាក់ក្នុងឆ្នាំ ២០០៦ ដល់ ២,៨ លាននាក់ នៅពាក់កណ្តាលឆ្នាំ ២០២៣។ សម្រាប់សមតុល្យប្រាក់បញ្ញើ គឺបានកើនឡើងយ៉ាងខ្លាំងពី ២,៥ លានដុល្លារទៅជិត ៥ ពាន់លានដុល្លារក្នុងអំឡុងពេលដូចគ្នានេះ»។
លោកស្រីថា ទិន្នន័យនេះបានមកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើចំនួន ៥ រួមទាំងគ្រឹះស្ថានប្រាសាក់ដែលថ្មីៗនេះបានផ្លាស់ក្លាយខ្លួនទៅជាធនាគារពាណិជ្ជផងដែរ៕