ភ្នំពេញៈ កម្ពុជាមានក្តីរំពឹងខ្ពស់នៃការមកដល់នៃភ្ញៀវទេសចរអន្តរជាតិសម្រាប់រដូវរងានេះ ស្របពេលដែលខ្លួនបានត្រៀមរួចរាល់ដើម្បីទទួលស្វាគមន៍មកទស្សនានូវតំបន់រមណីយដ្ឋាននានា ជាពិសេសប្រាសាទអង្គរវត្តជាមួយនឹងវត្តមានអាកាសយានដ្ឋានលំដាប់អន្តរជាតិថ្មី។ នេះបើយោងតាមការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (SSCA)។
លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៣១ តុលា ឆ្នាំ ២០២៣ នេះថាចាប់តាំងពីការដាក់ឱ្យដំណើរការសាកល្បងនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ លោកសង្កេតឃើញថា ចំនួនភ្ញៀវទេសចរអន្តរជាតិបាននិងកំពុងបន្តកើនឡើងជាមធ្យមចំនួន ២ ៧០០ នាក់ ក្នុង ១ ថ្ងៃ កើនឡើងប្រមាណ ១ ពាន់នាក់ បើធៀបនឹងកាលពីសប្តាហ៍មុន ដែលអាកាសយានដ្ឋានអន្តរជាតិថ្មី ទទួលបានអ្នកដំណើររង្វង់ជាមធ្យម ២ ៦០០ នាក់ ក្នុង ១ ថ្ងៃដែលឆ្លុះបញ្ចាំងអំពីភាពកាន់តែប្រសើរឡើងនៃវិស័យទេសចរណ៍។
សម្រាប់អ្នកដំណើរ គឺភាគច្រើនមកពីតំបន់អាស៊ានដែលមានចំណែក ៧៥% និងមកពីអឺរ៉ុប មានចំនួន ២៥%។ លោកថ្លែងថា៖ «សម្រាប់រដូវរងាឆ្នាំ ២០២៣ នេះ ដែលចាប់ផ្តើមពីចុងខែតុលា ឆ្នាំ ២០២៣ ដល់ខែមីនា ឆ្នាំ ២០២៤ យើងព្យាករថា ចំនួនជើងហោះហើរនៅអាកាសយានដ្ឋានសៀមរាបអង្គរនឹងកើនឡើងដល់ ៤០ ជើង ក្នុង ១ សប្តាហ៍ និងចំនួនក្រុមហ៊ុនអាកាសចរណ៍នឹងកើនឡើងចន្លោះពី ៩ ទៅ ១០ ក្រុមហ៊ុន»។
បច្ចុប្បន្ន ចំនួនជើងហើរហោះវិញមានចំនួន ៣៨ ជើងក្នុង ១ ថ្ងៃកើនឡើង ៤ ជើង បើធៀបនឹងកាលពីសប្តាហ៍មុន ដោយជើងហោះហើរទាំងនេះ ភាគច្រើនមកពីតំបន់អាស៊ាន និងចិន។ ក្រុមហ៊ុនអាកាសចរណ៍ចេញ និងចូលនៅព្រលាននេះមានចំនួន ៧ ក្រុមហ៊ុន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហោះសារនៅក្នុងបណ្តាញសង្គមតេឡេក្រាមរបស់លោកនៅព្រឹកថ្ងៃទី ៣១ ខែតុលាថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ត្រូវបានបើកឱ្យដំណើរការនៅថ្ងៃទី ១៦ តុលា ឆ្នាំ ២០២៣។ លោកបានគូសបញ្ជាក់ទៀតថា អាកាសយានដ្ឋាននេះមានលំដាប់ថ្នាក់នៃការហោះហើរប្រភេទ 4E ដែលអាចផ្តល់លទ្ធភាពឱ្យយន្តហោះធុនធំ Boeing747 និង Airbus A340 ធ្វើការចុះចតបាន ដោយនឹងអាចមានលទ្ធភាពទទួលអ្នកដំណើរចំនួន ៧ លាននាក់ក្នុង ១ ឆ្នាំសម្រាប់ផែនការរយៈពេលខ្លី និង ២០ លាននាក់ក្នុង ១ ឆ្នាំសម្រាប់ផែនការរយៈពេលវែង។
លោកថា៖ «កាលានុវត្តភាពថ្មីនេះ នឹងក្លាយជាសក្តានុពលស្រូបទាញដ៏ខ្លាំងក្លា និងសំខាន់សម្រាប់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប និយាយដោយឡែក ព្រមទាំងវិស័យទេសចរណ៍ទូទាំងប្រទេស និយាយជារួម។ ការណ៍នេះ នឹងអាចទាក់ទាញដល់វិនិយោគិន ក៏ដូចជាផ្តល់ប្រយោជន៍សេដ្ឋកិច្ចមូលដ្ឋានដល់ប្រជាពលរដ្ឋ»។
លោកក៏បានលើកឡើងថា ផ្លូវអាកាស គឺអាទិភាពគន្លឹះទី២ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ហើយក៏ស្ថិតនៅក្នុងកិច្ចការអាទិភាពទី២ នៃបញ្ចកោណទី២ ដោយផ្តោតលើការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងឡូជីស្ទិក ដែលមានគោលដៅយុទ្ធសាស្ត្រ ផ្តោតលើការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ៕