រដ្ឋាភិបាលថៃបានទម្លាក់កម្ចីដែលមានអត្រាការប្រាក់ទាប (Soft Loan) សម្រាប់សម្រាប់បន្ទុកដល់ពលករថៃដែលកំពុងជ្រើសរើសបន្តស្នាក់នៅក្នុងប្រទេសអ៊ីស្រាអែល ដែលមានសង្គ្រាមដោយសារតែការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុ ខណៈរដ្ឋាភិបាលកំពុងចរចាជាមួយប្រទេសដែលស្និទ្ធនឹងក្រុមហាម៉ាស់ដើម្បីរំដោះចំណាប់ខ្មាំង។
យោងតាមការផ្សាយរបស់សារព័ត៌មាន The Nation នាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន បាននិយាយថា គណៈរដ្ឋមន្ត្រីបានសម្រេចចិត្តប្រើប្រាក់លើកទឹកចិត្ត ដើម្បីព្យាយាមបញ្ចុះបញ្ចូលពលករថៃឱ្យត្រឡប់ទៅផ្ទះវិញនៅពេលនេះ ដែលការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស់ប៉ាឡេស្ទីន កាន់តែមានភាពតានតឹងឡើងៗ។
គណៈរដ្ឋមន្ត្រីថៃនៅថ្ងៃអង្គារក៏បានយល់ព្រមផ្តល់ទឹកប្រាក់៥០០០០បាត (ជិត១៤០០ដុល្លារ) សម្រាប់ពលករដែលស្ម័គ្រចិត្តវិលមកប្រទេសវិញ។
យោងតាមក្រសួងការងាររបស់ប្រទេសថៃ មានជនជាតិថៃចំនួន ៣០០០០នាក់នៅក្នុងប្រទេសអ៊ីស្រាអែល ដែលភាគច្រើនធ្វើការក្នុងវិស័យកសិកម្ម។
ក្រសួងការបរទេសថៃបានបញ្ជាក់កាលពីថ្ងៃអាទិត្យថា ជនជាតិថៃចំនួន ៣២ នាក់ត្រូវបានសម្លាប់ និង ១៩ នាក់បានរងរបួសនៅក្នុងការប្រយុទ្ធគ្នា ខណៈ ២២ នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស់។
ការសម្រេចចិត្តរបស់រដ្ឋាភិបាលកើតឡើងចំពេលដែលអ៊ីស្រាអែលទម្លាក់គ្រាប់បែកមិនឈប់ឈរលើតំបន់ហ្គាហ្សាស្ទ្រីបដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ ដោយក្រសួងសុខាភិបាលនៅក្នុងទឹកដីប៉ាឡេស្ទីនដែលឡោមព័ទ្ធបាននិយាយថាមនុស្សជាង៨៥០០នាក់ត្រូវបានសម្លាប់ក្នុងនោះមានកុមារជាង៣៥០០នាក់។
ការវាយប្រហាររបស់អ៊ីស្រាអែលបានកើតឡើងជាការឆ្លើយតបទៅនឹងការវាយប្រហារកាលពីថ្ងៃទី៧ខែតុលាដែលក្រុមសកម្មប្រយុទ្ធហាម៉ាស់បានបើកការវាយប្រហារចូលអ៊ីស្រាអែលដោយបានសម្លាប់មនុស្ស ១៤០០ ដែលជាជនស៊ីវិលភាគច្រើន។
កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីការបរទេសថៃ បានចេញដំណើរទៅកាន់ប្រទេសកាតា និងបន្តដំណើរទៅកាន់ប្រទេសអេហ្ស៊ីបនៅថ្ងៃពុធ ដើម្បីជួបមេដឹកនាំនៃប្រទេសទាំងពីរនោះ ដែលមានឥទ្ធិពលលើក្រុមហាម៉ាស់ដើម្បីចរចារំដោះចំណាប់ខ្មាំងទាំងឡាយដែលក្រុមហាម៉ាស់ចាប់ទៅកាលពីថ្ងៃទី៧ខែតុលានោះ៕
នាយករដ្ឋមន្ត្រីថៃ បានប្រាប់អ្នកយកព័ត៌មានថា ស្ថានទូតថៃប្រចាំនៅទីក្រុងតែល អាវីវ (Tel Aviv) បានរាយការណ៍ថា ទាំងប្រតិបត្តិការជើងគោក និងការទម្លាក់គ្រាប់បែកតាមអាកាសរបស់អ៊ីស្រាអែលបានពង្រីក ហើយថាវាមានគ្រោះថ្នាក់ខ្លាំងពេកក្នុងការបន្តរស់នៅក្នុងប្រទេសអ៊ីស្រាអែលនោះទេ។
លោកបានមានប្រសាសន៍ថា៖«ខ្ញុំបញ្ជាក់ជំហរថា រដ្ឋាភិបាលចង់ឲ្យប្រជាជនរបស់យើងវិលមកវិញ»។
លោកបានបន្ថែមថា រដ្ឋាភិបាលបានវិភាគស្ថានការណ៍ហើយបានដោះស្រាយថាប្រជាជនថៃមួយចំនួនមានការស្ទាក់ស្ទើរក្នុងការចាកចេញពីអ៊ីស្រាអែលដោយសារបញ្ហាហិរញ្ញវត្ថុ។
ជាលទ្ធផល គណៈរដ្ឋមន្ត្រីបានសម្រេចផ្តល់សំណងចំនួន៥ម៉ឺនបាតដល់ពលករថៃម្នាក់ៗដែលត្រឡប់មកពីប្រទេសអ៊ីស្រាអែល ហើយពួកគេក៏នឹងមានសិទ្ធិទទួលបានប្រាក់កម្ចីការប្រាក់ទាបចំនួន១៥ម៉ឺនបាតផងដែរ៕