ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម បាននិងកំពុងសហការជាមួយដៃគូអភិវឌ្ឍន៍ និងដៃគូពាក់ព័ន្ធ ក្នុងការត្រៀមរៀបចំប្រារព្ធទិវាស្វាយចន្ទី ដែលគ្រោងនឹងប្រព្រឹត្តទៅនៅសប្ដាហ៍ទី២ ខែធ្នូ ខាងមុខក្នុងគោលបំណងប្រមូលផ្តុំតួអង្គពាក់ព័ន្ធក្នុងវិស័យស្វាយចន្ទី រៀបចំការដាក់តាំងបង្ហាញ ប្រកួតប្រជែងគុណភាព ស្នាដៃផលិត និងការកែច្នៃ សំដៅលើកកម្ពស់វិស័យស្វាយចន្ទី កម្ពុជា។
ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៣ បានរៀបចំកិច្ចប្រជុំដែលដឹកនាំដោយ លោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម រួមនឹងមានការចូលរួមពីមន្ត្រីជំនាញនៃក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងសហព័ន្ធស្វាយចន្ទីកម្ពុជា សមាគមស្វាយចន្ទីកម្ពុជា និងតំណាងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ រួមមាន ប្រតិភូសហភាពអឺរ៉ុប អង្គការ GIZ អង្គការ FAO អង្គការ CIRD និងអង្គការ HEKS ផងដែរ។
ក្រសួងពាណិជ្ជកម្មបានបញ្ជាក់តាមរយៈហ្វេសប៊ុកថា កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យ និងពិភាក្សាលើការរៀបចំសេចក្តីព្រាងកម្មវិធីសម្រាប់ទិវាស្វាយចន្ទីដើម្បីឱ្យមានភាពទាក់ទាញ និងលើកកម្ពស់កេរ្តិ៍ឈ្មោះស្វាយចន្ទីកម្ពុជាស្របតាមគោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ ២០២២-២០២៧ ដែលទទួលបានការអនុម័តពីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៣ កន្លងទៅ។
ទាក់ទងនឹងការងារនេះដែរ លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ឱ្យដឹងបន្ថែមថា ទិវាស្វាយចន្ទីនេះ គ្រោងធ្វើនៅខេត្តកំពង់ធំនេះ នឹងប្រមូលផ្ដុំតួអង្គពាក់ព័ន្ធក្នុងវិស័យនេះ ដោយមានសកម្មភាពសំខាន់ៗមួយចំនួន រួមមាន ការផ្សព្វផ្សាយគោលនយោបាយជាតិស្តីពីស្វាយចន្ទី ការចែករំលែកបទពិសោធន៍ និងការអនុវត្តល្អក្នុងវិស័យស្វាយចន្ទី និងការដាក់តាំងបង្ហាញផលិតផល ជាដើម។
លោកបានប្រាប់ថា៖ «ការរៀបចំពិធីនេះ គឺអនុលោមទៅតាមផែនការ សកម្មភាព នៅក្នុងគោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ ២០២២ ដល់ ២០២៧»។
លោក អួន ស៊ីឡុត សមាគមស្វាយចន្ទីកម្ពុជាក៏ឱ្យដឹងដែរថា សមាគមត្រូវបានអញ្ជើញឱ្យចូលរួម ដើម្បីជួយរៀបចំតាមការចាត់ចែងរបស់ក្រសួងពាណិជ្ជកម្ម។ លោកថ្លែងថា វិស័យស្វាយចន្ទី ជាវិស័យមួយដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចាត់ទុក ជាវិស័យនាំមុខទី៣ បន្ទាប់ពីស្រូវ និងដំឡូងមី ដែលនាំចំណូលចាក់ចូលចរន្តសេដ្ឋកិច្ចជាតិ។
ទោះយ៉ាងណា ៩៥ ភាគរយ នៃគ្រាប់ស្វាយចន្ទីឆៅត្រូវបាននាំចេញទៅប្រទេសវៀតណាម ដែលធ្វើឱ្យកម្ពុជា បាត់តម្លៃបន្ថែមដល់កសិករ និងមិនអាចបង្កើតការងារជូនពលករក្នុងសហគមន៍។ ក្រសួងពាក់ព័ន្ធ បានរៀបចំជាគោលនយោបាយជាតិស្តីពីស្វាយចន្ទីដើម្បីជួយលើកតម្កើងវិស័យមួយនេះ។
លោកស៊ីឡុតបញ្ជាក់ថា៖ «គោលនយោបាយនេះមានគោលដៅ សំខាន់ចំនួន ៣ គឺដើម្បីប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសផលិត និងផ្គត់ផ្គង់ស្វាយចន្ទីដ៏សំខាន់មួយ សម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក»។
សូមជម្រាបថា គោលនយោបាយជាតិស្តីពីស្វាយចន្ទីនឹងជួយលើកកម្ពស់ទិន្នផលនៃការផលិតនូវផលិតកម្ម ប្រកបដោយគុណភាពប្រកួតប្រជែង, ជំរុញការធ្វើឧស្សាហូបនីយកម្ម ដើម្បីបង្កើនតម្លៃបន្ថែមលើការប្រមូលផល និងកែច្នៃអនុផលស្វាយចន្ទី ឱ្យសម្រេចបានដល់ ២៥ ភាគរយ នៅឆ្នាំ ២០២៧ និងយ៉ាងតិច ៥០ ភាគរយ នៅឆ្នាំ ២០៣២, ជំរុញការនាំចេញ តាមរយៈការធ្វើពិពិធកម្មទីផ្សារ ការផ្សារភ្ជាប់អន្តរវិស័យក្នុងការនាំចេញ កិច្ចសម្រួលពាណិជ្ជកម្ម ការកាត់បន្ថយថ្លៃដើម និងការលើកកម្ពស់ឧត្តមភាពលើទីផ្សារ។
បើតាមរបាយការណ៍សមាគមស្វាយចន្ទីកម្ពុជា បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីដាំដុះស្វាយចន្ទីជាង ៦៥ ម៉ឺនហិកតា (ការសន្និដ្ឋាននៃការដាំថ្មីបន្ថែមប្រហែល៤ ម៉ឺនហិកតាទៀត)។ ចំណែកផលិតកម្មស្វាយចន្ទី ក្នុងរយៈពេល ៩ ខែ ឆ្នាំ២០២៣ (មករា-កញ្ញា ២០២៣) នេះ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅបាន ៦៣៩ ០០០ តោន។ ក្នុងនោះនាំចេញទៅវៀតណាមបានសរុប ៦១៣ ២០០ តោន ស្មើទឹកប្រាក់ ៨២៩ លានដុល្លារ ថយចុះ ១៦,៣ ភាគរយ បើធៀបរយៈកាលដូចគ្នា ទៅនឹងឆ្នាំ ២០២២។ តម្លៃមធ្យមគ្រាប់ស្ងួត ១ ៦៥៨ ដុល្លារ ក្នុង ១ តោន៕