«អង្ករខ្មែរជើងដំបូង» ចំនួន ៣ ៥០០ តោន បានដឹកទៅដល់កំពង់ផែឥណ្ឌូនេស៊ីជាផ្លូវការហើយ នាព្រឹកថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៣ ដោយមានការរៀបចំពិធីបើកកុងតឺន័រជាផ្លូវការផងដែរ បន្ទាប់ពីចរចាបើកទីផ្សារបានសម្រេច កាលពីខែសីហា កន្លងទៅនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងតាមរយៈតេឡេក្រាមថា នេះជាលទ្ធផលនៃកិច្ចខំប្រឹងប្រែងក្នុងការចរចាបើកទីផ្សារ និងជំរុញការនាំចេញរហូតបានសម្រេច តាមរយៈការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងការចូលរួមពីសំណាក់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ រាប់ចាប់តាំងពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក៏ដូចជាវិស័យឯកជនជាដៃគូ គឺសហព័ន្ធស្រូវអង្ករកម្ពុជា។
លោកបានបញ្ជាក់ថា៖ «កិច្ចខំប្រឹងប្រែងទាំងអស់នេះ ធ្វើឡើងស្របទៅតាមគោលនយោបាយបញ្ចកោណដំណាក់កាលទី១ ផ្ដោតលើការលើកស្ទួយកសិកម្ម និងការអភិវឌ្ឍជនបទ ដែលផ្ដោតលើការបន្តពង្រឹងតួនាទី និងការអភិវឌ្ឍវិស័យកសិកម្មឱ្យទំនើប សម្បូរបែប និងមានភាពធន់ ដែលគាំទ្រដល់ការអភិវឌ្ឍជនបទ សំដៅធានាសន្តិសុខ និងសុវត្ថិភាពស្បៀង, បង្កើនតម្លៃបន្ថែមខ្ពស់, ជំរុញភាពប្រកួតប្រជែង និងលើកកម្ពស់គុណភាពជីវភាពប្រជាជននៅទីជនបទ»។
លោក ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានលើកឡើងឱ្យដឹងនៅថ្ងៃទី ២ ខែវិច្ឆិកាដែរថា អង្ករស-កម្ពុជា ជើងទី១ បានទៅដល់ទឹកដីឥណ្ឌូនេស៊ី ចំនួន ៣ ៥០០ តោន និងបន្តដឹកជញ្ជូនចំនួន ២ ជើងបន្ថែមទៀត សរុប ១០ ០០០ តោន។
លោកមានប្រសាសន៍ថា៖ «ទឹកប្រាក់សរុបលើកិច្ចសន្យាទី១ គឺប្រមាណ ៦,៥ លានដុល្លារ ដែលដឹកចេញជា ៣ ដង។ ការដឹកចេញលើកទី១ បានទៅដល់គោលដៅ នឹងបានរៀបចំពិធីបើកទូក្នុងថ្ងៃនេះផងដែរចំនួន ៣ ៥០០ តោន»។
អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា បានប្រាប់ឱ្យដឹងដែរថា នេះគឺជាទីផ្សារថ្មីមួយទៀតសម្រាប់អង្ករកម្ពុជា នៅក្នុងតំបន់។
កញ្ញាបានថ្លែងថា៖ «ខ្ញុំសូមអបអរសាទរ និងអរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធទាំងអស់ ទាំងស្ថាប័នរដ្ឋ និងឯកជន ដែលបានជំរុញការចរចាបើកទីផ្សារ រហូតសម្រេចបានការនាំចេញជាផ្លូវការនាពេលនេះ»។
កញ្ញា អ៊ឹម រចនា បានបន្តថា៖ «អ្វីៗទាំងអស់ដែលយើងប្រឹងប្រែងរួមគ្នាធ្វើនាពេលនេះ មានគោលដៅសំខាន់ចុងក្រោយបំផុត គឺផ្ដល់ផលចំណេញផ្នែកសេដ្ឋកិច្ចសម្រាប់បងប្អូន ពូ មីង ដែលជាប្រជាកសិករឱ្យស័ក្តិសមទៅនឹងការហត់នឿយរបស់ពួកគាត់ ការឈានទៅមុខនៃវិស័យកសិកម្មកម្ពុជា ក៏ដូចជាជោគជ័យនៃកិច្ចសហការរួមគ្នារវាងវិស័យរដ្ឋនិងឯកជន ដើម្បីរួមចំណែកដល់កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា»។
សូមរំឭកដែរថា កាលពីថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ ឥណ្ឌូនេស៊ីបានឯកភាពទិញអង្ករពីកម្ពុជាក្នុងបរិមាណ ១២៥ ០០០ តោន ក្នុងនោះអង្ករសបរិមាណ ១០០ ០០០ តោន ដោយប្រើប្រាស់យន្តការ ក្រុមហ៊ុនBulog និងក្រុមហ៊ុន ហ្គ្រីនត្រេដ និងបរិមាណ ២៥ ០០០តោនទៀត ជាប្រភេទអង្ករប្រណីត ដោយអនុវត្តរវាងក្រុមហ៊ុន ID Food និងសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា CRF។ នេះបើយោងតាមការប្រកាសរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា។
យោងតាមក្រសួងពាណិជ្ជកម្មដដែល ភាគីកម្ពុជា និងឥណ្ឌូនេស៊ី ក៏បានឯកភាពគ្នាឱ្យមានការរៀបចំឡើងវិញនូវអនុស្សរណៈនៃការយោគយល់ស្តីពីការធ្វើពាណិជ្ជកម្មអង្ករ រវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ី ក្នុងបរិមាណអង្កររហូតដល់ ២៥០ ០០០ តោន ក្នុងរយៈពេល ១ ឆ្នាំ សម្រាប់សុពលភាព ៤ ឆ្នាំ៕