ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម ប្រាប់ឱ្យអាជីវករ និងម្ចាស់ក្រុមហ៊ុនក្នុងស្រុកទាំងអស់ដែលមានបំណងផ្សព្វផ្សាយពីផលិតផលរបស់ខ្លួនអាចមកសួរព័ត៌មាននៅទីស្តីការក្រសួង ខណៈក្រសួងនឹងរៀបចំពិព័រណ៍ផលិតផលខ្មែរក្នុងឱកាសពិធីបុណ្យសមុទ្រលើកទី ១០ នៅក្រុងកែបនាពេលឆាប់ៗនេះ។
សេចក្តីជូនដំណឹងពីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី ៣០ ខែតុលា បានឱ្យដឹងថា ក្នុងយុទ្ធសាស្ត្រជំរុញ និងលើកកម្ពស់ផលិតផលក្នុងស្រុកឱ្យមានការទទួលស្គាល់ និងប្រើប្រាស់ឱ្យកាន់តែទូលំទូលាយនៅទូទាំងប្រទេស ក្រសួងនឹងរៀបចំពិព័រណ៍ផលិតផលខ្មែរក្នុងឱកាសនៃពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៣ នៅក្រុងកែប ខេត្តកែប។
លិខិតបញ្ជាក់ថា៖ «ក្នុងអំឡុងពេលនៃការរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្ម ផ្សារភ្ជាប់នឹងទេសចរណ៍នាឱកាសនោះ ក្រសួងសូមអញ្ជើញលោក លោកស្រីជាផលិតករ សិប្បករ ម្ចាស់ក្រុមហ៊ុន សហគ្រាសក្នុងស្រុក នាំយកផលិតផលខ្មែរដែលមានគុណភាពខ្ពស់ មានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ និងមានការវេចខ្ចប់ល្អត្រឹមត្រូវអនុលោមតាមស្តង់ដាផលិតកម្មមកពីគ្រប់ទិសទីទូទាំងប្រទេសមកដាក់តាំងបង្ហាញផ្សព្វផ្សាយ និងស្វែងរកដៃគូពាណិជ្ជកម្មក្នុងឱកាសនេះ»។
លិខិតបន្តថា ក្រសួងសូមផ្តល់អាទិភាពខ្ពស់លើផលិតផល និងសេវាទើបនឹងបង្កើតថ្មី មានគំនិតច្នៃប្រឌិតខ្ពស់ ដែលម្ចាស់អាជីវកម្មមានបំណងចូលរួមតាំងបង្ហាញស្នាដៃរបស់ខ្លួន សូមរួសរាន់មកដាក់ពាក្យចូលរួម ព្រោះចំនួនស្តង់មានកំណត់។
ប្រធានសមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្ត្រទំនិញអំបិលកំពត កែប លោក ប៊ុន ណារិន បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២ ខែវិច្ឆិកាថា ការរៀបចំពិធីតាំងពិព័រណ៍ផលិតផលខ្មែរក្នុងអំឡុងពិធីបុណ្យសមុទ្រលើកទី១០ នាដើមខែធ្នូខាងមុខ គឺពិតជាឱកាសល្អមួយសម្រាប់ផលិតករសិប្បករ និងសហគ្រាសក្នុងស្រុកទាំងអស់ដើម្បីអាចនាំយកផលិតផលខ្លួនទៅដាក់តាំងបង្ហាញ និងផ្សព្វផ្សាយឱ្យសាធារណជនស្គាល់ពីម៉ាកសញ្ញា និងគុណភាព។
លោកបន្តថា ទោះបីយ៉ាងណាលោកមិនទាន់មានព័ត៌មានលម្អិតពីលក្ខខណ្ឌដែលក្រសួងតម្រូវដូចជា ប្រភេទផលិតផលអាចចូលរួមបាន ការបង់កម្រៃសេវា ... និងទីតាំងដាក់តាំង ជាដើម។
លោកថ្លែងថា៖ «ក្នុងនាមជាផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) យើងពិតជាចង់ផ្សព្វផ្សាយឱ្យសាធារណជនជាតិ និងអន្តរជាតិស្គាល់ពីគុណភាព និងសម្បកវេចខ្ចប់ផលិតផលអំបិលខ្មែរឱ្យកាន់តែច្រើន។ បើក្រសួងផ្តល់កន្លែងសមរម្យយើងចូលរួម»។
លោកបន្តទៀតថា ក្នុងនាមសមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្ត្រទំនិញអំបិលកំពត កែប លោក និងគណៈកម្មការសមាគមកំពុងខិតខំយ៉ាងខ្លាំងក្នុងការផ្សព្វផ្សាយឱ្យសាធារណជនបានស្គាល់ពីផលិតផលអំបិល GI នេះ។
ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាលោក តែ តាំងប៉ ធ្លាប់និយាយថា ទន្ទឹមនឹងការខិតខំពង្រឹង និងពង្រីកផលិតផល ការផ្សព្វផ្សាយគឺជារឿងចាំបាច់ ខណៈសកម្មភាពផលិតកម្ម និងចំនួនរោងចក្រ/សហគ្រាសនៅកម្ពុជាបានកើនឡើងជាលំដាប់។
លោកប្រាប់ថា៖ «ការផ្សព្វផ្សាយគឺភាពចាំបាច់សម្រាប់ការវិវឌ្ឍអាជីវកម្មនីមួយៗ»។
ឆ្នាំ ២០២៣ គឺជាលើកទី១០ ដែលប្រទេសកម្ពុជារៀបចំពិធីបុណ្យសមុទ្រ ខណៈវាជាលើកទី ៣ សម្រាប់ខេត្តកែបដែលត្រូវធ្វើជាម្ចាស់ផ្ទះ ដោយលើកទី១ កាលពីឆ្នាំ ២០១៣ និងលើកទី២ ក្នុងឆ្នាំ ២០១៧។ កាលពីឆ្នាំ ២០២២ បុណ្យសមុទ្រត្រូវបានធ្វើនៅខេត្តព្រះសីហនុ។ បុណ្យសមុទ្រត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ (លើកលែងអំឡុងពេលការរីករាលដាលជំងឺកូវីដ ១៩) ដោយប្តូរវេន រវាងខេត្តនៅជាប់មាត់សមុទ្រទាំង ៤ គឺខេត្តកែប កំពត ព្រះសីហនុ និងខេត្តកោះកុង៕