ភ្នំពេញៈ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករ លោក សុង សារ៉ន បានលើកឡើងថា វត្តមានជាផ្លូវការលើកដំបូងរបស់អង្ករកម្ពុជានៅប្រទេសឥណ្ឌូនេស៊ី គឺជាប្រវត្តិសាស្ត្រថ្មី ១ ទៀតនៃទីផ្សារនាំចេញអង្ករកម្ពុជា ដែលកើតឡើងពីការខិតខំរួមគ្នាគ្រប់ផ្នែកពាក់ព័ន្ធទាំងរាជរដ្ឋាភិបាល និងផ្នែកឯកជន។ ការណ៍នេះគឺជាការបើកទីផ្សារថ្មីសម្រាប់អង្ករកម្ពុជានាំចេញទៅប្រទេសប្រជាជាតិអាស៊ានដែលមានចំនួនប្រជាជនច្រើនជាងគេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីព្រឹកថ្ងៃទី ២ ខែវិច្ឆិកា បានបង្ហោះនៅលើបណ្តាញសង្គមផ្លូវការផ្ទាល់ខ្លួនថា «អង្ករខ្មែរជើងដំបូង» បានដឹកទៅដល់កំពង់ផែប្រទេសឥណ្ឌូនេស៊ី ជាផ្លូវការនាព្រឹកថ្ងៃទី ២ វិច្ឆិកា ២០២៣ បន្ទាប់ពីការចរចាបើកទីផ្សារបានសម្រេចក្នុងខែសីហា ឆ្នាំ ២០២៣។ នេះជាលទ្ធផល ១ ទៀតនៃកិច្ចខំប្រឹងប្រែងក្នុងការចរចាបើកទីផ្សារ និងជំរុញការនាំចេញរហូតបានសម្រេចក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធ រាប់ចាប់តាំងពីក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏ដូចជាវិស័យឯកជនជាដៃគូ គឺសហព័ន្ធស្រូវអង្ករកម្ពុជា (CRF)។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា៖ «កិច្ចខំប្រឹងប្រែងទាំងអស់នេះ ធ្វើឡើងស្របទៅតាមគោលនយោបាយបញ្ចកោណដំណាក់កាលទី១ ផ្ដោតលើការលើកស្ទួយកសិកម្ម និងការអភិវឌ្ឍជនបទ ដែលផ្ដោតលើការបន្តពង្រឹងតួនាទី និងការអភិវឌ្ឍវិស័យកសិកម្មឱ្យទំនើប សម្បូរបែប និងមានភាពធន់ ដែលគាំទ្រដល់ ការអភិវឌ្ឍជនបទ សំដៅធានាសន្តិសុខ និងសុវត្ថិភាពស្បៀង, បង្កើនតម្លៃបន្ថែមខ្ពស់,ជំរុញភាពប្រកួតប្រជែង និងលើកកម្ពស់គុណភាពជីវភាពប្រជាជននៅទីជនបទ»។
ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) លោក សុង សារ៉ន បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២ ខែវិច្ឆិកាថា នេះជាប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់ទីផ្សារនាំចេញអង្ករកម្ពុជាដែលកើតឡើងពីការខិតខំរួមគ្នាពីគ្រប់ផ្នែកពាក់ព័ន្ធទាំងរដ្ឋាភិបាល និងឯកជន។
លោកបានថ្លែងថា៖ «ការនាំចេញទៅឥណ្ឌូនេស៊ី បានបង្ហាញពីការរីកចម្រើននៃវិស័យស្រូវអង្ករកម្ពុជា តាមរយៈការដាក់ចេញយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលរដ្ឋាភិបាល»។
កាលពីថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៣ ភាគីតំណាងរាជរដ្ឋាភិបាលកម្ពុជា និងឥណ្ឌូនេស៊ី បានធ្វើពិធីទទួលស្វាគមន៍ជាផ្លូវការ ចំពោះការមកដល់អង្ករកម្ពុជា នៅក្នុងបរិមាណ ៣ ៥០០ តោនជាលើកដំបូងនៅកំពង់ផែ Tanjung Emas Harbor ទីក្រុងស៊ីម៉ារ៉ាំង នៃខេត្តចាវ៉ាកណ្ដាល ដែលរៀបចំដោយទីភ្នាក់ងារជាតិគ្រប់គ្រងស្បៀងអាហារ (NFA) ប្រទេសឥណ្ឌូនេស៊ី។
ក្នុងសន្និសីទសារព័ត៌មានទទួលការមកដល់នៃអង្ករពីប្រទេសកម្ពុជា លោក Areif Prasetyo Adi អគ្គនាយក NFA និងលោក Akhmad Kholisun ប្រធានក្រុមហ៊ុន Perum BULOG សាខាខេត្តចាវាកណ្ដាល បានបញ្ជាក់ថា អង្ករស (White Rice) របស់កម្ពុជាពិតជាមានគុណភាពល្អ ហើយថ្នាក់ដឹកនាំនៃស្ថាប័នខាងលើសង្កត់ធ្ងន់ថា សូមភាគីកម្ពុជាត្រៀមលក្ខណៈក្នុងការផលិតឱ្យបានច្រើនថែមទៀតដើម្បីនាំមកកាន់ទីផ្សារឥណ្ឌូនេស៊ី ក្នុងពេលឆាប់ៗ។
អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា បានឱ្យដឹងថា ឥណ្ឌូនេស៊ី គឺជាទីផ្សារថ្មីមួយទៀតសម្រាប់អង្ករកម្ពុជានៅក្នុងតំបន់។ អ្វីៗដែលយើងប្រឹងប្រែងរួមគ្នាធ្វើពេលនេះ គឺមានគោលដៅសំខាន់ចុងក្រោយបំផុត គឺផ្ដល់ផលចំណេញផ្នែកសេដ្ឋកិច្ចសម្រាប់បងប្អូនពូមីង ជាប្រជាកសិករឱ្យស័ក្តិសមនឹងការហត់នឿយរបស់ពួកគាត់ និងការឈានទៅមុខនៃវិស័យកសិកម្មកម្ពុជា ក៏ដូចជាជោគជ័យនៃកិច្ចសហការរួមរវាងវិស័យរដ្ឋ និងឯកជន ដើម្បីរួមចំណែកដល់កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា។
កញ្ញាលើកឡើងថា៖ «ខ្ញុំសូមអបអរសាទរ និងអរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធទាំងអស់ ទាំងស្ថាប័នរដ្ឋ និងឯកជន ដែលបានជំរុញការចរចាបើកទីផ្សាររហូតសម្រេចបានការនាំចេញជាផ្លូវការពេលនេះ»។
កម្ពុជាបានទទួលការបញ្ជាទិញអង្ករពីក្រុមហ៊ុន Perum BULOG ឥណ្ឌូនេស៊ី មកកាន់ក្រុមហ៊ុន Green Trade (កម្ពុជា) ក្នុងបរិមាណសរុប ១០ ០០០ តោន សម្រាប់ឆ្នាំ ២០២៣។ អង្ករចំនួន ៣ ៥០០ តោន បានមកដល់ឥណ្ឌូនេស៊ី នៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៣។ បើតាមក្រុមហ៊ុន Green Trade អង្ករចំនួន ៣ ០០០ តោនបន្ថែមទៀត បានចាកចេញពីកំពង់ផែកម្ពុជា កាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៣ និង ៣ ៥០០ តោនទៀតគ្រោងនឹងបញ្ជូនចេញពីកម្ពុជា នៅថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២៣។
ជាមួយនឹងដំណឹងដ៏ល្អខាងលើ កាលពីថ្ងៃទី ២៨ ខែតុលា កន្លងមកថ្មីៗនេះ អង្ករកម្ពុជា «អង្ករពូជស្រូវសែនក្រអូប» ក៏ទើបបានឈ្នះពានមាស នៅក្នុងកម្មវិធីវាយតម្លៃគុណភាពរសជាតិប្រភេទអង្ករសគ្រាប់វែងចិន-អាស៊ាន លើកទី១ (1st China-ASEAN Taste Quality Appraisal Activities ដែលរៀបចំនៅប្រទេសចិនផងដែរ។
របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជាឱ្យដឹងថា ក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៣ កម្ពុជាបាននាំចេញអង្ករចំនួន ៤៥៦ ៥៨១ តោន ដែលនាំចេញដោយក្រុមហ៊ុនចំនួន ៥៥ ទៅគោលដៅចំនួន ៥៧ គិតជាប្រាក់បានចំនួន ៣២៧,៤៥ លានដុល្លារ។ ក្នុងនោះនាំទៅប្រទេសចិន និងហុងកុង ១៥៥ ៣៦៦ តោន គិតជាប្រាក់ ៩៩,៦៥ លានដុល្លារ, ទៅប្រទេសទ្វីបអឺរ៉ុប (២៦ ប្រទេស) ចំនួន ១៩០ ៧៨៨ តោន គិតជាប្រាក់ ១៣៨,៩៨ លានដុល្លារ, ប្រទេសសមាជិកអាស៊ាន ៥ ប្រទេស មានចំនួន ៤៥ ៣០៦ តោន គិតជាប្រាក់ ៣១,៣២ លានដុល្លារ និងគោលដៅផ្សេងទៀតចំនួន ២៤ ប្រទេស ចំនួន ៦៦ ៣៣១ តោន គិតជាប្រាក់ ៥៧,៤៩ លានដុល្លារ៕