រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក យ៉ងសាំង កុមារ បានលើកឡើងថា កម្ពុជា បានបញ្ចប់ការប្រមូលស្រូវស្រាលរដូវវស្សាលើផ្ទៃដី ៧៥ ម៉ឺនហិកតាដោយទទួលបានផលចំនួន ៣ លានតោន ខណៈដែលការប្រមូលស្រូវរដូវវស្សាសំខាន់បន្ទាប់ទៀតគឺនៅខែវិច្ឆិកា និងខែធ្នូ ២០២៣ នេះ នឹងមានការប្រមូលលើផ្ទៃដីសរុបចំនួនប្រមាណ ២,១ លានហិកតា និងផលរំពឹងសរុបប្រមាណ ៦,៣ លានតោន។
លោក យ៉ងសាំង កុមារ តាមរយៈបណ្តាញហ្វេសប៊ុកផ្លូវការរបស់លោក កាលពីថ្ងៃទី៣ ខែវិច្ឆិកា បានបង្ហោះថា កម្ពុជារំពឹងប្រមូលផលស្រូវរដូវវស្សាសរុបបានរហូតដល់ ៩,៣ លានតោន គឺលើសរដូវវស្សាឆ្នាំមុន ប្រមាណ ០,៦ លានតោន ខណៈដែលកាលពីឆ្នាំ២០២២ ការប្រមូលផលស្រូវវស្សាបានប្រមាណ៨,៧ លានតោន។
ទោះជាយ៉ាងណាក៏ដោយ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ លោក យ៉ងសាំង កុមារ បានប្រាប់ឱ្យដឹងបន្ថែមថា វាគ្រាន់តែជាការរំពឹងទុករបស់ក្រសួងតែប៉ុណ្ណោះ ដោយលទ្ធផលជាក់ស្តែងវាអាស្រ័យទៅលើការប្រែប្រួលអាកាសធាតុ និងកត្តាប្រឈមនានាមួយចំនួនទៀត។
លោកបានបញ្ជាក់ដូច្នេះថា៖«យើងមិនទាន់អាចប្រាកដ ១០០ ភាគរយថា ទិន្នផលវានឹងអាចដូចអ្វីដែលយើងរំពឹងទុកនោះទេ ប៉ុន្តែបើតាមការប៉ាន់ស្មានរបស់យើងបច្ចុប្បន្ននេះ គឺអាចបានក្នុងបរិមាណប៉ុណ្ណឹង (៩,៣ លានតោន)។ ថ្វីដ្បិតតែការប្រមូលផលស្រូវរដូវវស្សាបានច្រើន និងមានតម្លៃល្អជាងឆ្នាំមុនមែន តែសម្រាប់ផែនការឆ្នាំក្រោយ ក្រសួងនឹងពិនិត្យមើលឱ្យបានបន្ថែមទាក់ទងនឹងតម្រូវការសកលផងដែរ ដើម្បីជូនដំណឹងដល់កសិករ»។
បើតាម លោករដ្ឋលេខាធិការ ការដាំដុះស្រូវផ្ការំដួលមានប្រមាណ ជាង ៨០ម៉ឺនហិកតា ជាមួយផលរំពឹងទុកប្រមាណ ២,៤ លានតោន ឬស្មើនឹង ២៥ ភាគរយនៃផលស្រូវវស្សាសរុប ឬប្រមាណជិត ៤០ ភាគរយនៃផលស្រូវវស្សាប្រមូលនៅខែវិច្ឆិកា និងខែធ្នូ ២០២៣ នេះ។
លោកបានបន្ថែមថា បច្ចុប្បន្ន តម្លៃស្រូវផ្ការំដួលបច្ចុប្បន្នជាមធ្យម ១៣០០ រៀលក្នុង ១ គីឡូក្រាម គឺខ្ពស់ជាងឆ្នាំមុនជាមធ្យមប្រមាណ ២០០ រៀលឬស្មើនឹងប្រមាណ ១៨ ភាគរយ។ តែតម្លៃអាចមានការប្រែប្រួលដោយសារការប្រមូលផលនឹងមានការកើនឡើងខ្លាំងចាប់ពីសប្តាហ៍ក្រោយ។ តែទោះជាយ៉ាងណាក៏ដោយតម្លៃស្រូវនៅតែល្អជាងឆ្នាំ ២០២២ កន្លងមក។
«យើងកំពុងតាមដានការគ្រប់គ្រងការប្រមូលផលដើម្បីសម្របសម្រួលឱ្យកសិករទទួលបានតម្លៃល្អសមរម្យសម្រាប់ផលិតផលស្រូវផ្ការំដួលគាត់ និងរោងម៉ាស៊ីនទទួលបានស្រូវផ្ការំដួលគុណភាពល្អសម្រាប់ការកែច្នៃនាំចេញ ជាពិសេសកសិករនិងរោងម៉ាស៊ីនដែលចូលរួមជាមួយប្រព័ន្ធពូជសុទ្ធផ្ការំដួល»។ នេះជាការបញ្ជាក់បន្ថែម ពីលោក យ៉ងសាំង កុមារ។
របាយការណ៍ពីក្រសួងកសិម្ម បានឱ្យដឹងថា នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ២០២៣នេះ ការនាំចេញអង្ករគឺមានជាង ៥៣ ម៉ឺនតោន កើនឡើងជាង ៤ ភាគរយ, ស្រូវចំនួនជាង ២ លានតោន កើនឡើងជាង ២១ ភាគរយ ប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២៕