ក្រសួងទេសចរណ៍ បានប្រកាសឱ្យដឹងថា កម្ពុជា ត្រូវបានជ្រើសរើសជាគោលដៅវប្បធម៌ឈានមុខគេក្នុងទ្វីបអាស៊ី ឆ្នាំ២០២៣ និងគោលដៅទេសចរណ៍យុវជនឈានមុខគេក្នុងទ្វីបអាស៊ី ប្រចាំឆ្នាំ២០២៣ ខណៈអ្នកជំនាញ បានបង្ហាញក្តីរំពឹងថា តាមរយៈលទ្ធផលនេះនឹងផ្តល់ផលចំណេញច្រើនដល់វិស័យទេសចរណ៍កម្ពុជា។
ក្រសួងទេសចរណ៍ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបញ្ជាក់ថា៖«កម្ពុជាទទួលបានពានរង្វាន់នេះចំនួន ២ ឆ្នាំជាប់គ្នា ដែលកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ ប្រតិភូក្រសួងទេសចរណ៍កម្ពុជាធ្លាប់បានទៅទទួលពានរង្វាន់នេះដោយផ្ទាល់ក្នុងឱកាសប្រារព្ធខួបទី២៩ឆ្នាំ របស់ក្រុមហ៊ុន World Travel Awards ក្នុងកម្មវិធី World Travel Awards'' Asia & Oceania Gala Ceremony 2022 នៅទីក្រុងហូជីមិញ ប្រទេសវៀតណាមផងដែរ»។
បើតាមក្រសួងទេសចរណ៍ ការជ្រើសរើសនេះធ្វើឡើងតាមរយៈការបោះឆ្នោតលើប្រព័ន្ធអនឡាញពីអ្នកជំនាញក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ប្រព័ន្ធផ្សព្វផ្សាយនានា និងអ្នកប្រើប្រាស់បណ្តាញសង្គមជុំវិញពិភពលោក រៀបចំដោយក្រុមហ៊ុន World Travel Awards មានទីស្នាក់ការនៅចក្រភពអង់គ្លេស។
ជុំវិញរឿងនេះ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានថ្លែងថា នេះជាមុខមាត់របស់កម្ពុជា ដែលទទួលបានការជ្រើសរើសជា គោលដៅវប្បធម៌ឈានមុខគេក្នុងទ្វីបអាស៊ី ឆ្នាំ២០២៣។ លោកស្រីបន្តថា នេះគឺជាឱកាសឱ្យប្រតិបត្តិករទេសចរណ៍កម្ពុជា អាចធ្វើជាទុនដើម្បីឈានទៅផ្សព្វផ្សាយពីរឿងនេះឱ្យកាន់តែទូលាយបន្ថែមទៀត។
លោកស្រីបញ្ជាក់ថា៖«ទន្ទឹមនឹងការរួមគ្នាផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ ដើម្បីជំរុញវិស័យទេសចរណ៍បន្ថែមទៀត យើងក៏ត្រូវតែខិតខំកែលម្អនូវចំនុចខ្វះខាតរៀងៗខ្លួនចាប់ពីភ្ញៀវចូលមកទឹកដីកម្ពុជា រាប់ចាប់ពីបដិសណ្ឋារកិច្ច ការបម្រើសេវាកម្មឱ្យកាន់តែមានគុណភាព និងសុវត្ថិភាព។ លើសពីនេះការគិតគូរលើបរិស្ថាននៅតែសំខាន់ គ្រប់ទីធ្លាសាធារណៈ រមណីយដ្ឋាន ត្រូវតែស្អាត និងមានអនាម័យល្អ ដើម្បីទាញកំណើនភ្ញៀវទេសចរឱ្យនៅតែចងចាំកម្ពុជា ហើយបន្តមកកម្សាន្តនៅកម្ពុជាជានិច្ច»។
ក្រសួងទេសចរណ៍ ក៏បានអំពាវនាវដល់សមាគមទេសចរណ៍ គ្រប់ប្រតិបត្តិករទេសចរណ៍ ផ្នែកឯកជន ស្ថាប័ន ពាក់ព័ន្ធ ទេសចរជាតិ-អន្តរជាតិ សាធារណជន និងអ្នកសារព័ត៌មាន ចូលរួមផ្សព្វផ្សាយអំពីការទទួលបានពានរង្វាន់កម្ពុជា ជាគោលដៅទេសចរណ៍ឈានមុខគេលើពិភពលោកផ្នែកទេសចរណ៍វប្បធម៌ និងដំណើរកម្សាន្ត របស់យុវជន ឆ្នាំ២០២៣ ខាងលើនេះឱ្យបានទូលំទូលាយ។
ក្រសួងបញ្ជាក់បន្ថែមថា៖«សូមឱ្យភាគីពាក់ព័ន្ធទាំងអស់ ប្រើតាមគ្រប់មធ្យោបាយ និងគ្រប់រូបភាព ក្នុងការផ្សព្វផ្សាយបន្តសំដៅទាក់ទាញទេសចរ និងវិនិយោគិនអន្តរជាតិឱ្យមកទស្សនា និងវិនិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត»៕