ភ្នំពេញៈ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-សិង្ហបុរី រយៈពេល ៣ ត្រីមាសដំបូងក្នុងឆ្នាំ ២០២៣ មានទឹកប្រាក់សរុបជាង ៧២៣ លានដុល្លារ កើនឡើង ១២,៥ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំមុន ខណៈសិង្ហបុរី គឺជាដៃគូពាណិជ្ជកម្មអន្តរជាតិធំទី ៨ របស់កម្ពុជា។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។
តារាងស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញរបស់ GDCE ឱ្យដឹងថា ពីខែមករា-ខែកញ្ញា ឆ្នាំ ២០២៣ ការនាំចេញ-នាំចូលទំនិញរវាងប្រទេសទាំង ២ មានទឹកប្រាក់សរុប ៧២៣,៥៤ លានដុល្លារ កើនឡើង ១២,៥ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ ដែលមាន ៦៤៣,១ លានដុល្លារ ក្នុងនោះទំនិញកម្ពុជានាំទៅសិង្ហបុរី ចំនួន ៣៣,៥ លានដុល្លារ ថយចុះ ១៩ ភាគរយ និងទំនិញសិង្ហបុរីនាំមកកម្ពុជា ៦៩០,០៤ លានដុល្លារ កើន ១៤,៧ ភាគរយ។
យោងតាមតារាងខាងលើ គឺជញ្ជីងពាណិជ្ជកម្មកម្ពុជារយៈពេល ៩ ខែឆ្នាំ ២០២៣ មានឱនភាព ៦៥៦,៥៤ លានដុល្លារ កើនពី ៥៦០,៣៦ លានដុល្លារនារយៈពេលដូចគ្នាឆ្នាំមុន។
អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៥ ខែវិច្ឆិកាថា ក្នុងនាមជាសមាជិកអាស៊ាន និងជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ការនាំចេញ-នាំចូលរវាងកម្ពុជា-សិង្ហបុរី បានបោះជំហានទៅមុខជាបន្តបន្ទាប់ ខណៈកំពង់ផែរបស់សិង្ហបុរី គឺជាទីតាំងដ៏សំខាន់មួយសម្រាប់ការដឹកទំនិញរបស់កម្ពុជាជាមួយនឹងទីផ្សារអន្តរជាតិ។
លោកប្រាប់ទៀតថា ក្រៅពីចរាចរទំនិញ បច្ចុប្បន្នក៏មានវិនិយោគិនសិង្ហបុរីជាច្រើនកំពុងបើកដំណើរការអាជីវកម្មរបស់ខ្លួននៅកម្ពុជាផងដែរ។
លោកថ្លែងថា៖ «តាមរយៈអ្វីដែលកម្ពុជាកំពុងមាន ខ្ញុំគិតថា ចំនួនទឹកប្រាក់នៃការនាំចេញរបស់កម្ពុជានឹងបន្តកើនឡើងបន្ថែមទៀត ជាពិសេសផលិតផលកសិកម្ម»។
យោងតាម លោក ហុង វណ្ណៈ ទំនិញដែលកម្ពុជានាំទៅសិង្ហបុរី មានដូចជា ផលិតផលសម្លៀកបំពាក់ កាបូប និងស្បែកជើង គ្រឿងបង្គុំអគ្គិសនី និងផលិតផលកសិកម្ម និងកសិឧស្សាហកម្ម រីឯទំនិញសិង្ហបុរីនាំមកកម្ពុជា គឺសម្ភារអេឡិចត្រូនិកអគ្គិសនី ភេសជ្ជៈ អាហារ សម្ភារសំណង់ និងឱសថមួយចំនួន។
ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យមានទំហំកាន់តែធំ កម្ពុជា និងសិង្ហបុរី កាលពីថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើពិធីចុះហត្ថលេខាលើ «ពិធីសារទី២» ដើម្បីធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងសាធារណរដ្ឋសិង្ហបុរី ស្តីពី «ការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល (Double Taxation Agreement DTA)»។
ពិធីសារទី២ នេះត្រូវបានចុះហត្ថលេខាដោយ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនាមរដ្ឋាភិបាលកម្ពុជាជាមួយលោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា ក្នុងនាមរដ្ឋាភិបាលសិង្ហបុរី។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចបានឱ្យដឹងថា៖ «គោលបំណងនៃការរៀបចំឱ្យមាន «ពិធីសារទី២» នេះគឺដើម្បីធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀង DTA កម្ពុជា-សិង្ហបុរី ឱ្យមានសង្គតិភាពជាមួយបទដ្ឋានអន្តរជាតិដែលត្រូវបានវិវឌ្ឍចុងក្រោយ ពិសេសក្រោមក្របខ័ណ្ឌបរិយាបន្នរបស់អង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) សម្រាប់ប្រឈមនឹងការបន្ថយមូលដ្ឋានគិតពន្ធ និងការបង្វែរប្រាក់ចំណេញ (Base Erosion and Profit Shifting BEPS)»។
បើតាមក្រសួងសេដ្ឋកិច្ច កិច្ចព្រមព្រៀង DTA នេះត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០១៦ ហើយបានចូលជាធរមាន និងមានប្រសិទ្ធភាពអនុវត្តចាប់តាំងពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៨។
ទិន្នន័យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា គិតត្រឹមចុងឆ្នាំ ២០២១ ការវិនិយោគផ្ទាល់បរទេសនៅកម្ពុជា (FDI) មានតម្លៃសរុប ៤១ ពាន់លានដុល្លារ ដោយមានអត្រាកំណើនមធ្យមប្រចាំឆ្នាំ ១១,២ ភាគរយ។ ក្នុងចំណោមប្រទេសបណ្តាក់ទុននៅកម្ពុជាច្រើនជាងគេ គឺសិង្ហបុរីស្ថិតនៅលេខរៀងទី៣ ដោយមានទឹកប្រាក់ចំនួន ២,៧ ពាន់លានដុល្លារស្មើ ៦,៥ ភាគរយនៃការវិនិយោគផ្ទាល់បរទេសនៅកម្ពុជា៕