ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ដែលជាក្រុមហ៊ុនកសិ-ឧស្សាហកម្ម និងអាហារឈានមុខគេ បានរៀបចំសិក្ខាសាលាស្តីពីយុទ្ធសាស្ត្រទីផ្សារ របស់ស៊ី.ភី. ២០២៣ (CP Marketing Summit 2023) ក្នុងគោលបំណងដើម្បីអភិវឌ្ឍអាជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារនៅកម្ពុជា។ សិក្ខាសាលានេះ ត្រូវបានប្រារព្ធធ្វើឡើងនៅឯសណ្ឋាគារ Hyatt Regency Phnom Penh កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៣។
សម្រាប់ការចែករំលែកចំណេះដឹងពីអាជីវកម្ម គឺមានប្រធានបទចំនួន ១០ និងវាគ្មិនចំនួន ១០ រូប បានធ្វើបទបង្ហាញយ៉ាងក្បោះក្បាយលើប្រធានបទមួយចំនួនដូចជា អាជីវកម្មចំណីសត្វ អាជីវកម្មចិញ្ចឹមសត្វអាជីវកម្មចំណីអាហារ និងទីផ្សារជាដើម។
លោកវេជ្ជបណ្ឌិត Poohrich Sinwat អនុប្រធានចាត់ការទូទៅការិយាល័យការអភិវឌ្ឍយុទ្ធសាស្ត្រអាជីវកម្ម និងទីផ្សារបានមាន ប្រសាសន៍ថា៖ «សិក្ខាសាលាស្តីពីយុទ្ធសាស្ត្រទីផ្សាររបស់ស៊ី.ភី ២០២៣ ត្រូវបានផ្តួចផ្តើមឡើងក្នុងគោលបំណងប្រមូលផ្ដុំព័ត៌មានទីផ្សារនិងចែករំលែកចំណេះដឹងក្នុងការអនុវត្តល្អបំផុតដល់បុគ្គលិកសម្រាប់ការអភិវឌ្ឍអាជីវកម្មនៅកម្ពុជា»។
លោកវេជ្ជបណ្ឌិត Poohrich ថ្លែងថា៖ «គន្លឹះជោគជ័យសំខាន់ៗនៃការធ្វើអាជីវកម្មគឺព័ត៌មាននិងធនធានមនុស្ស។ អាជីវកម្មដែលទទួលបានព័ត៌មានត្រឹមត្រូវ ទាន់ពេលវេលា នឹងទទួលបានអត្ថប្រយោជន៍កាន់តែច្រើន។ លើសពីនេះ បុគ្គលិក (ធនធានមនុស្ស)ដែលអាចបំប្លែងព័ត៌មានទៅជាចំណេះដឹង និងចេញជាសកម្មភាព គឺជាអ្នកជោគជ័យដ៏ពិតប្រាកដ»។
នៅក្នុងសុន្ទរកថាថ្លែងបើកកម្មវិធីលោក Wittaya Kreangkriwit អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន ស៊ី.ភី ខេមបូឌា មានប្រសាសន៍ថា ៖«ការធ្វើទីផ្សារគឺដើម្បីស្វែងរកតម្រូវការរបស់អតិថិជន និងដោះស្រាយបញ្ហាសម្រាប់ពួកគាត់។ អ្នកដែលអាចបំពេញតម្រូវការអតិថិជនបានច្រើនជាងគេ អ្នកនោះ គឺជាអ្នកជោគជ័យ»។
លោក Wittaya បានបន្ថែមថា៖ «កសិករនិងអតិថិជននៅក្នុងប្រទេសកម្ពុជា បានផ្លាស់ប្តូរ ហើយវាចាំបាច់ណាស់ក្នុងការយល់ដឹងអំពីគោលបំណង ឬបញ្ហារបស់ពួក គេបន្ទាប់មកប្រើប្រាស់បច្ចេកវិទ្យា និងចំណេះដឹង ដើម្បីជួយអាជីវកម្មពួកគេឱ្យរីកចម្រើន»។
សម្រាប់សិក្ខាសាលានេះ គឺទទួលបានការអញ្ជើញចូល រួមពីសំណាក់ឯកអគ្គរាជ ទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា តំណាងមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាណិជ្ជកម្ម និងស្ថានទូតថៃធ្វើជាវាគ្មិនកិត្តិយសព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។ វគ្គសិក្ខសាលានេះ មានគោល បំណងស្វែងរកឱកាសអាជីវកម្ម និងបញ្ហាប្រឈមនៅកម្ពុជា ក្នុងឆ្នាំ ២០២៤។ ឯកអគ្គរាជទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម Cherdkiat Atthakor ថ្លែងនៅក្នុងសន្ទរកថាបើកកម្មវិធី ឯកឧត្តមបានមានប្រសាសន៍ថា៖ «កសិកម្ម និងចំណីអាហារដើរតួនាទីសំខាន់ណាស់សម្រាប់ការអភិវឌ្ឍសេដ្ឋ-កិច្ចកម្ពុជា រួមទាំងសុខុមាលភាពរបស់ប្រជាជនកម្ពុជា»។
ឯកឧត្តម Cherdkiat ថ្លែងថា៖ «ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា មានមោទនភាពក្នុងនាមជាក្រុមហ៊ុនថៃដំបូងគេដែលបានគាំទ្រ និងផ្តល់ចំណេះដឹងដល់កសិករកម្ពុជាផ្តល់ការងារដែលមានស្ថិរភាពនិងប្រាក់ចំណូលសមរម្យ។ លើសពីនេះទៀត ស៊ី.ភី. ក៏បានផលិតនូវផលិតផលចំណីអាហារដែលមានអនាម័យជាមួយនឹងសុវត្ថិភាពចំណីអាហារ និងសន្តិសុខស្បៀងនៅកម្ពុជា»។
លោក ស៊ាង សុខលីម ប្រធាននាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានធ្វើបទបង្ហាញថា ៖«យុទ្ធសាស្ត្រក្នុងការអនុវត្តគោលនយោបាយគាំទ្រក្នុងអនុវិស័យសុខភាពសត្វ និងផលិតកម្មសត្វនៅកម្ពុជា ឆ្លុះបញ្ចាំងពីចំណុចសំខាន់ៗចំនួន ៤ គឺ៖ (១) តួនាទីភារកិច្ចរបស់អគ្គនាយកដ្ឋានសុខ-ភាពសត្វ និងផលិតកម្ម (GDAHP), (២) គោលនយោបាយគាំទ្រសម្រាប់ការអភិវឌ្ឍអនុវិស័យ ស.ផ.ស, (៣) សមិទ្ធផលអនុវិស័យ ស.ផ.ស ក្នុងរយៈពេល ៥ ឆ្នាំ (២០១៨-២០២២), និង (៤) បញ្ហាប្រឈមនឹងកាលានុវត្តភាពក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យផលិត-កម្មនិងសុខភាពសត្វ»។
ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួង ពាណិជ្ជកម្មបានមាន ប្រសាសន៍ថា៖ «ច្បាប់វិនិយោគរបស់កម្ពុជាផ្តោតលើទិដ្ឋភាពសំខាន់ៗចំនួន ៣ ទាក់ទងទៅនឹងសេដ្ឋកិច្ចបើកចំហ ការលើកទឹកចិត្តវិនិយោគ និងការលើកទឹកចិត្តពិសេស។
កត្តាទាំងនេះដែលមានភាពទាក់ទាញ និងគួរឱ្យទុកចិត្តសម្រាប់ការវិនិយោគទាំងអស់នៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានធានាដោយស្មើភាពគ្នា មិនថាវិនិយោគិនបរទេស ឬក្នុងស្រុក។
លោក Nirawat Rangseekanjana អគ្គទីប្រឹក្សាពាណិជ្ជកម្មប្រចាំស្ថានទូតថៃនៅក្រុងភ្នំពេញបាន ធ្វើការចង្អុលបង្ហាញថា៖ «កង្វល់សំខាន់ៗចំនួន ៣ ដែលជាបទប្បញ្ញត្តិ ថ្មីបំផុតសម្រាប់ការធ្វើអាជីវកម្មក្នុងឆ្នាំ ២០២៤ នៅកម្ពុជាគឺ (១) ច្បាប់ពន្ធដារ (២) ច្បាប់ប្រកួតប្រជែងនិងច្បាប់ការពារអ្នកប្រើប្រាស់ និង (៣) ច្បាប់កម្មសិទ្ធិបញ្ញា។
នៅចុងបញ្ចប់នៃកម្មវិធីសិក្ខាសាលានោះ គណៈគ្រប់គ្រងក្រុមហ៊ុន ស៊ី.ភី. បានផ្តល់វិញ្ញាបនបត្រនិងវត្ថុអនុស្សាវរីយ៍ជូនដល់វាគ្មិន និងបានជូនពរអ្នកចូលរួមទាំងអស់ឱ្យអភិវឌ្ឍអាជីវកម្មកសិឧស្សាហកម្ម និងចំណីអាហាររបស់ពួកគេនៅកម្ពុជាទទួលបានជោគជ័យ៕