ភ្នំពេញៈ Vietjet ដែលជាក្រុមហ៊ុនអាកាសចរណ៍មានតម្លៃទាបរបស់វៀតណាមនឹងចាប់ផ្តើមជើងហោះហើរថ្មីរវាងទីក្រុងហាណូយ (វៀតណាម) ទៅកាន់ខេត្តសៀមរាប ដោយគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី ១៥ ខែធ្នូ ជាផែនការមួយដើម្បីឆ្លើយតបនឹងកំណើននៃលំហូរភ្ញៀវទេសចរបរទេសចូលមកប្រទេសកម្ពុជា ឡើងវិញ។
យោងតាមសារព័ត៌មាន VN Express ជាមួយនឹងការចាប់ផ្តើមផ្លូវហោះហើរទៅកាន់ខេត្តសៀមរាប ក្រុមហ៊ុនក៏នឹងចាប់ផ្តើមជើងហោះហើរទៅប្រទេសឥណ្ឌូនេស៊ី និងប្រទេសចិន ផងដែរ ដើម្បីទាញយកប្រយោជន៍ពីរដូវកាលដែលមានភ្ញៀវទេសចរច្រើនធ្វើដំណើរកម្សាន្តនៅពេលចុងឆ្នាំ។
ក្រុមហ៊ុនអាកាសចរណ៍នេះនឹងបើកផ្លូវថ្មីតភ្ជាប់រវាងទីក្រុងហាណូយជាមួយខេត្តសៀមរាបរបស់កម្ពុជា ដែលជាទីតាំងនៃបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដែលនឹងចាប់ដំណើរការនៅថ្ងៃទី ១៥ ខែធ្នូ ដោយមានជើងហោះហើរចំនួន ៧ ដងក្នុង ១ សប្តាហ៍។
ក្រុមហ៊ុននេះត្រូវបានដកស្រង់សម្ដីដោយលើកឡើងថា៖ «ប្រទេសកម្ពុជាពេលនេះ គឺជាទីផ្សារទេសចរណ៍ដែលរីកលូតលាស់លឿនបំផុតរបស់វៀតណាម ជាមួយនឹងភ្ញៀវទេសចរ រយៈពេល ៩ ខែដំបូង ចំនួន ២៦៧ ភាគរយខ្ពស់ជាងមុនពេលការរីករាលដាលជំងឺកូវីដ ១៩»។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជាបានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍នេះបានមើលឃើញកំណើនសក្តានុពលនៃការមកដល់របស់ភ្ញៀវបរទេសសម្រាប់រដូវកាលខ្ពស់ ដែលមានប្រាសាទអង្គរវត្តជាកន្លែងទេសចរណ៍វប្បធម៌ដ៏គួរឱ្យទាក់ទាញ។
លោកលើកឡើងថា៖ «ការសម្រេចចិត្តរបស់ក្រុមហ៊ុន គឺឆ្លុះបញ្ចាំងពីការកើនឡើងនៃចំនួនភ្ញៀវទេសចរបរទេសមកពីតំបន់រួមទាំងប្រទេសវៀតណាមមកកាន់ប្រទេសកម្ពុជា។ ទោះការមកដល់របស់ភ្ញៀវទេសចរបរទេសមិនទាន់មានកម្រិតដូចគ្នានៃភ្ញៀវទេសចរច្រើនបំផុតកាលពីឆ្នាំ ២០១៩ ក៏យើងទទួលបានសញ្ញាវិជ្ជមានខ្លាំងចាប់តាំងពីយើងបើកដំណើរការព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ។ យើងសង្ឃឹមថា សម្រាប់រដូវកាលដែលមានភ្ញៀវទេសចរធ្វើដំណើរកម្សាន្តច្រើននេះ ជើងហោះហើរកាន់តែច្រើនគឺជាជម្រើសបន្ថែមទៀតសម្រាប់ភ្ញៀវក្នុងការមកទស្សនាប្រទេសរបស់យើង»។
ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរអង្គរ លោក ខៀវ ធី បាននិយាយថា ក្នុងដំណាក់កាលការងើបឡើងវិញនៃវិស័យទេសចរណ៍ គឺកម្ពុជាបានទទួលភ្ញៀវភាគច្រើនមកពីប្រទេសនៅជាប់ព្រំដែនដូចជា ថៃ វៀតណាម និងឡាវ ព្រមទាំងចិន។ លោកបន្ថែមថា ក្នុងដំណាក់កាលដែលនយោបាយ និងសេដ្ឋកិច្ចពិភពលោកមិនទាន់រឹងមាំ គឺការរំពឹងលើភ្ញៀវពីប្រទេសឆ្ងាយមិនអាចទៅរួចឡើយ។
លោកថ្លែងថា៖ «គោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាពជាមួយប្រទេសនានា ពិសេសប្រទេសជិតខាង និងចិននឹងក្លាយជាចំណែកសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគឱ្យមកកម្ពុជាកាន់តែច្រើន»។
ភ្ញៀវបរទេសប្រមាណជាង ៣,៩ លាននាក់ បានធ្វើដំណើរមកកម្ពុជាក្នុងរយៈពេល ៩ ខែ នៃឆ្នាំ ២០២៣ កើនឡើងជាង ២០០ ភាគរយបើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ក្នុងនោះជិត ៧០ ភាគរយមកពីប្រទេសជាប់ព្រំដែនទាំង ៣ និងប្រទេសចិន។ នេះបើយោងតាមក្រសួងទេសចរណ៍។
ផ្អែកតាមរបាយការណ៍គឺភ្ញៀវជនជាតិថៃ ចំនួន ១ ៣៣៩ ៥៤០ នាក់ (ស្មើ នឹង ៣៤,១ ភាគរយនៃចំនួនភ្ញៀវបរទេសសរុប) កើន ១៨៩,៥ ភាគរយ, វៀតណាម ៧៣០ ០៧៥ នាក់ (១៨,៦ ភាគរយ) កើន ១៥៦ ភាគរយ, ចិន ៤០៥ ៥១៤ នាក់ (១០,៣ ភាគរយ) កើនឡើង ៥៤៩,៦ ភាគរយ, និងប្រទេសឡាវ ២៥១ ៦៥៨ នាក់ (៦,៤ ភាគរយ) កើន ៥៤៨,៩ ភាគរយ៕