អាជ្ញាធរខេត្តសៀមរាបរំពឹងថា នឹងទទួលបានភ្ញៀវទេចរចិនមកកាន់តែច្រើនបន្ថែមទៀតនាពេលដ៏ខ្លីខាងមុខនេះ ក្រោយពេលដែលខេត្តសៀមរាប និងខេត្ត Liaoning នៃសាធារណរដ្ឋប្រជាមានិតចិន បានចុះកិច្ចព្រមព្រៀងជាមួយគាំទ្រ និងជំរុញលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ព្រមទាំងវិស័យផ្សេងៗទៀត ស្របពេលដែលអាកាសយាន្តអន្តរជាតិសៀមរាប-អង្គរទើបដាក់ឱ្យដំណើការ។
ការចុះកិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងក្រោមវត្តរបស់លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក នាក់ ណេរ៉ុន អភិបាលរងខេត្ត និងគណៈប្រតិភូក្រុង Dalian ខេត្ត Liaoning ដឹកនាំដោយលោក Wang Tianwei ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនក្រុង Dalian និងសហការី កាលពីនៅថ្ងៃទី០៦ ខែវិច្ឆិកានៅសាលាខេត្តសៀមរាប។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាខេត្តលោក អ៊ាន ឃុន ការចុះកិច្ចព្រមព្រៀងនោះដែរ ភាគីទាំងពីរ បានគាំទ្រ និងជម្រុញលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ អប់រំ សុខភាព និងកីឡា ព្រមទាំងវិស័យផ្សេងៗទៀត ដើម្បីធ្វើការផ្លាស់ប្តូរដំណើរ ទស្សនកិច្ចសិក្សា និងចែករំលែកបទពិសោធន៍ ក្នុងគោលបំណងបង្កើនសមត្ថភាពដល់មន្ត្រី នៃខេត្តក្រុងទាំងពីរទៀតផង។
លោក អ៊ាន ឃុន បានលើកឡើងថា៖« អ្នកវិនិយោគទុន ក៏ដូចជាប្រជាជនចិន មកធ្វើការវិនិយោគនៅប្រទេសកម្ពុជា ពិសេសវិនិយោគនៅខេត្តសៀមរាប ដែលជាខេត្តមានសក្តានុពលលើវិស័យទេសចរណ៍ និងវិស័យកសិកម្មផងដែរ។ ការបង្កើតអនុស្សរណៈនៃការយោគយល់គ្នា ក្នុងការទំនាក់ទំនងកិច្ចសហប្រតិបត្តិការមិត្តភាព ដើម្បីផ្សព្វផ្សាយ អំពីវប្បធម៌ អរិយធម៌ និងលើកកម្ពស់ការអភិវឌ្ឍន៍វិស័យផ្សេងៗ ក្នុងខេត្ត ក្រុងទាំងពីរឱ្យកាន់តែមានភាពរីកចម្រើន»។
លោកថារហូតមកទាល់ពេលនេះ ខេត្តរបស់លោកបានធ្វើកិច្ចសហប្រតិបត្តិការ ជាមួយខេត្ត-ក្រុង ចំនួន ៣០ នៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈអនុស្សរណៈនៃការយោគយល់គ្នា ចំនួន ០៩ ខេត្ត-ក្រុង កិច្ចព្រមព្រៀងចំនួន ០៦ ខេត្ត-ក្រុង និងលិខិតផ្តួចផ្តើមចំនួន ១៥ ខេត្ត-ក្រុង។
លោក Wang បានបញ្ជាក់អំពីគោលបំណងនៃការចងសម្ព័ន្ធមេត្រីភាពរវាងក្រុង Dalian និងខេត្តសៀមរាប ដើម្បីធ្វើការចុះហត្ថលេខាយោគយល់គ្នា ក្នុងកិច្ចសហប្រតិបត្តិការ រវាងក្រុង និងខេត្តទាំង ២ ដោយផ្តោតលើវិស័យ អប់រំ វប្បធម៌ កសិកម្ម ទេសចរណ៍ ពាណិជ្ជកម្ម កីឡា និងវិស័យផ្សេងៗទៀត។
លោក Wang Tianwei លោកថា៖« ស្ថានភាពភូមិសាស្ត្រ សេដ្ឋកិច្ចរបស់ ក្រុង Dalian នៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងក្រុង Dalian ជាក្រុងមួយមានយន្តហោះផ្ទាល់ និងធ្វើការហោះហើរផ្ទាប់ឆ្ពោះមកកាន់ ខេត្តសៀមរាប ដើម្បីបង្កើននូវវិស័យទេសចរណ៍ សំដៅឱ្យខេត្ត ក្រុងសម្ព័ន្ធមេត្រីទាំង ២ មានការរីកចម្រើនទៀតផង»។
លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅទី ៣១ ខែតុលា ឆ្នាំ ២០២៣ នេះថា ចាប់តាំងពីការដាក់ឱ្យដំណើការសាកល្បងនៃ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ចំនួនភ្ញៀវទេចរអន្តរជាតិបានកំពុងបន្តកើនឡើងជាមធ្យមចំនួន ២ ៧០០ នាក់ ក្នុង ១ ថ្ងៃ កើនឡើងប្រមាណ ១ ពាន់នាក់ បើធៀបនឹងកាលពីសប្តាហ៍មុន ដែលអាកាសយានដ្ឋានអន្តរជាតិថ្មី ទទួលបានអ្នកដំណើររង្វង់ជាមធ្យម ២ ៦០០ នាក់ ក្នុង ១ ថ្ងៃ ដែលឆ្លុះបញ្ចាំងអំពីភាពកាន់តែប្រសើរឡើងនៃវិស័យទេចរណ៍។ សម្រាប់អ្នកដំណើរ គឺភាគច្រើនមកពីតំបន់អាស៊ានដែលមានចំណែក ៧៥% និងមកពីអឺរ៉ុប មានចំនួន ២៥%។
លោកបានថ្លែងបញ្ជាក់ថា៖ «សម្រាប់រដូវរងាឆ្នាំ ២០២៣ នេះ ដែលចាប់ផ្តើមពីចុងខែតុលា ឆ្នាំ ២០២៣ ដល់ខែមិនា ឆ្នាំ ២០២៤ យើងព្យាករណ៍ថា ចំនួនជើងហោះហើរនៅអាកាសយានដ្ឋានសៀមរាបអង្គរនឹងកើនឡើងដល់ ៤០ ជើងក្នុង ១ សប្តាហ៍ និងចំនួនក្រុមហ៊ុនអាកាសចរណ៍នឹងកើនឡើងចន្លោះពី ៩ ទៅ ១០ ក្រុមហ៊ុន»។
បច្ចុប្បន្ន ចំនួនជើងហើរហោះវិញមានចំនួន ៣៨ ជើង ក្នុង ១ ថ្ងៃ កើនឡើង ៤ ជើង បើធៀបនឹងកាលពីសប្តាហ៍មុន ដោយជើងហើរហោះទាំងនេះ ភាគច្រើនមកពីតំបន់អាស៊ាន និងចិន។ បច្ចុប្បន្ននេះក្រុមហ៊ុនអាកាសចរណ៍ហោះហើរ ចេញ និងចូលនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានចំនួន ៧ ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនបរទេសចំនួន ៦ និងក្រុមហ៊ុនក្នុងស្រុកចំនួន ១៕