ភ្នំពេញៈ សមាគមវារីវប្បករកម្ពុជា បានឱ្យដឹងថា វារីវប្បករ ដែលបានទុកស្រះចិញ្ចឹមត្រីចោល ក្រោយពីប្រមូលផលកាលពីខែមេសា កន្លងទៅ ដោយត្រីចុះថោកខ្លាំងនោះ កាលពីខែកក្កដាបានងាកមកចិញ្ចឹមត្រីឡើងវិញហើយ បន្ទាប់ពីតម្លៃត្រីមានភាពល្អប្រសើរជាងមុន។
លោក ឡែមផូរ វរិទ្ធិ មន្ត្រីអភិវឌ្ឍន៍សមាគម និងជាអ្នកនាំពាក្យសមាគមវារីវប្បករកម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ ថា កាលពីអំឡុងខែមីនា និងមេសា កន្លងទៅមានវារីវប្បករប្រមាណពី ៥០ ទៅ ៦០ ភាគរយបានសម្រេចចិត្តទុកស្រះឱ្យទំនេរចោលក្រោយប្រមូលផលរួចដោយមិនមានការសម្អាត និងដាក់កូនត្រីចិញ្ចឹមបន្តទេ ដោយសារតែតម្លៃត្រីទាបខ្លាំងពេកដែលធ្វើឱ្យពួកគាត់មិនអាចចំណេញបាន ប៉ុន្តែស្ថានភាពនេះ បានប្រែប្រួល ចាប់តាំងពីខែកក្កដាមក។
លោក វរិទ្ធិ បានប្រាប់ដូច្នេះថា៖«នៅអំឡុងពេលមុនបោះឆ្នោត នៅខែកក្កដា តម្លៃត្រីចាប់ផ្តើមកើនឡើងវិញខ្លាំង ដោយត្រីប្រាធ្លាប់តែ ១ គីឡូក្រាម ៤ ០០០ រៀល បានឡើងដល់ ៥ ២០០ រៀល,ត្រីឆ្តោ ១ គីឡូក្រាម ៩ ០០០ រៀល ឡើង ១២ ០០០ រៀល។ ហេតុដូចនេះ អ្នកដែលធ្លាប់សម្រេចចិត្តថា ផ្អាកចិញ្ចឹមត្រី បែរជាងាកមកចាប់ផ្តើមរកកូនត្រី ដើម្បីចិញ្ចឹមតទៀត»។
លោកបន្តថា៖«ប៉ុន្តែ វារីវប្បករបានជួបការលំបាកខ្លះ ដោយសារតែផុតខែដែលសម្បូរកូនត្រីពូជ (ខែឧសភា ឬមិថុនា) ដែលធ្វើឱ្យវារីវប្បករយើងពិបាករកទិញកូនត្រីពូជមកដាក់។ ដូចនេះអ្នករកពូជបានក៏ចិញ្ចឹម អ្នកខ្លះទៀតរកមិនបានក៏មិនបានចិញ្ចឹមដែរ ដោយអ្នកដែលរកកូនត្រីមកចិញ្ចឹមបានមានប្រហែលពាក់កណ្តាលនៃអ្នកធ្លាប់ផ្អាកចិញ្ចឹម»។
ការប្រមូលផលត្រីនៅកម្ពុជា តែងធ្វើឡើងនៅអំឡុងខែមេសា ឬឧសភា ដោយសារតែពេលវេលានោះលែងមានទឹក ដូច្នេះត្រូវតែលក់ចេញ។ ដោយឡែកអ្នកចិញ្ចឹមត្រីក្នុងខែកក្កដា ឬខែសីហា គឺយកត្រីដែលធំល្មម (ទំហំ១០លី) មកចិញ្ចឹមបន្ត។
លោកបានឱ្យដឹងថា៖«មកទល់ពេលនេះ តម្លៃត្រីនៅល្អ ចុះត្រឹម ១០០ រៀលទៅ ២០០ រៀលប៉ុណ្ណោះ ដែលអាចឱ្យកសិករនៅតែចំណេញបាន។ បរិមាណដែលវារីវប្បករចិញ្ចឹម នៅក្នុងចុងឆ្នាំនេះ (ខែវិច្ឆិកា និងធ្នូ) ខ្ញុំគិតថា វានឹងមិនខ្វះទេ បូកផ្សំនឹងត្រីធម្មជាតិខ្លះយើងមិនបាច់នាំចូលទេ»។
លោក ចាន់ សុវណ្ណ វារីវប្បករចិញ្ចឹមត្រីប្រានៅខេត្តកំពង់ធំ ឱ្យដឹងថា លោកទើបតែចាប់ផ្តើមដាក់កូនត្រីចិញ្ចឹមវិញកាលពីពាក់កណ្តាលខែកក្កដាកន្លងទៅ ដោយសារតែលោកទទួលបានព័ត៌មានថា តម្លៃត្រីបានកើនឡើងខ្ពស់ដែលជាឱកាសល្អសម្រាប់ការចិញ្ចឹមឡើងវិញ។ មូលហេតុដែលលោកបានផ្អាកចិញ្ចឹមនាពេលកន្លងទៅ (ឆ្នាំមុន) ដោយសារតែតម្លៃត្រីទាបពេក ដែលធ្វើឱ្យការចិញ្ចឹមរបស់លោកមិនត្រឹមតែមិនចំណេញទេ តែថែមទាំងខាតទៀតផង។ ហេតុដូចនេះលោកចង់ទុកស្រះចោល ២ ទៅ ៣ ឆ្នាំ សិន ដើម្បីរង់ចាំមើលតម្លៃត្រីនៅលើទីផ្សារ។
លោកចាន់ សុវណ្ណ បានប្រាប់ថា៖ «ខ្ញុំផ្អាកចិញ្ចឹមជា ង១ ឆ្នាំហើយ។ មូលហេតុ មកពីកាលណោះត្រីថោកពេក រកតែថ្លៃដើមមិនបានផងមានលុយឯណាទៅបង់ធនាគារ។ តែកាលពីខែកក្កដា ខ្ញុំមើលពីព័ត៌មានតម្លៃត្រីលើទីផ្សារ ឃើញថា បានថ្លៃគួរសម ទើបសម្រេចចិញ្ចឹមវិញទៅ។ បើតម្លៃដូចរាល់ថ្ងៃនេះ យើងអាចចំណេញបានសមរម្យ»។
បើតាមសមាគមវារីវប្បករកម្ពុជាកាលពីថ្ងៃទី ៦ ខែវិច្ឆិកា សន្ទស្សន៍តម្លៃត្រីស្រស់នៅកសិដ្ឋាន ឬស្រះចិញ្ចឹមមួយចំនួនក្នុងខេត្តគោលដៅទាំង ៦ មានខេត្តកណ្តាល ខេត្តកំពង់ធំ ខេត្តកំពង់ចាម ខេត្តពោធិ៍សាត់ ខេត្តសៀមរាប និង ខេត្តបាត់ដំបង ត្រីរ៉ស់តម្លៃ ៦ ០០០ រៀលទៅជាង ៧ ០០០ រៀលក្នុង ១គីឡូក្រាម ត្រីអណ្តែងរឹង តម្លៃជាង ៤ ០០០ រៀលទៅ ៥ ០០០ រៀលក្នុង ១ គីឡូក្រាម។
ត្រីទីឡាប់ព្យាក្រហមតម្លៃ ៨ ០០០ រៀលទៅ ៩ ៥០០ រៀលក្នុង ១ គីឡូក្រាម ត្រីឆ្ពិនតម្លៃ ៨ ៥០០ រៀលក្នុង ១ គីឡូក្រាម ត្រីពោ តម្លៃ ៦ ០០០ រៀលទៅ ៧ ៥០០ រៀលក្នុង ១ គីឡូក្រាម ត្រីប្រា តម្លៃជាង ៥ ០០០ រៀលក្នុង ១ គីឡូក្រាម ត្រីឆ្តោ តម្លៃ ១០ ៥០០ រៀលទៅ ១២ ៥០០ រៀលក្នុង ១ គីឡូក្រាម និងត្រីក្រាញ់តម្លៃ ៦ ០០០ រៀល ទៅ ៧៥០០ រៀលក្នុង ១ គីឡូក្រាម៕