ភ្នំពេញៈ ក្រុមហ៊ុនអាជីវកម្មជាង ៣,១ ពាន់ដែលមានដើមទុនសរុបជាង ៨,៩ ពាន់លានដុល្លារអាមេរិកបានទទួលជោគជ័យលើការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី ១ ខណៈកាលពីដើមឆ្នាំ ២០២៣ ក្រុមហ៊ុនចុះបញ្ជីមានចំនួនត្រឹម ២០ ៦៩៣ និងដើមទុនជាង ៥,៨១ ពាន់លានដុល្លារ។ នេះបើយោងតាម Online Business Registration Service។
ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី ១ ត្រូវបានរដ្ឋាភិបាលប្រកាសដាក់ឱ្យដំណើរការកាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២០ ដែលរួមមានក្រសួង-ស្ថាប័នរដ្ឋចំនួន ៦ ចូលរួម គឺក្រសួងមហាផ្ទៃ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងពាណិជ្ជកម្ម, ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, អគ្គនាយកដ្ឋានពន្ធដារ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ក្រោយមករដ្ឋាភិបាលក៏បានប្រកាសដាក់ឱ្យដំណើរការដំណាក់កាលពី ២ នៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២១ និងដំណាក់កាលទី ៣ ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៣ ដោយបានបន្ថែមក្រសួង-ស្ថាប័នមួយចំនួនបន្ថែមទៀត។
បណ្តាញសង្គមផ្លូវការរបស់ Online Business Registration Service ឱ្យដឹងថា គិតត្រឹមថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២៣ (ម៉ោង ២៣:៥៩នាទី) ចំនួនក្រុមហ៊ុនដែលបានចុះបញ្ជីជោគជ័យតាមប្រព័ន្ធ Single Portal មានចំនួនសរុប ៣១ ០២៧ ក្រុមហ៊ុន ស្មើនឹងដើមទុនចុះបញ្ជីសរុប ៨,៩១ ពាន់លានដុល្លារ។ ក្រុមហ៊ុនដែលមានម្ចាស់ជាស្ត្រី ស្មើនឹង ៣៨ ភាគរយ និងបុរស ៦២ ភាគរយ។ កាលពីដើមឆ្នាំ ២០២៣ (ថ្ងៃទី២ ខែមករា ឆ្នាំ២០២៣) ក្រុមហ៊ុនទទួលបានជោគជ័យលើការចុះបញ្ជី មាន ២០ ៦៩៣ និងមានដើមទុន ៥,៨១ ពាន់លានដុល្លារ។
ផ្អែកតាមតារាង គឺក្នុងចំណោមទុនវិនិយោគទាំង ៨,៩១ ពាន់លានដុល្លារ គឺផ្នែកសាងសង់អគារ មានដើមទុនប្រមាណ ១,១ ពាន់លានដុល្លារ ស្មើនឹង ១២,៣៥ ភាគរយ, សកម្មភាពសេវាកម្មស្នាក់នៅ ៩៤៨ លានដុល្លារ ស្មើ ១០,៦៥ ភាគរយ, ផ្នែកអចលនទ្រព្យ (ប្រើអចលនទ្រព្យផ្ទាល់ខ្លួន ឬជួលពីគេ) មានដើមទុន ៩៤៤ លានដុល្លារ ស្មើនឹង ១០,៦ ភាគរយ, សកម្មភាពពិគ្រោះយោបល់ផ្នែកគ្រប់គ្រង ៤៨៨ លានដុល្លារ ស្មើនឹង ៥,៤៨ ភាគរយ, កម្មន្តសាលសម្លៀកបំពាក់ (លើកលែងសម្លៀកបំពាក់ធ្វើពីរោមសត្វ) ៤៦៩ លានដុល្លារ ស្មើ ៥,២៦ ភាគរយ, និងផ្នែកផ្សេងៗមានដើមទុន ៤,៩៦ ពាន់លានដុល្លារ ស្មើ ៥៥,៦៧ ភាគរយ។
Online Business Registration Service បានឱ្យដឹងទៀតថា ក្រៅពីនេះក្រុមហ៊ុនទាំង ៣១ ០២៧ ខាងលើ ក៏មានក្រុមហ៊ុនចំនួន ១៧ ១៦៤ ផ្សេងទៀត ដែលទទួលជោគជ័យលើការសុំនាមករណ៍បម្រុងទុក និងមានចំនួន ២ ត្រូវបានបដិសេធ។
លោក ឈិន កេន ប្រធានសមាគមបច្ចេកវិទ្យាឌីជីថលនៃកម្ពុជា កាលពីពេលថ្មីៗនេះបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ចាប់តាំងពីដាក់ឱ្យដំណើរការកាលពីពាក់កណ្តាលឆ្នាំ ២០២០ គឺប្រព័ន្ធចុះបញ្ជីអាជីវកម្មខាងលើបានទទួលការគាំទ្រយ៉ាងច្រើនពីម្ចាស់អាជីវកម្ម។ នៅពេលនីតិវិធីការចុះបញ្ជីមានភាពងាយស្រួល ចំណេះដឹងប្រជាពលរដ្ឋទាក់ទងនឹងប្រព័ន្ធបច្ចេកវិទ្យាកាន់តែខ្លាំង ហើយការអនុវត្តច្បាប់កាន់តែល្អចំនួនក្រុមហ៊ុនចុះបញ្ជីនឹងកើនឡើង។
លោកថ្លែងថា៖«ជាការកត់សម្គាល់របស់ខ្ញុំឃើញថា បន្ទាប់ពីមានការដាក់ប្រើប្រាស់ថ្នាលបច្ចេកវិទ្យាចុះបញ្ជី គឺចំនួនក្រុមហ៊ុនដែលបានស្នើចុះបញ្ជីមានសម្ទុះកើនឡើងគួឱ្យកត់សម្គាល់។ ការកើនឡើងនេះគឺដោយសារម្ចាស់អាជីវកម្មភាគច្រើនបានយល់ដឹង និងចេះប្រើប្រាស់បច្ចេកវិទ្យា ដើម្បីស្នើសុំចុះបញ្ជីក្រុមហ៊ុនថ្មីរបស់ខ្លួន»។
លោកលើកឡើងទៀតថា នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សមត្ថភាព ចំណេះដឹង និងសម្ទុះនៃការងាកទៅចាប់យកបច្ចេកវិទ្យាមកប្រើប្រាស់បានកើនឡើងជាបន្តបន្ទាប់ ខណៈរាជរដ្ឋាភិបាលក៏កំពុងជំរុញការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឱ្យស្របទៅតាមការវិវឌ្ឍពិភពលោកផងដែរ។
អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាននិយាយថា នៅពេលគ្រប់អាជីវកម្មទាំងអស់ត្រូវបានចុះបញ្ជី គឺវានឹងផ្តល់ផលវិជ្ជមានច្រើនទាំងសម្រាប់រដ្ឋាភិបាល និងផ្នែកឯកជន ជាពិសេសជួយឱ្យគេអាចដឹងពីចំនួនប្រភេទអាជីកម្មដែលកំពុងមានប្រតិបត្តិការ ដើម្បីអាជ្ញាធរអាចរៀបចំគោលនយោបាយកំណត់ពន្ធ បើកវគ្គបណ្តុះបណ្តាល ឬដាក់ចេញគោលនយោបាយជួយគាំទ្រជាដើម។
លោកបន្ថែមថា កំណើននៃការចុះបញ្ជីនេះក៏បញ្ជាក់អំពីការយល់ដឹងរបស់ម្ចាស់អាជីវកម្មចំពោះកាតព្វកិច្ចបំពេញឯកសារផ្លូវច្បាប់ផងដែរ។
លោកថ្លែងថា៖«តាមរយៈទិន្នន័យពីការចុះបញ្ជី គឺនឹងជួយឱ្យការប្រកួតប្រជែងកាន់តែមានតម្លាភាពជាងមុន ខណៈនីតិវិធីចុះបញ្ជីក៏កាន់តែងាយស្រួលផងដែរ»៕