ភ្នំពេញៈ កម្ពុជារកប្រាក់បានជិត ១ ពាន់លានដុល្លារនៅក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២៣ ពីការនាំចេញផលិតផលស្បែកជើង និងវត្ថុប្រហាក់ប្រហែល ដែលចំនួននេះ គឺបានធ្លាក់ចុះប្រមាណ ១/៤ ដងបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ខណៈអ្នកជំនាញបានអះអាងថាបណ្តាលមកពីកត្តាខាងក្រៅទាំងស្រុង។
ទិន្នន័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ឱ្យដឹងថា ចន្លោះពីខែមករា-កញ្ញា ឆ្នាំ ២០២៣ ការនាំចេញទំនិញស្ថិតនៅក្នុងជំពូក (HS ២ខ្ទង់)លេខកូដ ៦៤ ដែលរួមមាន ស្បែកជើង ស្រោមជើង និងវត្ថុប្រហាក់ប្រហែល (ភាគរបស់វត្ថុទាំងនេះ) មានទឹកប្រាក់សរុប ៩៩១,៧៧ លានដុល្លារ ធ្លាក់ចុះ ២៥,១ ភាគរយធៀបរយៈពេល ៩ ខែដើមឆ្នាំ ២០២២ ដែលមាន ១,៣២ ពាន់លានដុល្លារ។
ទឹកប្រាក់នាំចេញទំនិញលេខកូដ ៦៤ គឺស្មើប្រមាណ ៥,៩ ភាគរយនៃការនាំចេញទំនិញសរុបរបស់កម្ពុជារយៈពេល ៩ ខែឆ្នាំ ២០២៣ ដែលមាន ១៦,៩៥ ពាន់លានដុល្លារ។ កាលពីរយៈពេល ៩ ខែដើមឆ្នាំ ២០២២ ទឹកប្រាក់នាំចេញទំនិញលេខកូដ ៦៤ គឺស្មើ ៧,៨ ភាគរយនៃការនាំចេញសរុបដែលមានចំនួន ១៧,០៨ ពាន់លានដុល្លារ។
ដោយឡែកសម្រាប់ខែកញ្ញា ឆ្នាំ ២០២៣ ការនាំចេញស្បែកជើង ស្រោមជើង វត្ថុប្រហាក់ប្រហែលមានទឹកប្រាក់ ១០១,១៧ លានដុល្លារ ថយ ២៨,៧ភាគរយពី ១៤១,៨១ លានដុល្លារធៀបខែកញ្ញា ឆ្នាំ ២០២២។
ប្រធានសមាគមស្បែកជើងកម្ពុជា លោក លី ឃុនថៃ កាលពីសប្តាហ៍មុនបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា បញ្ហាកំណើនសេដ្ឋកិច្ចសកលមិនរឹងមាំ និងសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន ព្រមទាំងបរិមាណការបញ្ជាទិញដ៏ច្រើនកាលពីឆ្នាំ ២០២២ ដែលនៅសល់ក្នុងឃ្លាំង (ក្រុមហ៊ុនបញ្ជាទិញក្រៅប្រទេស)រហូតដល់ពេលនេះ គឺអាចជាមូលហេតុចម្បងដែលធ្វើឱ្យការនាំចេញផលិតផលស្បែកជើងពីកម្ពុជាក្នុងឆ្នាំ ២០២៣ នេះធ្លាក់ចុះ។ សម្រាប់សមត្ថភាពនៃច្រវាក់ផលិតកម្មកម្ពុជាមិនបានស្រុតចុះឡើយ ប៉ុន្តែកំពុងកើនឡើងជាលំដាប់តាមរយៈកំណើននៃការបណ្តាក់ទុនថ្មីៗ ដែលត្រូវបានប្រកាសឱ្យដឹងពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។
លោកបានបញ្ជាក់ថា៖«កត្តាសំខាន់ដែលធ្វើឱ្យការនាំចេញស្បែកជើង និងវត្ថុប្រហាក់ប្រហែលពីកម្ពុជាទៅទីផ្សារអន្តរជាតិធ្លាក់ចុះ គឺដោយសារការធ្លាក់ចុះតម្រូវការសកល ខណៈវិបត្តិបណ្តាលមកពីសង្គ្រាមនៅក្រៅប្រទេស ក៏ជាចំណែកដែលបង្កឱ្យមានផលអវិជ្ជមានទាំងអស់នេះដែរ»។
លោកបន្ថែមថា សម្រាប់រយៈពេលនៅសល់នៃឆ្នាំ ២០២៣ (រដូវកាលអ្នកទេសចរដើរលេងច្រើន) និងចាប់ពីដើមឆ្នាំ ២០២៤ តទៅ ការនាំចេញស្បែកជើង ស្រោមជើង និងវត្ថុប្រហាក់ប្រហែល ត្រូវបានរំពឹងថានឹងកើនឡើងវិញជាបណ្តើរៗ។
លោកអះអាងថា៖«យើងមានសុទិដ្ឋិនិយមថាឆ្នាំ ២០២៤ ការបញ្ជាទិញនឹងកើនវិញខ្លះៗ»។
បើតាម ឃុនថៃ ផលិតផលស្បែកជើង ស្រោមជើង និងវត្ថុប្រហាក់ប្រហែលដែលផលិតនៅកម្ពុជាត្រូវបាននាំទៅគោលដៅសំខាន់ៗមួយចំនួនដូចជា អាមេរិក, អឺរ៉ុប, កាណាដា, អង់គ្លេស និងប្រទេសក្នុងតំបន់។ ស្បែកជើងផលិតនៅកម្ពុជាមានម៉ាកអន្តរជាតិល្បីៗដូចជា Adidas, Clarks, និង Timberland ជាដើម។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានឱ្យដឹងថា ផលិតផលស្បែកជើង ស្រោមជើង និងវត្ថុប្រហាក់ប្រហែល គឺជាផ្នែកសំខាន់មួយនៃទំនិញនាំចេញរបស់កម្ពុជាទៅទីផ្សារអន្តរជាតិ។ បច្ចុប្បន្ននេះរោងចក្រផលិតស្បែកជើង និងវត្ថុប្រហាក់ប្រហែលបានបង្កើតការងារយ៉ាងច្រើនសម្រាប់ប្រជាពលរដ្ឋខ្មែរ និងរកចំណូលបានរាប់រយលានដុល្លារក្នុង ១ ឆ្នាំៗ។
លោកបន្តថា ការធ្លាក់ចុះតម្រូវការផលិតផលទាំងអស់នេះ គឺដោយសារកំណើនសេដ្ឋកិច្ចប្រទេសដែលជាគោលដៅនាំចេញរបស់កម្ពុជាជួបបញ្ហា ខណៈវិស័យទេសចរណ៍ពិភពលោកក៏មិនសូវល្អដែរក្នុងរយៈពេលជិត ៤ ឆ្នាំមកនេះ។
លោកប្រាប់ថា៖«នៅពេលកំណើនសេដ្ឋកិច្ចសកលល្អមនុស្សនឹងចេញធ្វើទេសចរណ៍ច្រើន ដូច្នេះតម្រូវការស្បែកជើង និងវត្ថុប្រហាក់ប្រហែលក៏នឹងកើនឡើងវិញដែរ»។
ក្នុងឆ្នាំ ២០២២ ការនាំចេញទំនិញក្នុងជំពូក (HS ២ខ្ទង់) លេខកូដ ៦៤ មានតម្លៃសរុប ១,៧៤ ពាន់លានដុល្លារ កើនឡើង ២៤,៨ ភាគរយបើធៀបឆ្នាំ២០២១ ដែលមាន ១,៣៩ ពាន់លានដុល្លារ។ ទឹកប្រាក់នាំចេញទំនិញលេខកូដ ៦៤ គឺស្មើប្រមាណ ៧,៧ ភាគរយនៃការនាំចេញសរុបរបស់កម្ពុជាក្នុងឆ្នាំ ២០២២ ដែលមានចំនួន ២២,៤៨ ពាន់លានដុល្លារ៕