សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ បានប្រកាសពីគម្រោងសាងសង់ចំណតផែកុងតឺន័រថ្មីមួយដែលមានតម្លៃ ៥៥៣ លានដុល្លារអាមេរិក នៅទីក្រុងកូឡុំបូ នៃប្រទេសស្រីលង្កា ដែលគេមើលឃើញថាជាផ្នែកមួយនៃការប្រកួតប្រជែងជាមួយប្រទេសចិន លើការផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍អន្តរជាតិ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
ទីភ្នាក់ងារសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិក (DFC) បាននិយាយថា គម្រោងនេះគឺជាការផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់សម្រាប់ស្រីលង្កា ជាមួយនឹងសក្តានុពលផ្លាស់ប្តូររដ្ឋធានីកូឡុំបូ ទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនលំដាប់ពិភពលោកនៅចំនុចប្រសព្វនៃផ្លូវដឹកជញ្ជូនសំខាន់ៗ និងប្រទេសទីផ្សារកំពុងរីកចម្រើន។
នាយកប្រតិបត្តិ DFC លោក Scott Nathan បានថ្លែងថា ការប្តេជ្ញាចិត្តរបស់ DFC ក្នុងការផ្ដល់ប្រាក់ចំនួន ៥៥៣ លានដុល្លារ ជាប្រាក់កម្ចីឯកជន ដើម្បីសាងសង់ចំណតផែកុងតឺន័រភាគខាងលិចរបស់ប្រទេសស្រីលង្កា នឹង «ពង្រីកសមត្ថភាពដឹកជញ្ជូនរបស់ប្រទេសនេះ បង្កើតភាពរុងរឿងកាន់តែច្រើនសម្រាប់ស្រីលង្កាដោយមិនបន្ថែមបំណុលជាតិ ខណៈពង្រឹងជំហររបស់សម្ព័ន្ធមិត្តរបស់យើងនៅទូទាំងតំបន់»។
ការផ្តល់ហិរញ្ញប្បទានគាំទ្រដោយសហរដ្ឋអាមេរិក កើតឡើងខណៈស្រីលង្កាកំពុងត្រដាបត្រដួសងើបឡើងវិញពីវិបត្តិហិរញ្ញវត្ថុ និងសេដ្ឋកិច្ចធ្ងន់ធ្ងរ។
DFC បាននិយាយថា កំពង់ផែកូឡុំបូបានដំណើរការស្ទើរតែពេញចំណុះផែតាំងពីឆ្នាំ ២០២១ មក ហើយកំពង់ផែថ្មីនឹងបំពេញតម្រូវការសេដ្ឋកិច្ចដែលកំពុងរីកចម្រើននៅឈូងសមុទ្របេងហ្គាល់។ ដៃគូក្នុងស្រុកនឹងរួមបញ្ចូលក្រុមហ៊ុនស្រីលង្កា John Keells Holdings និងក្រុមហ៊ុនឥណ្ឌា Adani Ports & Special Economic Zones Limited ដែលកាន់កាប់ភាគហ៊ុន ៥១ ភាគរយនៅចំណតផែកុងតឺន័រភាគខាងលិច។
លោក Nathan បាននិយាយថា DFC ផ្តល់ប្រាក់កម្ចីដោយផ្ទាល់ដល់ក្រុមហ៊ុន ដែលពាក់ព័ន្ធក្នុងការសាងសង់ ដោយបន្ថែមថា៖ «វាជាអាទិភាពខ្ពស់សម្រាប់សហរដ្ឋអាមេរិក ក្នុងការធ្វើសកម្មភាពនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក» ព្រោះថា តំបន់នេះគឺជាម៉ាស៊ីនកំណើនសេដ្ឋកិច្ចរបស់ពិភពលោក និងមានសក្តានុពលដ៏ធំមួយក្នុងការបង្កើតផលប្រយោជន៍សម្រាប់ការអភិវឌ្ឍន៍។
គួរបញ្ជាក់ថា អាមេរិកបង្កើតភ្នាក់ងារ DFC កាលពី ៥ ឆ្នាំ មុន ដើម្បីឆ្លើយតបទៅនឹងយុទ្ធនាការកសាងហេដ្ឋារចនាសម្ព័ន្ធពិភពលោកដ៏ធំរបស់ទីក្រុងប៉េកាំង ដែលគេស្គាល់ថា គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។ តាមរយៈគំនិតផ្ដួចផ្ដើមនោះ ទីក្រុងប៉េកាំងបានវិនិយោគរាប់សិបពាន់លានដុល្លារក្នុងមួយឆ្នាំៗ ដើម្បីសាងសង់ផ្លូវថ្នល់ ផ្លូវដែក កំពង់ផែ និងអាកាសយានដ្ឋាន ដែលជាធម្មតានៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីជំរុញពាណិជ្ជកម្ម និងសុច្ឆន្ទៈចំពោះប្រទេសចិន។
គម្រោងមួយចំនួនក្នុងចំណោមនោះ បានបង្កើនភាពចម្រូងចម្រាស រួមទាំងកំពង់ផែ Hambantota របស់ស្រីលង្កា នៅឆ្នេរភាគអាគ្នេយ៍របស់ប្រទេសនេះ។ស្រីលង្កាបានខ្ចីប្រាក់យ៉ាងច្រើនពីប្រទេសចិន ដើម្បីសាងសង់កំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត រួមទាំងព្រលានយន្តហោះជាដើម។ គម្រោងទាំងនោះបានបរាជ័យក្នុងការទទួលបានប្រាក់ចំណូលគ្រប់គ្រាន់ដើម្បីសងប្រាក់កម្ចី ហើយនៅឆ្នាំ ២០១៧ ស្រីលង្កាបានផ្ដល់កំពង់ផែសមុទ្រនៅ Hambantota ទៅឱ្យចិនគ្រប់គ្រង។
បំណុលរាប់ពាន់លានដុល្លារដែលស្រីលង្កាជំពាក់ចិន បានរារាំងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសនេះដើម្បីដោះស្រាយវិបត្តិហិរញ្ញវត្ថុរបស់ខ្លួន ហើយជារឿយៗ ត្រូវបានអ្នករិះគន់ចិនលើកឡើងធ្វើជាភស្តុតាងថា BRI គឺជាអន្ទាក់បំណុល។ យ៉ាងណាមិញ ចិនច្រានចោលការចោទប្រកាន់បែបនេះ៕