ភ្នំពេញៈ​លោក​ទេស​រដ្ឋ​មន្ត្រី អ៊ុក រ៉ាប៊ុន ប្រធាន​គណៈ​កម្មាធិ​ការ​ជាតិ​ជំរុញ​ចលនា​ភូមិ ​១​ ផលិត​ផល​ ១ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ស្តារ​អភិវឌ្ឍ​ន៍​វិស័យ​កសិកម្ម ​បាន​ស្នើ​ឱ្យ​ស្ថាប័ន​ពាក់​ព័ន្ធ​រួមគ្នា ​បង្កើន​ការ​ផ្សព្វ​ផ្សាយ​ដើម្បី​ជំរុញ​ចលនា​ភូមិ​១​ផលិត​ផល​១សំដៅ​លើក​កម្ពស់​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​មូល​ដ្ឋាន​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង។​

​ការ​ស្នើ​របស់​លោក ​អ៊ុក រ៉ាប៊ុន ដូច្នេះ​បាន​ឡើង​ក្នុង​ពិធី​បិទ​សិក្ខា​សាលា​ផ្សព្វ​ផ្សាយ​ស្តីពី​ការ​ច​ងក្រង​សមា​ជិក​ចលនា​ភូមិ​ ១ ​ផលិត​ផល ​១ ឆ្នាំ​២០២៣ ​និង​ចែក​វិញ្ញាបន​បត្រ​ទទួលស្គាល់​ផលិត​ផល​ភូមិ ១ ​ផលិត​ផល ​១ ឆ្នាំ​២០២២ នៅទី​ស្តី​ការ​គណៈ​រដ្ឋមន្ត្រី កាល​ព្រឹក​ថ្ងៃទី​៧ ​ខែវិច្ឆិកា ឆ្នាំ​២០២៣​។​

​លោក​បានថ្លែង​​ថា៖«​ចល​នា​ភូមិ ១ ផលិត​ផល​ ១ គឺជា​យន្ត​ការ​ដ៏​មាន​ប្រសិទ្ធ​ភាព​មួយ​ក្នុងការ​លើក​កម្ពស់​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​មូល​ដ្ឋាន​ បង្កើត​ការ​ងារ ​និង​កាត់​បន្ថយ​ចំណាក​ស្រុក​ ហើយ​ចលនា​ភូមិ​ ១ ​ផលិត​ផល​ ១ ​នេះ​មាន​ភាព​ចាំ​បាច់​សម្រាប់​មូល​ដ្ឋានក្នុង​ការ​រួម​ចំណែក​ធ្វើឱ្យ​កម្ពុជា​ឈាន​ទៅ​សម្រេច​បាន​ចក្ខុ​វិស័យប្រែ​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​មធ្យម ​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ ​និង​ក្លាយជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០»​។​

​លោកអ៊ុក ​រ៉ាប៊ុន បាន​បន្ត​ថា​៖«​ដើម្បី​សម្រេច​ទិសដៅ​ចលនា​ភូមិ​១​ផលិត​ផល​១ ប្រកប​ដោយ​ប្រសិទ្ធ​ភាព សូមឱ្យ​អ្នក​ពាក់​ព័ន្ធ​រួមគ្នា​អនុវត្ត​ធ្វើការ​ណែនាំ ​ពន្យល់​ពលរដ្ឋ និង​អ្នក​ផលិត​តាម​មូល​ដ្ឋាន​ឱ្យ​យល់​ច្បាស់​ថែម​ទៀត​ពី​សារៈ​សំខាន់​ និង​ផលប្រ​យោជន៍​ក្នុងការ​ចូលរួម​ក្នុង​ការងារ​ជំរុញ​ចលនា​ភូមិ​១​ផលិត​ផល​១ដើម្បី​កម្ពុ​ជាមាន​ផលិត​ផល​សម្បូរ​បែប និង​ឈាន​ដល់​ការ​ពង្រឹង​ចំណូល​សេដ្ឋ​កិច្ច​ប្រជា​ជន​តាម​មូល​ដ្ឋាន​»​។​

​យោងតាម​គេហ​ទំព័រ​ក្រុមប្រឹ​ក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្មបានឱ្យដឹងថា នៅក្នុងឱកាសនោះ​ លោក ​ផល សុជាតិ​ អគ្គ​លេខាធិ​ការ​នៃ​អគ្គ​លេខាធិ​ការ​ដ្ឋាន​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​ជំរុញ​ចលនា​ភូមិ​១​ផលិត​ផល​១បាន​លើក​ឡើងថា​ គិត​មក​ទល់ពេ​លនេះ គណៈ​កម្មាធិ​ការ​ជាតិបាន​ប្រមូល​ចង​ក្រង​ផលិត​ផល​ភូមិ​ ១ ​ផលិត​ផល​ ១ ចំនួន​ ២ ​លើក​រួច​មក​។​

​លោក​បាន​បន្តថា ​គណៈ​កម្មាធិកា​រ​ជាតិ​ទទួល​បាន​ផលិត​ផល​ទទួល​ស្គាល់​ជា​ផលិត​ផល​ភូមិ​ ១​ ផលិត​ផល ​១ ចំនួន ​៥៥៩​ ផលិត​ផល ដែល​ក្នុងនោះ​ សម្រាប់​រាជ​ធានី​ភ្នំពេញ​មាន​ចំនួន​ ៥៦ ​ផលិត​ផល ​ខណៈ​ផលិត​ផល​ទាំង​នេះ ​នឹង​ត្រូវ​​វាយត​ម្លៃ​ដាក់​ចំណាត់​ថ្នាក់​ផលិ​តផល​ផ្កាយ១​ ផ្កាយ២​ ផ្កាយ​៣ ​ ផ្កាយ៤​ និង​ផ្កាយ​៥​ដែល​ល្អ​ជាង​គេ​ផង​ដែរ​។​

​លោក​បាន​បញ្ជាក់​ថា​៖«​តាម​រយៈ​សកម្ម​ភាព​នេះ វា​នឹង​ក្លាយ​ទៅ​ជា​កម្លាំង​អូសទា​ញ​មួយ​ថែម​ទៀតក្នុងការ​ទាក់​ទាញ​ទឹក​ចិត្ត​ផលិត​ករ​ក្នុង​ស្រុក​ឱ្យ​មាន​ការ​ខំប្រឹង​ប្រែង​ពង្រឹង​គុណ​ភាព​ផលិត​ផល​របស់​ខ្លួន​ដើម្បី​ទទួល​បាន​ចំណាត់​ថ្នាក់​ល្អ​និង​បង្កើន​ឱកាស​ទីផ្សារ និង​សមត្ថ​ភាព​ប្រកួត​ប្រជែង​របស់​ខ្លួន​»​។​

​ជុំវិញ​ការ​លើក​ឡើង​នេះ ​អ្នក​ជំនាញ​សេដ្ឋកិច្ច​នៃ​វិទ្យា​ស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា លោ​ក ហុង ​វណ្ណៈ ​បាន​បង្ហាញ​ការ​គាំទ្រ​លើ​ការ​ជំរុញ​ចលនា​ភូមិ​ ១ ផលិត​ផល ១ និង​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​មូល​ដា្ន​ន​បន្ថែម​ទៀត​ដោយ​លោក​បានចា​ត់ទុក​ថាជា​​រឿង​មួយ​ល្អ​។​

​លោក​បាន​បញ្ជាក់​ថា​៖«​ដើម្បី​ឈាន​ទៅ​សម្រេច​កិច្ច​ការងារ​ទាំង​នេះ គឺ​ទាក់​ទង​នឹង​ហិរ​ញ្ញវត្ថុ និង​ធ​នធានម​នុស្ស ហើយក៏​សូម​ជំរុញ​ឱ្យ​ភាគី​ពាក់​ព័ន្ធ ​បង្កើត​វេទិកា​ចលនា​ភូមិ​ ១ ផលិត​ផល ​១ ​ឱ្យបាន​ច្រើន ​ពិសេស​ខិតខំ​រិះរក​ទីផ្សារ​ថ្មីៗ​សម្រាប់​ទីផ្សារ​ផលិត​ផល​នៅ​តាម​មូល​ដ្ឋាន​ដែល​ប្រជា​ពលរដ្ឋ​ផលិត ​និង​កែច្នៃ​បាន​បន្ថែម​ទៀត ​ដើម្បី​នាំចេញ​ផលិត​ផល​កម្ពុជា​ឱ្យ​កាន់​តែ​ទូលាយ​ជាង​នេះ​»​។​

​សូម​បញ្ជាក់​ដែរ​ថា​ គណៈ​កម្មាធិ​ការ​ជាតិ​ជំរុញ​ចលនា​ភូមិ​១​ផលិត​ផល​១ ក៏បាន​ប្រកាស​ពី​គោល​នយោ​បាយ​ជាតិ ស្តីពី​ការ​ជំរុញ​ចលនា​ភូមិ​ ១ ផលិត​ផល ​១​ ឆ្នាំ ​២០១៦-​២០២៦​ និង​ផែនការ​យុទ្ធ​សាស្ត្រ ​ដែល​ជា​ឯក​សារ​តម្រង់​ទិស​ដ៏​សំខាន់​សម្រាប់​ការ​ជំរុញ​ចលនា​ភូមិ​ ១​ ផលិត​ផល​ ១ ​របស់​កម្ពុជា​ ឱ្យមាន​ការ​អនុវត្ត​បែប​ប្រទាក់​ក្រឡា​រវាង​ក្រសួង​ស្ថា​ប័ន​ពាក់​ព័ន្ធ​ឱ្យ​កាន់​តែមា​ន​ប្រសិទ្ធ​ភាព​ថែម​ទៀត​៕