ភ្នំពេញៈ កម្ពុជាបង្ហាញការស្វាគមន៍ក្រុមហ៊ុនចិន China MCC22 Group Corporation ដែលចាប់អារម្មណ៍ក្នុងការមកសិក្សា និងវិនិយោគនៅកម្ពុជាលើវិស័យសំខាន់ៗដូចជាហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធចម្រោះទឹកកខ្វក់ រោងចក្ររ៉ែ ផ្លូវល្បឿនលឿន ការបង្កើតសួនឧស្សាហកម្ម អចលនទ្រព្យ និងរោងចក្រផលិតសម្ភារសំណង់។
ការស្វាគមន៍នេះត្រូវបានលើកឡើងក្នុងឱកាសជំនួបពិភាក្សាការងាររវាងលោក គង់ វិមាន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយនឹងគណៈប្រតិភូក្រុមហ៊ុន China MCC22 Group Corporation Ltd ដែលដឹកនាំដោយលោក Guo KongSong អ្នកគ្រប់គ្រងទូទៅនៃនាយកដ្ឋានពាណិជ្ជកម្មក្រៅប្រទេសរបស់ក្រុមហ៊ុន នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី ៧ វិច្ឆិកា ឆ្នាំ ២០២៣។
យោងតាម CDC គោលបំណងនៃជំនួបខាងលើ គឺដើម្បីបើកឱកាសឱ្យក្រុមហ៊ុនអាចស្វែងយល់បន្ថែមអំពីឱកាសវិនិយោគលើវិស័យនានាស្របតាមមុខសញ្ញាវិនិយោគរបស់ក្រុមហ៊ុន ដែលមានដូចជា ការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធចម្រោះទឹកកខ្វក់ ផ្លូវល្បឿនលឿន រោងចក្ររ៉ែ ការបង្កើតសួនឧស្សាហកម្ម អចលនទ្រព្យ និងរោងចក្រផលិតគ្រឿងសម្ភារសំណង់ជាដើម។
លោក គង់ វិមាន បានលើកឡើងថា ក្នុងនាមតំណាងឱ្យថ្នាក់ដឹកនាំ CDC លោកសូមស្វាគមន៍ចំពោះក្រុមហ៊ុនដែលមានចំណាប់អារម្មណ៍ចូលមកសិក្សា និងវិនិយោគនៅកម្ពុជា។
លោកបានថ្លែងថា៖ «រាជរដ្ឋាភិបាលកម្ពុជា មានគោលជំហរបើកចំហទៅគ្រប់វិនិយោគិនលើគ្រប់វិស័យ ដែលក្នុងនោះក៏មានវិស័យមួយចំនួនទទួលបានការលើកទឹកចិត្តឱ្យមានការវិនិយោគផងដែរ។ អាស្រ័យហេតុនេះ រាជរដ្ឋាភិបាលដែលមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាសេនាធិការ ទទួលស្វាគមន៍ និងរង់ចាំសម្របសម្រួលកិច្ចការងាររបស់វិនិយោគិនជានិច្ច។
លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៨ ខែវិច្ឆិកាថា ចំនួនវិនិយោគិនចិនដែលមកបណ្តាក់ទុននៅកម្ពុជាកំពុងកើនឡើងជាបន្តបន្ទាប់ និងមានចម្រុះលើគ្រប់វិស័យដូចជា រោងចក្រកាត់ដេរ រោងចក្រផលិតខ្សែភ្លើង គ្រឿងបង្គុំអេឡិចត្រូនិកអគ្គិសនី គ្រឿងសង្ហារិម កសិដ្ឋាន និងរោងចក្រកែច្នៃកសិផល ជាដើម។ លោកបន្តថា ក្រៅពីការបណ្តាក់ទុនផ្ទាល់ ប្រទេសទាំង ២ ក៏មានទំនាក់ទំនងនៃការនាំទំនិញទៅវិញទៅមកច្រើនផងដែរនាពេលនេះ និងតទៅអនាគត។
លោកថ្លែងថា៖«ភាពល្អប្រសើរនៃទំនាក់ទំនងការទូត និងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នឹងជួយទាក់ទាញវិនិយោគិនចិនឱ្យមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន ហើយទឹកប្រាក់នៃការផ្លាស់ប្តូរទំនិញប្រទេសទាំង ២ ក៏នឹងបន្តកើនឡើងបន្ថែមទៀតដែរ»។
លោកប្រាប់ទៀតថា វិនិយោគិនចិនកំពុងចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារនៅកម្ពុជា៕