ភ្នំពេញៈ ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ថៃ ក្នុង​រយៈពេល ៣​ ត្រី​មាស ​ដើមឆ្នាំ​ ២០២៣ មានទឹក​ប្រាក់​សរុប​ជាង ២,៨​ ពាន់​លាន​ដុល្លារ ថយចុះ​ជិត ១៨ ​ភាគរយ​ ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២២ ខណៈ​ទឹកប្រាក់​នាំ​ចេញ​របស់​ថៃ​បាន​គ្របដណ្តប់​ជិត ៧៧​ ភាគរយ​នៃ​ចំនួន​ទឹក​ប្រាក់​សរុប​។ នេះ​បើ​យោងតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ (GDCE)​។​

​ទិន្នន័យ​ពី GDCE ឱ្យដឹងថា ចន្លោះ​ពី​ខែមករា​-​ខែកញ្ញា ឆ្នាំ​ ២០២៣ ការនាំចេញ​-​នាំចូល​ទំនិញ​រវាង​ប្រទេស​មាន​ព្រំដែន​គោក និង​ទឹក​ជាប់​គ្នា​នេះ មាន​ទឹកប្រាក់​សរុប ២,៨២ ​ពាន់​លាន​ដុល្លារ ថយចុះ ១៧,៩​ ភាគរយ​ពី​ចំនួន ៣,៤៣ ​ពាន់​លាន​ដុ​ល្លារ​នា​រយៈពេល​ដូចគ្នា​ឆ្នាំមុន​។ ប្រទេស​ថៃ គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី ៤ របស់​កម្ពុជា បន្ទាប់ពី​ចិន អាមេរិក និង​វៀតណាម​។​

​យោងតាម​ទិន្នន័យ​ខាងលើ គឺ​ទឹកប្រាក់​កម្ពុជា​នាំ​ទំនិញ​ទៅ​ប្រទេស​ថៃ មាន​ជាង ៦៥២​ លាន​ដុល្លារ​ធ្លាក់ចុះ​ ០,៥​ ភាគរយ ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ដែលមាន​ចំនួន​ជាង ៦៥៥ ​លាន​ដុល្លារ និង​ទំនិញ​ថៃ​នាំមក​កម្ពុជា​វិញ ២,១៧​ ពាន់​លាន​ដុល្លារ ធ្លាក់ចុះ​២២​ភាគរយ​ពី​ចំនួន ​២,៧៨​ ពាន់​លាន​ដុល្លារ​។ ផ្អែក​តាម​ទិន្នន័យ​ខាងលើ គឺ​ជញ្ជីង​ពាណិជ្ជ​កម្ម​កម្ពុជា មាន​ឱនភាព ១,៥២ ​ពាន់​លាន​ដុល្លារ ខណៈ​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២២ មាន​ឱនភាព​ចំនួន​ ២,១២ ​ពាន់​លាន​ដុល្លារ​។​

​សម្រាប់​ខែកញ្ញា ឆ្នាំនេះ ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២​ មាន​ទឹកប្រាក់​ជាង​ ២៧៧​ លាន​ដុល្លារ ធ្លាក់ចុះ ២៣,៥៩ ​ភាគរយ​បើ​ធៀប​ខែកញ្ញា ឆ្នាំ ​២០២២ ក្នុងនោះ​កម្ពុជា​នាំទៅ​ប្រទេស​ថៃ​ ៤៧,៤៦​ លាន​ដុល្លារ កើន ​២,៥​ ភាគរយ និង​ទំនិញ​ថៃ​នាំមក​កម្ពុជា ​២២៩,៦៦​ លាន​ដុល្លារ ថយចុះ​ ១១,៧​ភាគរយ​។​

លោក ​ហុង វណ្ណៈ អ្នកជំនាញ​សេដ្ឋ​កិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ​៨ ខែវិច្ឆិកា​ថា ក្នុងនាម​ជា​ប្រទេស​មាន​ព្រំដែន​គោក និង​ទឹក​ជាប់​គ្នា គឺ​ការផ្លាស់ប្តូរ​ទំនិញ​រវាង​ប្រជាជាតិ​ទាំង​ ២ ប្រាកដ​ជាមាន​ចំនួន​លើសពី​អ្វីដែល​បាន​កត់​​ត្រា ខណៈ​ក្រៅពី​ចរាចរណ៍​ទំនិញ ចរន្ត​នៃ​ការធ្វើ​ទេសចរណ៍​ក៏មាន​ច្រើន​ផងដែរ​។ លោក​បន្តថា ប្រទេស​ថៃ គឺជា​ទីផ្សារ​ទទួល​ទិញ​ផលិតផល​ក​សិ​កម្ម​ដ៏​ធំ​មួយ​ពី​កម្ពុជា ដោយនៅ​រដូវ​ប្រមូល​ផល​ម្តងៗ​តែងមាន​ឈ្មួញ​ជា​ច្រើន​មក​ប្រមូល​ទិញ​ពី​ប្រជាកសិករ​ខ្មែរ​ទៅ​លក់​បន្ត​នៅ​ប្រទេស​ថៃ​។​

​លោក​ថ្លែងថា​៖ «​ការធ្លាក់ចុះ​ទំហំ​ពា​ណិ​ជ្ជ​កម្ម​នៃ​ប្រទេស​ទាំង​ ២ គឺ​ដោយសារ​ឥទ្ធិពល​នៃ​វិបត្តិ​សេដ្ឋកិច្ច​សកល​ដែល​ធ្វើឱ្យ​ពាណិជ្ជកម្ម​អន្តរជាតិ​ធ្លាក់ចុះ​ស្ទើរ​គ្រប់​ទីកន្លែង​លើ​ពិភពលោក​។ ម្យ៉ាងទៀត​ក៏​ដោយសារ​ការកើនឡើង​នៃ​កម្លាំងផលិតកម្ម​នៅ​កម្ពុជា​ដែល​អាច​ផលិត ឬ​កែច្នៃ​ក្នុងស្រុក​បាន​កាន់តែច្រើន​ដើម្បី​បំពេញតម្រូវការ​ប្រើប្រាស់​ក្នុងស្រុក​ខុសពី​មុន​ដែល​ពឹងផ្អែក​ស្ទើរ​ទាំងស្រុង​លើ​ការនាំ​ចូល​»​។​

​លោក​បាន​បន្ថែមថា ផលិតផល​សំខាន់ៗ​ដែល​កម្ពុជា​នាំទៅ​ប្រទេស​​ថៃ គឺ​ផលិតផល​កសិកម្ម និង​ធនធាន​​ធម្មជាតិ​មួយចំនួន ខណៈ​ទំនិញ​ដែល​ថៃ​នាំមក​កម្ពុជា មានដូចជា ផលិត​ផល​ម្ហូបអាហារ​, ភេសជ្ជៈ​, ស្រា​បៀរ​,​ ឱសថ​,​ យានជំនិះ​, ​គ្រឿង​អេឡិចត្រូនិក​, ឧបករណ៍​អគ្គិសនី​, ជីគីមី​, គ្រឿងយន្ត​កសិកម្ម និង​គ្រឿងសម្អាង​ជាដើម​។​

​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​បាត់​ដំបង ដែលជា​ខេត្ត​មាន​ព្រំដែន​ជាប់​ប្រទេស​ថៃ លោក គីម ហួត និយាយថា ការផ្លាស់ប្តូរ​ទំនិញ​រវាង​ប្រទេស​ទាំង​ ២ បាន​ដំណើរការ​ទៅមុខ​ដោយ​រលូន ដោយនៅ​រដូវ​ប្រមូល​ផល​ក​សិ​កម្ម​ម្តងៗ​តែងមាន​ឈ្មួញ​ក្នុងស្រុក និង​មកពី​ប្រទេស​ថៃ មកជួយ​ទិញ​កសិផល​ពី​កសិករ​ខ្មែរ​ដើម្បី​នាំទៅ​ប្រទេស​ថៃ​សម្រាប់​ការកែច្នៃ វេច​ខ្ចប់ និង​នាំ​ចេញ​បន្ត​។ លោក​បន្តថា ប្រទេស​ថៃ គឺជា​ទីផ្សារ​ធំជាងគេ​សម្រាប់​ប្រជា​កសិករ​នៅ​ភាគ​ពាយព្យ​។​

​លោក​អះអាងថា​៖ «​ការនាំចេញ​-​នាំចូល​ទំនិញ​រវាង​ប្រទេស​ទាំង ​២ បាន​បោះជំហាន​ទៅមុខ​យ៉ាង​ល្អ ដោយ​ការផ្លាស់ប្តូរ​ទំនិញ​បានកើត​មាន​ជា​រៀងរាល់ថ្ងៃ​»​។​

​លោក សរ សារិន អនុប្រធាន​ក្រុម​ប្រឹក្សា​ធុរកិច្ច​កម្ពុជា ​(CBC)​ ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​បាងកក ធ្លាប់​និយាយថា ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ​រវាង​ប្រទេស​ទាំង ២ កំពុង​ដើរតួនាទី​ក្នុងការ​ជំរុញ​ការផ្លាស់ប្តូរ​ទំនិញ​។ លោក​បន្តថា ចាប់តាំងពី​បង្កើត CBC មក ស្ថាប័ន​លោក​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ផ្សព្វផ្សាយ​ផលិតផល និង​សក្តា​នុ​ពល​របស់​កម្ពុជា​ដល់​វិនិយោគិន​ថៃ​។​

​លោក​លើកឡើងថា​៖ «​ប្រទេស​យើង​ទាំង ​២ មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ទាក់ទង​នឹង​សេដ្ឋកិច្ច និង​ការទូត ដែលជា​កត្តា​សំខាន់​ក្នុងការ​ជំរុញ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​។ ដូច​យើង​ឃើញ​ហើយ​ថា បន្ទាប់ពី​កូ​វីដ ​១៩ ធូរស្រាល លំហូរ​ទេសចរ​បរទេស​កំពុង​ត្រឡប់មក​ប្រទេស​យើង​ទាំង ២ វិញ ដូច្នេះ​មាន​កំណើន​តម្រូវការ ហើយ​សកម្មភាព​អាជីវកម្ម​ក៏​ស្ទុះ​ងើបឡើង​វិញ​ដែរ​»​។​

​ទិន្នន័យ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជាបង្ហាញថា ក្នុង​ឆ្នាំ ២០២២ ការធ្វើ​ពាណិជ្ជកម្ម​កម្ពុជា​-​ថៃ មាន​ទឹកប្រាក់​សរុប​ជាង​ ៤ ,៦៦ ​ពាន់​លាន​ដុល្លារ​កើន​ ,២​ ភាគរយ​ធៀប​ឆ្នាំ​ ២០២១ ក្នុងនោះ​កម្ពុជា​នាំទៅ​ថៃ​ជិត​ ៨៣២​ លាន​ដុល្លារ កើនឡើង ៣៤,១ ​ភាគរយ និង​ទំនិញ​កម្ពុជា​នាំចូល​ពី​ថៃ ជាង​ ៣,៨៣២ ពាន់​លាន​ដុល្លារ​កើន ​១០,៧ ​ភាគរយ​៕