យោងតាមការស្ទង់មតិរបស់សារព័ត៌មានរ៉យទ័រ (Reuters) នាពេលថ្មីៗនេះបានបង្ហាញថាស្ទើរតែ ៥០ ភាគរយ នៃក្រុមហ៊ុនជប៉ុន បានយល់ឃើញថាជម្លោះរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស់ ប៉ាឡេស្ទីន (Hamas)បានប៉ះពាល់ដល់ប្រាក់ចំណូលរបស់ពួកគេ។ ពួកគេមានការព្រួយបារម្ភជាពិសេសអំពីការកើនឡើងតម្លៃប្រេងនិងទំនិញ។
តាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ទើរតែពាក់កណ្តាលនៃក្រុមហ៊ុនជប៉ុនទាំងអស់បានរំពឹងថាអត្រាការប្រាក់អវិជ្ជមានដែលជាទិដ្ឋភាពសំខាន់នៃគោលនយោបាយរូបិយវត្ថុរបស់ប្រទេសជប៉ុននឹងអាចបញ្ចប់ទៅនៅពាក់កណ្តាលឆ្នាំក្រោយនេះ។
យោងតាមការស្ទង់មតិរបស់រ៉យទ័រដដែលបានរកឃើញថាក្រុមហ៊ុនចំនួន ៤៨% បានអះអាងថាជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានជះឥទ្ធិពលអវិជ្ជមានដល់ប្រាក់ចំណូលរបស់ពួកគេ ដែលតួលេខនេះគឺទាបជាងបន្តិចនៃតួលេខ ៤៩% នៃក្រុមហ៊ុនជប៉ុនទាំងអស់ដែលបានគិតថា ជម្លោះនេះមិនមានផលប៉ះពាល់ធំធេងនោះទេ។ គួរកត់សម្គាល់ថា ក្រុមហ៊ុនចំនួន ៣% បានយល់ឃើញថា ជម្លោះរវាងភាគីទាំងពីរបានជះផលវិជ្ជមាន។
អ្នកគ្រប់គ្រងក្រុមហ៊ុនគីមីមួយរូបបាននិយាយនៅក្នុងការស្ទង់មតិថា«ប្រសិនបើស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ាកាន់តែអាក្រក់ទៅៗវានឹងបណ្តាលឱ្យតម្លៃវត្ថុធាតុដើមនិងប្រេងឥន្ធនៈ មានការកើនឡើងគួរឱ្យកត់សម្គាល់»។ទាក់ទងនឹងតម្លៃប្រេងនេះផងដែរ ៤៦% នៃក្រុមហ៊ុនជប៉ុនដែលបានស្ទង់មតិបានធ្វើការព្យាករណ៍ថា តម្លៃប្រេងនេះនឹងកើនឡើងដល់ ១២០ ដុល្លារ ក្នុងមួយបារ៉ែល ឬខ្ពស់ជាងនេះនាពេលអនាគតដ៏ខ្លីខាងមុខនេះ។បច្ចុប្បន្នប្រេងឆៅប្រភេទ North Sea Brent មានតម្លៃប្រហែល៨១ដុល្លារក្នុងមួយបារ៉ែល។
ជារួម ការស្ទង់មតិនេះបានបង្ហាញពីការព្រួយបារម្ភកាន់តែទូលំទូលាយអំពីស្ថានភាពនៅមជ្ឈិមបូព៌ា។ ក្នុងចំណោមអ្នកដែលព្រួយបារម្ភអំពីអស្ថិរភាពក្នុងតំបន់ ២/៣ បានលើកឡើងអំពីការកើនឡើងនៃតម្លៃវត្ថុធាតុដើមក្រៅពីប្រេងឥន្ធនៈ។ប្រហែលជា ៥០% បង្ហាញពីការព្រួយបារម្ភអំពីការកើនឡើងនៃអត្រាអតិផរណាពិភពលោកខណៈដែល ២/៥ មានការបារម្ភអំពីកង្វះខាតសក្តានុពលនៃផលិតផលប្រេងនិងផលិតផលដែលត្រូវការប្រេងដើម្បីផលិត។
នៅក្នុងការស្ទង់មតិប្រចាំខែដែលធ្វើឡើងដោយរ៉យទ័រនេះ ៤៦% នៃក្រុមហ៊ុនជប៉ុនធំៗនិងមធ្យមចំនួន៥០២ដែលស្មើនឹង ២៥១ក្រុមហ៊ុនបានឆ្លើយតបថាពួកគេរំពឹងថាធនាគារកណ្តាលជប៉ុន (BOJ) នឹងដោះស្រាយបញ្ហាអត្រាការប្រាក់អវិជ្ជមាននៅខែមិថុនាឆ្នាំ២០២៤ ខាងមុខ ឬឆាប់ជាងនេះ។
កាលពីសប្តាហ៍មុនធនាគារកណ្តាលជប៉ុន បានដាក់ចេញវិធានការបន្ធូរបន្ថយការគ្រប់គ្រងរបស់ខ្លួនលើអត្រាការប្រាក់រយៈពេលវែងឱ្យនៅក្រោម១%។ជប៉ុនបានចាត់ទុកអត្រាការប្រាក់នេះថា ជាអត្រា ដែលអាចបត់បែនបាន ជាជាងអត្រាការប្រាក់ដាច់ខាត។ បច្ចុប្បន្ននេះ ធនាគារកណ្តាលជប៉ុនមានបំណងបញ្ឈប់គោលនយោបាយអត្រាការប្រាក់អវិជ្ជមានរបស់ខ្លួននិងនាំយកអត្រាការប្រាក់រយៈពេលខ្លីរហូតដល់សូន្យជំនួសឱ្យ -០,១%ដែលជាអត្រាការប្រាក់នាពេលបច្ចុប្បន្ន។
យោងតាមការស្ទង់មតិ ៤០% នៃក្រុមហ៊ុនជប៉ុនបានបញ្ជាក់ថាគោលនយោបាយអត្រាការប្រាក់អវិជ្ជមានកំពុងផ្តល់អត្ថប្រយោជន៍ដល់ការគ្រប់គ្រងក្រុមហ៊ុនរបស់ពួកគេ នេះបើយោងតាមការស្ទង់មតិដែលធ្វើឡើងដោយក្រុមហ៊ុន Nikkei Research សម្រាប់សារព័ត៌មានរ៉យទ័រចាប់ពីថ្ងៃទី២៤ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិកា ដោយមានការធានាភាពអនាមិករបស់ក្រុមហ៊ុនដើម្បីលើកទឹកចិត្តឱ្យមានការឆ្លើយតបដោយស្មោះត្រង់៕