ភ្នំពេញៈ កម្ពុជា និងសាធារណរដ្ឋឆែកប្ដេជ្ញាជំរុញបន្ថែមនូវការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ និងពង្រឹងបន្ថែមនូវភាពជាដៃគូពាណិជ្ជកម្ម និងការវិនិយោគឱ្យកាន់តែកើនឡើងមួយកម្រិតទៀតតាមរយៈសកម្មភាពផ្សព្វផ្សាយនានា ដើម្បីជាប្រយោជន៍រួមសម្រាប់ប្រជាជាតិនៃប្រទេសទាំង ២។
ការបញ្ជាក់ជំហរនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិលោក សុខ ចិន្តាសោភា និងឯកអគ្គរដ្ឋទូតឆែក ប្រចាំកម្ពុជា លោក Martin Vávra កាលពីសប្តាហ៍មុន។
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃជំនួបនេះដែលទើបចេញផ្សាយ កាលពីថ្ងៃទី ៨ ខែវិច្ឆិកា ឱ្យដឹងថា ភាគីទាំង ២ ក៏បានរំឭកឡើងវិញនូវចំណងមិត្តភាពដ៏វិសេសវិសាល និងកិច្ចសហប្រតិបត្តិការជាប្រពៃណីដ៏ជិតស្និទ្ធ រវាងកម្ពុជានិងឆែក ដោយផ្អែកលើគោលការណ៍ទុកចិត្តគ្នា និងការយោគយល់គ្នាទៅវិញទៅមក។
ភាគីទាំង ២ ក៏បានសម្តែងការពេញចិត្តយ៉ាងជ្រាលជ្រៅចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំង ២ ហើយបានប្ដេជ្ញាឥតងាករេក្នុងការជំរុញបន្ថែមនូវការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ និងពង្រឹងបន្ថែមនូវភាពជាដៃគូពាណិជ្ជកម្ម និងការវិនិយោគឱ្យកាន់តែកើនឡើងមួយកម្រិតទៀត តាមរយៈសកម្មភាពផ្សព្វផ្សាយនានា ដើម្បីជាប្រយោជន៍រួមសម្រាប់ប្រជាជាតិនៃប្រទេសទាំង ២។
ក្នុងឱកាសនោះលោក សុខ ចិន្តាសោភា បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលឆែកដែលបានផ្តល់ជំនួយដល់កម្ពុជាដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច រួមទាំងវិស័យ អប់រំ និងសុខាភិបាលនាពេលកន្លងមក។ លោកក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធ្វើពិពិធកម្ម ផលិតកម្ម និងបានលើកទឹកចិត្តអ្នកវិនិយោគឆែកក្នុងបណ្តាប្រទេសអាស៊ានផ្សេងទៀតឱ្យចាត់ទុកកម្ពុជា ជាគោលដៅវិនិយោគ។
ចំណែកលោក Martin Vávra បានអះអាងនូវការប្តេជ្ញាចិត្តក្នុងការប្រើប្រាស់ឱ្យអស់ពីលទ្ធភាពនូវ វិស័យសក្តានុពលដែលមានស្រាប់។ ក្នុងន័យនេះ លោកបានសង្កត់ធ្ងន់លើតម្រូវការក្នុងការទាក់ទាញអ្នកវិនិយោគឆែកមកកម្ពុជាតាមរយៈសកម្មភាពផ្សព្វផ្សាយនានា ជាពិសេសក្នុងវិស័យសុខាភិបាល និងអប់រំ។
លោក នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្មនៃរាជបណ្ឌិត្យសភាកម្ពុជាមើលឃើញថា តាមរយៈការប្តេជ្ញាទាំងនេះ នឹងជាផ្នែកមួយជួយជំរុញការវិនិយោគពីសាធារណរដ្ឋឆែកមកកាន់កម្ពុជាបន្ថែមទៀត ជាពិសេសលើវិស័យសុខាភិបាល និងអប់រំ ដែលជាវិស័យសំខាន់សម្រាប់កម្ពុជា។ «កាលណាយើងមានកិច្ចសហប្រតិបត្តិការជាមួយអន្តរជាតិ ពិសេសប្រទេសឆែកដែលជាប្រទេសមួយរីកចម្រើននឹងធ្វើឱ្យវិស័យសុខាភិបាលរបស់យើងបានល្អប្រសើរ»៕