ភ្នំពេញៈ កម្ពុជារកប្រាក់បានជាង ១,២ ពាន់លានដុល្លារ ពីការនាំចេញអង្ករ និងស្រូវទៅកាន់គោលដៅចំនួន ៥៩ ដែលភាគច្រើនទៅតំបន់អឺរ៉ុប ចិន និងអាស៊ាន ទោះបីជាមានការធ្លាក់ចុះសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោកក៏ដោយ ខណៈអ្នកក្នុងឧស្សាហកម្មនេះអះអាងពីការកើនឡើងនៃតម្រូវការស្បៀងនៅទីផ្សារអន្តរជាតិក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
យោងតាមរបាយការណ៍ពីសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) ដែល ភ្នំពេញ ប៉ុស្តិ៍ ទទួលបានកាលពីថ្ងៃទី ៩ ខែវិច្ឆិកា គឺក្នុងរយៈពេល ១០ ខែកន្លងមក កម្ពុជាបាននាំចេញអង្ករជិត ៥៣ ម៉ឺនតោន គិតជាប្រាក់ ៣៧៧ លានដុល្លារ និងបាននាំចេញស្រូវជាង ៣ លានតោន ដែលគិតជាប្រាក់ ៨៦២ លានដុល្លារ។
ចំពោះបរិមាណអង្ករដែលនាំចេញចំនួន ៥២៩ ៩២៤ តោន គឺតាមរយៈក្រុមហ៊ុនចំនួន ៥៧ ទៅកាន់គោលដៅចំនួន ៥៩។ តួលេខឱ្យដឹងទៀតថា ក្នុងនោះប្រទេសចិន និងហុងកុងមានចំនួន ១៧៧ ២៨៥ តោន គិតជាប្រាក់ចំនួន ១១៥,៣ លានដុល្លារ, ប្រទេសនៅទ្វីបអឺរ៉ុប (២៦ ប្រទេស) ២១៧ ០៦៨ តោន ស្មើ ១៥៥,៥៨ លានដុល្លារ, ប្រទេសសមាជិកអាស៊ាន (៦ ប្រទេស) ៦២ ៤៩២ តោន ស្មើ ៤២,៣២ លានដុល្លារ, និងទៅគោលដៅផ្សេងៗទៀត (២៥ ប្រទេស) បានចំនួន ៧៣ ០៧៩ តោន ស្មើនឹង ៦៤,៣ លានដុល្លារ។
ចំពោះប្រភេទអង្ករក្រអូបគ្រប់ប្រភេទចំនួន ៨១,៧៩ ភាគរយ អង្ករស ១៣,៣ ភាគរយ អង្ករចំហុយ ៣,២៤ ភាគរយ អង្ករសរីរាង្គ ១,៦៥ ភាគរយ និងអង្ករសគ្រាប់ខ្លី ០,០១ ភាគរយ។
CRF ឱ្យដឹងទៀតថា ក្នុងរយៈពេល ១០ ខែមកនេះ ប្រទេសកម្ពុជា ក៏បាននាំចេញស្រូវ ៣ ៣០៨ ៦៤៨ តោន ដែលគិតជាប្រាក់បានប្រមាណ ៨៦២,៤៦ លានដុល្លារ ក្នុងនោះជាង ៦០ ភាគរយ បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារពីអាជ្ញាធរ។
លោក ចាន់ សុឃាំង ប្រធាន CRF បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ៩ ខែវិច្ឆិកាថា ទីផ្សារនាំចេញ បាននិងកំពុងបង្កើនបរិមាណបញ្ជាទិញ បើទោះបីជាសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះក៏ដោយ។ ទន្ទឹមនឹងនេះដែរ មានតម្រូវការខ្ពស់នៅក្នុងទីផ្សារអឺរ៉ុបនៅឆ្នាំនេះផងដែរ។
លោកថ្លែងថា៖ «យើងបាននាំចេញប្រហែល ៥៣ ម៉ឺន តោនក្នុងរយៈពេល ១០ ខែចុងក្រោយនេះ ខណៈយើងសង្កេតឃើញថា តម្រូវការរបស់ប្រទេសនាំចេញមានការកើនឡើង។ ខ្ញុំក៏បានកត់សម្គាល់ឃើញថា យើងក៏ទទួលបានការនាំចេញអង្ករសទៅប្រទេសជាច្រើនក្នុងតំបន់ផងដែរ។ ឆ្នាំនេះទីផ្សារអឺរ៉ុបបានស្រូបយកច្រើន ហើយយើងជឿថា សម្រាប់រដូវច្រូតកាត់ខាងមុខ យើងនឹងអាចនាំចេញទៅទីផ្សារចិនបានកាន់តែច្រើនបន្ថែមទៀត»។
ទោះយ៉ាងណា លោកក៏មើលឃើញថា៖ «យើងបាននាំស្រូវចេញទៅប្រទេសជិតខាងច្រើន ដូច្នេះវាក៏ប៉ះពាល់ដល់ការស្តុកដើម្បីនាំអង្ករចេញដែរ»។
លោក សុង សារ៉ន ប្រធានក្រុមហ៊ុន Amru Rice ដែលជាក្រុមហ៊ុននាំចេញអង្ករឈានមុខគេមួយក៏បានថ្លែងដូចគ្នានឹងលោក ចាន់ សុឃាំង ដោយលោកបញ្ជាក់ថា សម្រាប់ក្រុមហ៊ុនលោកបាននាំចេញតែអង្ករក្រអូប និងសរីរាង្គ។
លោកបញ្ជាក់ថា៖ «ក្រុមហ៊ុនខ្ញុំភាគច្រើននាំចេញទៅកាន់ទីផ្សារអឺរ៉ុប ចិន អាមេរិក និងបណ្តាប្រទេសអាស៊ានផ្សេងទៀត។ យើងនាំចេញតែអង្ករក្រអូប និងសរីរាង្គប៉ុណ្ណោះ»។
កាលពីថ្ងៃទី ២ ខែវិច្ឆិកា កម្ពុជាបានធ្វើការដឹកជញ្ជូនអង្ករលើកដំបូងទៅកាន់ប្រទេសឥណ្ឌូនេស៊ី ដែលវាជាជំហានដ៏សំខាន់សម្រាប់ទីផ្សារនាំចេញ។ ពិធីស្វាគមន៍សម្រាប់ការនាំចេញអង្ករដំបូង ៣ ៥០០ តោន ត្រូវបានធ្វើនៅកំពង់ផែ Tanjung Emas ក្នុងទីក្រុង Semarang កាលពីថ្ងៃទី ២ ខែវិច្ឆិកា៕