ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក សុខ សូកេន បានលើកឡើងថា ដើម្បីឱ្យវិស័យទេសចរណ៍កម្ពុជាអាចទទួលបានភ្ញៀវបរទេសមកកម្សាន្ត និងស្នាក់នៅយូរ គឺចាំបាច់ត្រូវតែមានការចូលរួមពីអ្នកពាក់ព័ន្ធទាំងអស់ ខណៈរយៈពេល ៩ ខែឆ្នាំ ២០២៣ កម្ពុជាទទួលភ្ញៀវបរទេសជាង ៣,៩ លាននាក់។
ថ្លែងពីខេត្តសៀមរាប កាលពីថ្ងៃទី ៥ ខែវិច្ឆិកា លោក សុខ សូកេន បានឱ្យដឹងថា ក្រសួងទេសចរណ៍កំពុងធ្វើកិច្ចការជាច្រើនដើម្បីបង្កើនសមត្ថភាពទាក់ទាញភ្ញៀវទេសចរបរទេសឱ្យធ្វើដំណើរមកកម្សាន្តកម្ពុជាបានច្រើន និងចំណាយពេលស្នាក់នៅយូរជាងមុន។ កម្ពុជាចង់ឱ្យភ្ញៀវទេសចរសប្បាយនឹងការទទួលបានអ្វីដែលជាបទពិសោធន៍ថ្មីៗពាក់ព័ន្ធនឹងសម្បត្តិបេតិកភណ្ឌ សម្បត្តិវប្បធម៌ ក៏ដូចជាផលិតផលផ្សេងៗទៀត។ លោកបន្តថា ដើម្បីឱ្យផែនការនេះអាចសម្រេចទៅបាន គឺទាមទារឱ្យមានការចូលរួមយ៉ាងសស្រោកសស្រាំពីអ្នកពាក់ព័ន្ធ។
លោកបានថ្លែងថា៖ «អ្វីដែលយើងចង់បាន គឺទេសចរដែលមកកម្ពុជាសប្បាយនឹងការចាយពេលវេលានៅកម្ពុជា សប្បាយនឹងការទទួលបានអ្វីដែលជាបទពិសោធន៍ថ្មីពាក់ព័ន្ធទៅនឹងសម្បត្តិបេតិកភណ្ឌ សម្បត្តិវប្បធម៌ ក៏ដូចជាផលិតផលផ្សេងៗទៀតដែលកម្ពុជានឹងអាចដាក់ចេញនៅពេលអនាគត ហើយធ្វើយ៉ាងណាឱ្យទេសចរនោះចងចាំកម្ពុជាគឺជាទិសដៅទេសចរណ៍សកលឈានមុខ»។
លោកបន្តថា៖ «បទពិសោធន៍ល្អៗ (ភ្ញៀវដែលមកកម្សាន្តនៅកម្ពុជា) ដែលអាចឱ្យគាត់នាំទេសចរផ្សេងៗទៀត ឱ្យមកទស្សនាកម្ពុជាបន្ថែម ប៉ុន្តែទាំងអស់នេះបើយើងអត់ប្រយ័ត្ន អត់មានការចូលរួមពីវិស័យឯកជន តួអង្គពាក់ព័ន្ធទាំងអស់បទពិសោធន៍នេះវាអាចទៅជាបទពិសោធន៍មិនល្អសម្រាប់ទេសចរ។ យើងបានដឹងហើយកន្លងមកនេះ មានបញ្ហាពាក់ព័ន្ធនឹងការងារនេះទាំងអស់ ដែលយើងត្រូវតែតម្រូវឱ្យមានការចូលរួមទាំងអស់គ្នាពីអ្នកពាក់ព័ន្ធក្នុងការធ្វើយ៉ាងណា យើងនឹងផ្តល់បទពិសោធន៍ល្អៗឱ្យទេសចរមកកម្ពុជានេះ គឺមានភាពកក់ក្តៅក្នុងចិត្ត»។
ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរអង្គរ លោក ខៀវ ធី បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ផ្នែកឯកជនកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការបង្កើតបរិយាកាសល្អៗដើម្បីទាក់ទាញចំណាប់អារម្មណ៍ទេសចរបរទេសឱ្យចូលមកកម្សាន្តនៅកម្ពុជាបានច្រើន ព្រោះវិស័យនេះនៅមុនពេលមានវត្តមានជំងឺកូវីដ ១៩ បានរួមចំណែកយ៉ាងច្រើនក្នុងការរកបង្កើនចំណូលគ្រួសារ និងកំណើនសេដ្ឋកិច្ចជាតិ។
លោកបានបញ្ជាក់ថា៖ «ផ្នែកឯកជនរីករាយក្នុងការចូលរួមជាមួយអាជ្ញាធរដើម្បីលើកកម្ពស់វិស័យទេសចរណ៍ឡើងវិញ ខណៈនៅពេលនេះទោះក្តីបារម្ភពីកូវីដ ១៩ បានលុបបំបាត់ក៏ដោយ ប៉ុន្តែចំនួនភ្ញៀវទេសចរបរទេសមកកម្សាន្តនៅកម្ពុជានៅតែមានចំនួនតិចនៅឡើយបើធៀបប្រទេសជិតខាង»។
ទោះជាយ៉ាងណា លោក ធី ប្រាប់ថា ប្រទេសកម្ពុជាមិនទាន់មានផលិតផលទេសចរណ៍គ្រប់គ្រាន់ដើម្បីបង្កើនភាពទាក់ទាញភ្ញៀវបរទេសឱ្យចូលមកកម្សាន្ត និងទិញវត្ថុអនុស្សាវរីយ៍ ច្រើនដូចនៅប្រទេសជិតខាង (ប្រទេសថៃ)ទេ។
បើតាមលោក ខៀវ ធី ភាគច្រើនភ្ញៀវទេសចរបរទេសមកកម្សាន្តកម្ពុជា គឺមានរយៈពេល ៣-៤ ថ្ងៃ ខុសពីប្រទេសជិតខាងដែលអាចមានរយៈពេលលើសពី ១ សប្តាហ៍។
ទិន្នន័យក្រសួងទេសចរណ៍ឱ្យដឹងថា ពីខែមករា-ខែកញ្ញា ឆ្នាំ ២០២៣ កម្ពុជាទទួលបានភ្ញៀវបរទេសសរុប ៣ ៩២៦ ៨៨២ នាក់ កើនឡើង ២១០,២ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២ ដែលមានចំនួន ១ ២៦៥ ៧៧២ នាក់។
ផ្អែកតាមរបាយការណ៍ គឺភ្ញៀវជនជាតិថៃ មានចំនួន ១ ៣៣៩ ៥៤០ នាក់ (ស្មើ ៣៤,១ ភាគរយនៃចំនួនភ្ញៀវបរទេសសរុប) កើនឡើង ១៨៩,៥ ភាគរយ, វៀតណាម ៧៣០ ០៧៥ នាក់ (១៨,៦ ភាគរយ) កើន ១៥៦ ភាគរយ, ចិន ៤០៥ ៥១៤ នាក់ (១០,៣ភាគរយ) កើន ៥៤៩,៦ ភាគរយ, និងឡាវ ២៥១ ៦៥៨ នាក់ (៦,៤ភាគរយ) កើន ៥៤៨,៩ ភាគរយ៕