ភ្នំពេញៈ ការអនុវត្តចំណូលរបស់រដ្ឋបាលថ្នាក់ជាតិក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៣ សម្រេចបានជាង ១៩ ពាន់លានរៀល (ប្រមាណជាង ៤,៦ ពាន់លានដុល្លារ) ស្មើនឹងជិត ៧៣ ភាគរយ នៃច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ២០២៣ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ គឺការអនុវត្តចំណូលបានថយចុះប្រមាណ ៣ ភាគរយ។ នេះបើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
របាយការណ៍ស្ថិតិហិរញ្ញវត្ថុប្រចាំខែកញ្ញា ឆ្នាំ ២០២៣ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យដឹងថា ចាប់ពីខែមករា-កញ្ញា ឆ្នាំ ២០២៣ ការអនុវត្តចំណូលរបស់រដ្ឋបាលថ្នាក់ជាតិសម្រេចបាន ១៩ ១០៧ ពាន់លានរៀល (ប្រហែល ៤,៦៤ ពាន់លានដុល្លារ) ស្មើ ៧២,៨ ភាគរយនៃច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ២០២៣ ដែលក្នុងនោះចំណូលពន្ធ ១៦ ២៥១ ពាន់លានរៀល (៣,៩៥ ពាន់លានដុល្លារ) ស្មើ ៨៥,០៦ ភាគរយនៃចំណូលសរុប, អំណោយចំនួន ១ ០០៩ ពាន់លានរៀល (២៤៥,១៧ លានដុល្លារ) ស្មើ ៥,២៨ភាគរយ, និងចំណូលផ្សេងៗចំនួន ១ ៨៤៦ ពាន់លានរៀល (៤៤៨,៥៧ លានដុល្លារ) ស្មើ ៩,៦៦ ភាគរយ។ ដោយឡែកបើធៀបនឹងរយៈពេល ៩ ខែដូចគ្នាឆ្នាំ ២០២២ ការអនុវត្តចំណូលបានថយចុះ ៣ ភាគរយ ដោយក្នុងនោះចំណូលពន្ធ ថយចុះ ៣,៧២ភាគរយ, អំណោយ ថយចុះ ២១,០១ ភាគរយ រីឯចំណូលផ្សេងៗ កើនឡើង ១៩,៨៣ ភាគរយ។
របាយការណ៍ឱ្យដឹងទៀតថា ទន្ទឹមនឹងការអនុវត្តចំណូលខាងលើ ការចំណាយសរុប (Expenditure) របស់រដ្ឋបាលថ្នាក់ជាតិ គឺមានចំនួន ២០ ៨២៣ ពាន់លានរៀល (ប្រហែល ៥,០៦ ពាន់លានដុល្លារ) ស្មើនឹង ៦៣,៣១ ភាគរយនៃច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៣ ក្នុងនោះចំណាយ ១៥ ១៤២ ពាន់លានរៀល (៣,៦៨ ពាន់លានដុល្លារ) ស្មើ ៧២,៧២ ភាគរយនៃចំណាយសរុប, និងចំណាយវិនិយោគលើទ្រព្យមិនមែនហិរញ្ញវត្ថុ ៥ ២៤៦ ពាន់លានរៀល (១,២៧ ពាន់លានដុល្លារ) ស្មើ ២៧,២៨ ភាគរយនៃចំណាយសរុប។ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ ចំណាយសរុបរបស់រដ្ឋបាលថ្នាក់ជាតិ កើនឡើង ១៤,០៣ ភាគរយ ក្នុងនោះចំណាយកើន ១៥,៥៧ ភាគរយ, និងចំណាយវិនិយោគលើទ្រព្យមិនមែនហិរញ្ញវត្ថុ បានកើនឡើង ១០,១១ ភាគរយ។
ឯកសារបញ្ជាក់ថា៖ «រយៈពេល ៩ ខែ ដើមឆ្នាំ ២០២៣ ការអនុវត្តចំណូលយឺត គួបផ្សំនឹងការអនុវត្តចំណាយលឿនបានធ្វើឱ្យថវិកាមានឱនភាពប្រមាណ ២៤១ ពាន់លានរៀល (ប្រហែល ៥៨,៦១ លានដុល្លារ) ប៉ុន្តែឱនភាពនេះស្ថិតក្នុងកម្រិតមួយទាប ពោលគឺស្មើនឹង ២៥,៨៤ ភាគរយនៃឱនភាពថវិកាប្រចាំឆ្នាំដែលបានគ្រោង។ ឱនភាពថវិការយៈពេល ៩ ខែដើមឆ្នាំ ២០២៣ បានឆ្លុះបញ្ចាំងតាមរយៈការកើនឡើងបំណុលប្រមាណ ៣ ២៩០ ពាន់លានរៀល (៨០០,៣៣ លានដុល្លារ) និងការកើនឡើងទ្រព្យសកម្មហិរញ្ញវត្ថុប្រមាណ ១ ៥៧៤ ពាន់លានរៀល (៣៨២,៩៣ លានដុល្លារ)»។
នៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ លោក ហុង វណ្ណៈ សេដ្ឋវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា គ្រប់រដ្ឋាភិបាលតែងត្រូវការប្រាក់ដើម្បីយកទៅប្រើប្រាស់សម្រាប់សកម្មភាពផ្សេងៗក្នុងន័យជំរុញកំណើនសេដ្ឋកិច្ច និងភាពរីកចម្រើនរបស់ប្រទេស។ ការធ្លាក់ចុះចំណូលរបស់រដ្ឋបាលថ្នាក់ជាតិនារយៈពេលកន្លងមក គឺដោយសារឥទ្ធិពលនៃវិបត្តិនយោបាយ និងសេដ្ឋកិច្ចសកល ដែលធ្វើឱ្យការនាំចេញទំនិញទៅក្រៅប្រទេសធ្លាក់ចុះមួយចំនួន។
លោកប្រាប់ទៀតថា ទោះយ៉ាងណាការធ្លាក់ចុះក្នុងកម្រិតតិចបែបនេះ វានឹងមិនអាចប៉ះពាល់ខ្លាំងដល់ផែនការចំណាយរបស់រដ្ឋាភិបាលលើការអភិវឌ្ឍប្រទេសឡើយ។
លោកប្រាប់ទៀតថា៖ «នារយៈពេលចុងក្រោយនេះខ្ញុំឃើញព័ត៌មានមួយចំនួនថា ស្ថានភាពនៃការនាំចេញទំនិញទៅទីផ្សារអន្តរជាតិ និងវិស័យទេសចរណ៍មានភាពល្អជាងមុនបន្តិច ដូច្នេះការអនុវត្តចំណូល (Revenue) របស់រដ្ឋបាលថ្នាក់ជាតិ អាចនឹងមានភាពល្អប្រសើរឡើងវិញខ្លះ»។
បញ្ហាប្រឈមខាងក្រៅ និងធ្លាក់ចុះក្នុងវិស័យអចលនទ្រព្យ បានធ្វើឱ្យមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ទម្លាក់ការព្យាករសេដ្ឋកិច្ចរបស់កម្ពុជាមកនៅត្រឹម ៥,៣ ភាគរយ ក្នុងឆ្នាំ ២០២៣ នេះដោយទាបជាងការព្យាករកាលពីខែមេសា ដែលមានអត្រា ៥,៨ភាគរយ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ៣១ ខែតុលា ក្រុមការងារ IMF ដឹកនាំដោយលោក Davide Furceri ប្រធានបេសកកម្មប្រចាំកម្ពុជា ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ៣១ ខែតុលា បានឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជាកំពុងស្ទុះងើបឡើងវិញជាលំដាប់ពីការរីករាលដាលជំងឺកូវីដ ១៩ ប៉ុន្តែប្រឈមមុខនឹងបញ្ហាក្នុងស្រុក និងខាងក្រៅ។ កំណើនបានកើនដល់ ៥,២ ភាគរយ ក្នុងឆ្នាំ ២០២២ ពី ៣ ភាគរយ ក្នុងឆ្នាំ ២០២១ ដែលជំរុញដោយការផលិតដ៏រឹងមាំ និងការស្ទុះងើបឡើងវិញនៅក្នុងវិស័យសេវាកម្ម។ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងកើនឡើង ៥,៣ ភាគរយ នៅឆ្នាំ ២០២៣ និង ៦,០ ភាគរយ នៅឆ្នាំ២០២៤៕