​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​អ្នកពាក់ព័ន្ធ រួមជាមួយ​នឹង​សហភាព​សហគមន៍​កសិក​ម្ម​បន្លែ​សុវត្ថិភាព​កម្ពុជា កំពុង​ពិភាក្សាគ្នា ដើម្បី​ត្រៀម​រៀបចំ​ពិធី​នាំចេញ​ចំណិត​ដំឡូង​មី​ក្រៀម​ទៅ​ប្រទេស​ចិន នាពេល​ឆាប់ៗ​ខាងមុខនេះ​។​ ​កិច្ចពិភាក្សា​នេះ ត្រូវបាន​រៀបចំឡើង​កាលពី​ថ្ងៃទី ​១០ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ ដឹកនាំ​ដោយ​រដ្ឋ​ម​ន្ត្រី្ក​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ លោក ឌិ​ត ទីណា នៅ​ទីស្តីការក្រសួង​។​ ​ក្នុង​កិច្ចប្រជុំ​នេះ សហភាព​សហគម​ន៍ក​សិ​កម្ម​បន្លែ​សុវត្ថិភាព​កម្ពុជា បានស្នើ លោក​រដ្ឋមន្ត្រី ចំនួន​៣​ចំណុច រួមមាន ទី​១ ធ្វើលិខិត​អញ្ជើញ​ភាគី​ចិន​ចូលរួម​ដើម្បី​គាំទ្រ​ការនាំចេញ ទី​២​ទាក់ទាញ​អ្នកវិនិយោគ​បន្ថែមទៀត​លើ​ការងារ​ស្រូវ​អង្ករ និង​ទី​៣ ស្វែងរក​ការគាំទ្រ​ពី នាយករដ្ឋមន្ត្រី​កម្ពុជា​។ នេះ​បើតាម​ក្រសួងកសិកម្ម​។​ ​លោក​រដ្ឋមន្ត្រី បាន​ទទួលយក​សំណើ​ទាំង​៣ ដោយ​លោក​បាន​បញ្ជាក់ថា​៖«​ក្រសួង​នឹង​ជួយ​រៀបចំ​ឱ្យមាន​ការគាំទ្រ​លើ​ការនាំចេញ​ចំណិត​ដំឡូង​មី​ក្រៀម​នេះ​។ ជាមួយគ្នានេះដែរ ក្រសួង​នឹង​ជំរុញ​អ្នកវិនិយោគ​ចិន​ឱ្យមក​វិនិយោគ​បន្ថែម​លើ​ការងារ​ស្រូវ​អង្ករ ព្រមទាំង​ផលិតផល​សក្តានុពល​ផ្សេងទៀត ដូចជា​ស្វាយចន្ទី និង​មៀន​ប៉ៃលិន​ជាដើម​»​។​ ​បើតាម​លោក​រដ្ឋមន្ត្រី ក្រសួង​នឹង​ជំរុញ​សហគមន៍​កសិកម្ម​គំរូ​ថ្មី ដែលមាន​ថវិកា ធនធានមនុស្ស មានបទពិសោធន៍ មាន​រចនាសម្ព័ន្ធ​ដឹកនាំ​ច្បាស់លាស់ រឹងមាំ និង​មាន​សមត្ថភាព​ផលិត​ក្នុង​ទ្រង់ទ្រាយ​ធំ ដែល​កាត់បន្ថយ​ថ្លៃដើម​ផលិត សម្រាប់​ផ្គត់ផ្គង់​ផលិតផល​មានគុណ​ភាព​តាម​តម្រូវការ​ទីផ្សារ ប្រកបដោយ​និរន្តរភាព​។​ ​នៅ​ថ្ងៃ​ដដែល​នោះ លោក ឌិ​ត ទីណា ក៏បាន​ចូលរួម​ប្រជុំ​ពី​វឌ្ឍនភាព​នៃ​ការរៀបចំ USER REQUIREMENT សម្រាប់​បញ្ចូល​ក្នុង​កម្មវិធី​ទូរស័ព្ទដៃ​កសិកម្ម​ឌីជីថល​(Agri Digital App) ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ផងដែរ​។​ ​នាឱកាស​នោះ លោក​រដ្ឋមន្ត្រី បាន​ណែនាំ​ដល់​ក្រុមការងារ​ឌីជីថល​នៃ​ក្រសួងកសិកម្ម សហស​ការ​គ្នា​ជាមួយ​ក្រុមការងារ​នៃ​ក្រសួង​ប្រៃសណីយ៍​ឱ្យបាន​ជិតស្និទ្ធ និង​ល្អប្រសើរ ដើម្បី​ធានាថា កម្មវិធី​ទូរស័ព្ទដៃ​កសិកម្ម​ឌីជីថល​ដែល​កំពុង​ផលិត​នេះ បម្រើ​ដល់​សេចក្ដីត្រូវការ​របស់​អ្នកប្រើប្រាស់ មាន​សុវត្ថិភាព គុណភាព និង​ប្រសិទ្ធភាព ក្នុងការ​បញ្ជូន ក៏ដូចជា​ការចែករំលែក​ព័ត៌មាន​ដល់​កសិករ អំពី​បច្ចេកទេស​កសិកម្ម ទីផ្សារ និង​ការវិវត្តន៍​ថ្មីៗ​នៅក្នុង​វិស័យ​កសិកម្ម​។ ​ក្រៅពីនេះ ភាគី​ទាំងពីរ​ក៏បាន​ពិនិត្យ​លើ​ការតភ្ជាប់​បណ្តាញ Internet ការវាយតម្លៃ​លើ​កម្រិត​សុវត្ថិភាព​នៃ Website ការដាក់ QR Code លើ​សញ្ញាបត្រ​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ទាំង ៣ និង Agri Digital App ផងដែរ​។ ​ចំពោះ​ជំនួប​ដាច់ដោយឡែក​មួយ​ទៀត ជាមួយ​អង្គការ​ដើម្បី​ស្នាមញញឹម​នៃ​កុមារ PSE​វិញ តំណាង​អង្គការ PSE បាន​ស្នើសុំ​កិច្ចសហការ​ពី​លោក​រដ្ឋមន្ដ្រី ដើម្បី​បង្កើត​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​កសិកម្ម​ដល់​សិស្ស​របស់ខ្លួន បន្ថែម​ពីលើ​ជំនាញ​ដែលមាន​ស្រាប់​ដូចជា វគ្គ​បណ្ដុះបណ្ដាល​ផ្នែក​សណ្ឋាគារ​និង​បដិសណ្ឋារកិច្ច ពាណិជ្ជកម្ម និង​ជំនាញ​ផ្សេងៗ​ទៀត​។ ​សម្រាប់​ការស្នើ​របស់ PSE​នេះដែរ លោក ឌិ​ត ទីណា បាន​ស្វាគមន៍ និង​បាន​គូសបញ្ជាក់ថា ក្រសួង​នឹង​គាំទ្រ និង​សហការ​ផ្ដល់​ការបណ្ដុះបណ្ដាល​ផ្នែក​កសិកម្ម​ដល់​សិស្ស​របស់​អង្គការ PSE​។ ​លោក​បាន​បញ្ជាក់ថា​៖«​គួរ​មានការ​សិក្សា​បន្ថែមទៀត ថា​តើ​ក្រសួងកសិកម្ម​និង​អង្គការ PSE អាច​សហការគ្នា​ក្នុង​ទម្រង់​បែបណា ដើម្បីឱ្យ​សិស្ស​អាច​ទទួលបាន​វគ្គ​បណ្ដុះបណ្ដាល​ផ្នែក​កសិកម្ម ដែល​បម្រើ​ដល់​សេចក្ដីត្រូវការ​នៃ​ទីផ្សារការងារ​ពិតប្រាកដ​។​ ​សូមជម្រាបថា បច្ចុប្បន្ននេះ អង្គការ PSE កំពុងតែ​ផ្ដល់​ការបណ្ដុះបណ្ដាល​ដល់​សិស្ស​ដែលមាន​ជីវភាព​ក្រខ្សត់​យ៉ាងហោចណាស់ ៦ ៥០០​នាក់ នៅ​រាជធានី​ភ្នំពេញ ខេត្តសៀមរាប និង​ខេត្ត​ព្រះសីហនុ​។ ខណៈដែល​ទីផ្សារការងារ​កំពុងតែ​ត្រូវការ​អ្នកជំនាញ​ផ្នែក​កសិកម្ម អង្គការ PSE រំពឹងថា ក្រសួង​នឹង​ពិចារណា​ផ្ដល់​ការគាំទ្រ​ដល់​អង្គការ ដើម្បី​បណ្ដុះបណ្ដាល​សិស្ស​របស់ខ្លួន នៅក្នុង​វិស័យ​កសិកម្ម​នេះ​៕​