ភ្នំពេញៈ វិស័យ​សំណង់ និង​អចលន​​ទ្រព្យ​នៅ​ខេត្ត​ព្រះសីហនុ ត្រូវបាន​រំពឹងថា នឹងមាន​ភាពស្រស់​ឡើងវិញ​ជា​បណ្តើរៗ​ចាប់ពីពេលនេះ​តទៅ ដោយ​បច្ចុប្បន្ន​រាជរដ្ឋាភិបាល​បានដាក់​ចេញ​គោលនយោបាយ​លើកទឹកចិត្ត​ជា​ច្រើន​ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ និង​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​ឱ្យបាន​ច្រើន​ក្នុងន័យ​ធ្វើឱ្យ​សកម្មភាព​អាជីវកម្ម និង​សេដ្ឋកិច្ច​ខេត្ត​មាន​ភាព​មមាញឹក​ដូចពេលមុន​ឆ្នាំ ២០២០​។​

​ស្ថានភាព​នៃ​វិស័យ​សាងសង់​អភិបាលរង​ខេត្ត​ព្រះសីហនុ លោក ឡុង ឌី​ម៉​ង់ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ចុង​សប្តាហ៍​ថា បច្ចុប្បន្ន​អគារ​ទូទៅ​នៅ​ខេត្ត​ព្រះសីហនុ​ដែល​អាជ្ញាធរ​ចាត់​ទុកជា​អគារ​ខ្ពស់ គឺមាន​ជាង ១ ០០០​ អគារ ដោយ​អគារ​ខ្លះ​បាន​សាងសង់ និង​បើក​ឱ្យ​ដំណើរការ​រួចហើយ ខណៈ​ខ្លះទៀត​មិនទាន់​បើក​ដំណើរការ និង​ខ្លះទៀត​នៅជាប់​គាំង​មិនទាន់​បញ្ចប់​ការសាងសង់​។​

​លោក​បន្តថា កន្លងមក​រដ្ឋាភិបាល​តាមរយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែលមាន​តួនាទី​ក្នុងការ​ដឹកនាំ និង​មានការ​ចូលរួម​ពី​អង្គភាព​ពាក់ព័ន្ធ​រួមទាំង​អាជ្ញាធរខេត្ត​ផង​នោះ បាន​ដាក់ចេញ​យន្តការ​ដោះស្រាយ​បញ្ហា​អគារ​ជាប់គាំង រួមមាន​ដូចជា គោលនយោបាយ​លើកទឹកចិត្ត និង​ផ្នែក​ពន្ធ​ជាដើម ដើម្បី​ធ្វើយ៉ាងណា​ជំរុញ​ការដ្ឋាន​ជាប់គាំង​ឱ្យ​បន្ត​បញ្ចប់​ការសាងសង់ និង​បើក​ដំណើរការ​។​

លោក​ថ្លែងថា​៖ «​បច្ចុប្បន្ន​អាជ្ញាធរ​ពាក់ព័ន្ធ​កំពុង​ខិតខំ​ដើម្បី​ធ្វើយ៉ាងណា​ឱ្យគេ​មក​វិនិយោគ និង​បង្កើត​ទីផ្សារ​ឡើងវិញ ព្រោះ​នៅពេល​មាន​ទីផ្សារ​ថ្មីៗ​ទើប​សកម្មភាព​នានា​តាម​អគារ​អាច​ដើរទៅ​មុខ​បាន​។ អគារ​ជាប់គាំង​ដែល​នៅសល់ មានន័យថា ជា​អគារ​ដែល​បាន​បាត់បង់​ទីផ្សារ​។ អ៊ីចឹង​យើង​ត្រូវតែ​បង្កើត​ទីផ្សារ ដ៏​ដូចជា​ដាក់ចេញ​គោលនយោបាយ​លើកទឹកចិត្ត និង​ការ​​ចូលរួម​របស់​វិស័យ​ឯកជន និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ទើប​ធ្វើឱ្យ​ទីផ្សារ​នេះ​ដំណើរ​ការល្អ​ឡើងវិញ​បាន​»​។​

លោក​បន្ថែមថា បើ​កិច្ចការ​នេះ​ដំ​​ណើ​រការ​ទៅមុខ និង​ដើរ​ស្រប​ជាមួយ​ប្លង់គោល​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ ​(​តំបន់​សេដ្ឋកិច្ច​ពិសេស​ពហុ​បំណង​) វា​នឹង​បង្កើន​ភាព​ទាក់ទាញ​សម្រាប់​អ្នកវិនិយោគ​។​

លោក​បន្តថា​៖«​ខ្ញុំ​គិតថា វា​នឹង​បាន​ចូលរួមចំណែក​ជួយ​ទាក់ទាញ​អ្នក​វិ​និ​យោគ​ទាំង​ខ្មែរ និង​បរទេស ដើម្បី​អាចធ្វើឱ្យ​ខេត្ត​ព្រះសីហនុ​ដំណើរការ​សេដ្ឋ​កិច្ច​ល្អ​ឡើងវិញ ព្រោះ​វា​ជា​ច្រកចេញ​ចូល​របស់​ប្រទេស​កម្ពុជា​ដែល​អាចធ្វើឱ្យ​ប្រទេស​ទាំងមូល​ទទួលបាន​ភោគ​ផល​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​»​។​

បើតាម​លោក ឌី​ម៉​ង់ បច្ចុប្បន្ន​អគារ​ដែល​សាងសង់​រួច ប៉ុន្តែ​មិនទាន់​ដំណើរ​ការ​ក្នុង​ខេត្ត​ព្រះសីហនុ​មាន​ប្រមាណ​ជាង ១៧០​ អគារ និង​អគារ​សាងសង់​មិនទាន់រួច និង​ត្រូវ​ជាប់គាំង​មាន​ជាង ៣៦០​ អគារ​។​

ស្ថានភាព​ទីផ្សារ​អចលនទ្រព្យ​ប្រធាន​សាខា​ក្រុមហ៊ុន​អចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្ត​ព្រះសីហនុ លោក អឹ​ុ​ម សេងហួ បាន​និយាយថា ការ​ត្រឡប់មកវិញ​ជា​បណ្តើរៗ​របស់​វិនិយោគិន​បរទេស ពិ​សេស​ជនជាតិ​ឥណ្ឌូនេស៊ី និង​ចិន​បាន​ជំរុញ​ឱ្យ​ការដ្ឋាន​មួយចំនួន​ដែល​ជាប់​គាំង​ជាង ៣ ​ឆ្នាំកន្លងមក​ចាប់ផ្តើម​ការ​សាងសង់​ឡើងវិញ ដើម្បី​ឆ្លើយតប​នឹង​កំណើន​នៃ​តម្រូវការ​ទីតាំង​ជួល​បើក​អាជីវកម្ម ប៉ុន្តែ​សម្រាប់​ទីផ្សារ​ទិញ​-​លក់ គឺ​នៅតែ​បន្ត​ស្ងប់ស្ងាត់​។​

លោក​បាន​ប្រាប់ថា​៖«​មួយរយៈ​ចុង​ក្រោយនេះ​ខ្ញុំ​សង្កេតឃើញ​អគារ​ដែល​គេ​ទុកចោល ២-៣ ​ឆ្នាំកន្លងមក បានចាប់ផ្តើម​បន្ត​ការសាងសង់​ឡើងវិញ ព្រោះតែ​កំណើន​នៃ​តម្រូវ​ការជួល ជា​ពិសេស​ពី​សំណាក់​វិនិយោគិន​ឥណ្ឌូ​នេ​ស៊ី និង​ចិន​ទាំង​កន្លែង​ស្នាក់នៅ និង​បើក​អាជីវកម្ម​»​។​

​សម្រាប់​តម្លៃ​អចលនទ្រព្យ​ក្នុង​ក្រុង​ព្រះសីហនុ ពេលនេះ គឺ​តំបន់​ល្អ​បំផុត ​(​ចាប់ពី​ឆ្នេរ​អូរ​ឈើទាល ដល់​អូ​ត្រេះ​) មានតម្លៃ​ក្នុង​រង្វង់ ២ ៥០០-៣ ៥០០​ ដុល្លារ​ក្នុង ​១ ​ម៉ែត្រការ៉េ និង​តំបន់​ជាយ​ក្រុង​តម្លៃ​ពី ​១៥០ ​ដុល្លារ​ឡើងទៅ​។ តម្លៃ​នេះ​បើ​ធៀប​នឹង​ដើមឆ្នាំ​ ២០២៣ គឺ​ធ្លាក់ចុះ​ខ្លះ ព្រោះ​ចំនួន​អ្នក​ចង់​លក់​ច្រើនជាង​អ្នក​ចង់​ទិញ​។​ 

​លោក​បញ្ជាក់ថា​៖«​នៅ​ចុង​ឆ្នាំនេះ និង​ក្នុង​ឆ្នាំ ​២០២៤ សម្រាប់​ការទិញ​-​លក់​អចលនទ្រព្យ​នៅ​ខេត្ត​ព្រះសីហនុ ខ្ញុំ​គិតថា នឹងមិន​ទាន់​ល្អ​លើស​ដើមឆ្នាំ ២០២៣ ​ឡើយ ប៉ុន្តែ​វា​អាច​ចាប់ផ្តើម​មាន​សញ្ញា​ល្អប្រសើរ​ពី​ឆ្នាំ ​២០២៥ តទៅ​។ សម្រាប់​ទីផ្សារ​ជួល គឺ​មិនមាន​បញ្ហា​អ្វី​ឡើយ​»​។​

​គោលនយោបាយ​របស់រ​ដ្ឋា​ភិ​បាល​ក្នុង​ពិធី​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​«​វិធានការ​ដោះស្រាយ​គម្រោង​វិនិយោគ​ជាប់គាំង ក្នុង​ខេត្ត​ព្រះសីហនុ​» កាល​ពីថ្ងៃ​ទី ​៣១ តុលា លោក ហ៊ាន សា​ហ៊ី​ប រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​លើកឡើងថា រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​វិធានការ​ជា​កញ្ចប់​ដើម្បី​ដោះស្រាយ​គម្រោង​វិ​និ​យោគ​ជាប់គាំង​ក្នុង​ខេត្ត​ព្រះសីហនុ​។ វិធានការ​ជា​កញ្ចប់​ដើម្បី​ដោះស្រាយ​គឺ​ឈរលើ​គោលការណ៍​ចំនួន ២ គឺ ទី​១ អគារ​ដែល​សាងសង់​មិនទាន់​ចប់ អាច​សាងសង់​ចប់ និង​ទី​២ អគារ​ដែល​បាន​សាងសង់​ចប់ អាចមាន​សកម្មភាព​វិនិយោគ ឬ​ធុរកិច្ច​។​

លោក​បន្ថែមថា រាជរដ្ឋាភិបាល​នីតិ​កាល​ទី​ ៧ បានដាក់​ចេញ​ «​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១» ​ដែល​តាមរយៈ​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ផ្តោត​អាទិភាព​លើ​កា​រព​ន្លឿ​ន​ការ​អភិ​​វ​ឌ្ឍ​ខេត្ត​ព្រះសីហនុ​ឱ្យ​ក្លាយជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង ដែលជា​ប៉ូល​សេដ្ឋកិច្ច​ដ៏​សំខាន់​សម្រាប់​វិស័យ​មួយចំនួន​៕