​ភ្នំពេញៈ បន្ទាប់ពី​ធ្លាក់ចុះ​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ច្រើន​ខែ​ជាប់ៗ​គ្នា ចំនួន​ទឹកប្រាក់​ដែល​កម្ពុជា ​រកបាន​ពី​ការនាំ​ទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ​នៅក្នុង​រយៈ​ពេល ១០ ​ខែ ឆ្នាំ​ ២០២៣ បានបង្ហាញ​សញ្ញា​វិជ្ជមាន​ឡើងវិញ​ខ្លះៗ​ ហើយដោយ​សម្រេចបាន​ជាង ​១៨ ​ពាន់​លាន​ដុល្លារ កើន​តិចតួច​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ខណៈ​ឱនភាព​ជញ្ជីងពាណិជ្ជកម្ម​បា​នប​ន្ត​ធ្លាក់​មក​នៅសល់​ត្រឹម​ជិត ១,៥​ ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ (GDCE)​។​

បើ​យោងតាម​របាយការណ៍រ​បស់ GDCE ចន្លោះ​ពី​ខែមករា ដល់​ខែតុលា ឆ្នាំ ២០២៣ កម្ពុជា​បាន​នាំ​ទំនិញ​ទៅ​ទីផ្សារ​អន្តរ​ជាតិ​ចំនួន ១៨,៥៩ ​ពាន់​លាន​ដុល្លារ កើន ០,២​ ភាគរយ​ ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២​។ ជាមួយគ្នានេះ​កម្ពុជា​ក៏បាន​នាំ​ទំនិញ​ពី​ទីផ្សារ​អន្តរជាតិ​ក្នុង​ទឹក​ប្រាក់ ២០,០៧​ ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ៦ ​ភាគរយ​ពី​ចំនួន ២១,៣៦​ ពាន់​លាន​ដុល្លារ​។​

បើតាម​ស្ថិតិ​ខាងលើ គឺ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​រយៈពេល ១០ ​ខែ ឆ្នាំ ២០២៣ មាន​សរុប ៣៨,៦៧​ ពាន់​លាន​ដុល្លារ​ ធ្លាក់ចុះ ៣,១ ភាគរយ ​បើ​ធៀប​រយៈ​ពេល​ដូចគ្នា​នៅក្នុង​ឆ្នាំ​ ២០២២​។ សម្រាប់​តុល្យភាព​ជញ្ជីង​ពា​ណិ​ជ្ជ​កម្ម​អន្តរជាតិ​កម្ពុជា គឺ​កម្ពុ​ជាមាន​ឱនភាព ១,៤៨ ​ពាន់​លាន​ដុល្លារ ខណៈ​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២២ កម្ពុ​ជាមាន​ឱនភាព ២,៨​ ពាន់​លាន​ដុល្លារ​។​

សេដ្ឋកិច្ចវិទូ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ថ្ងៃទី ១២ ខែវិច្ឆិកា​ថា កំណើន​ទឹកប្រាក់​នាំចេញ​គឺ​បញ្ជាក់ថា កម្ពុជា​កំពុង​ធ្វើ​ពិពិធ​កម្ម​ទំនិញ​នាំចេញ​របស់ខ្លួន​បាន​កាន់តែ​ល្អ​ស្របតាម​ការចង់ បានរ​បស់​ទីផ្សារ​អន្តរជាតិ​។ ក្រៅពី​ការ​​មាន​ទំនិញ​ចម្រុះ​កាន់តែច្រើន​នោះ ទំនិញ​កម្ពុជា​ក៏មាន​គុណ​ភាព និង​អាចឆ្លើយតប​ទៅនឹង​កំណើន​បរិមាណ​តម្រូវកា​រដែរ​។​

​លោក​ថ្លែងថា​៖ «​កំណើន​ទឹក​ប្រាក់​នាំចេញ​រយៈពេល ​១០ ​ខែ ឆ្នាំ​ ២០២៣ ទោះ​មាន​តិច ប៉ុន្តែ​វា​ជា​មោទនភាព​ភាព​មួយ​សម្រាប់​កម្ពុជា​នៅក្នុង​ដំណាក់​កាលដែល​សេដ្ឋកិច្ចពិភពលោក​នៅ​បន្ត​ជួប​ភាពស្មុគស្មាញ​ដែល​បណ្តាល មកពី​ការដណ្តើម​ឥទ្ធិ​ពល​ភូមិសាស្ត្រ​នយោបាយ និង​សង្គ្រាម​ប្រទេស​មួយចំនួន​»​។​

លោក​បញ្ជាក់ថា​៖ «​ទឹកប្រាក់​ពី​ការនាំចេញ​កើនឡើង ស្របពេល​ការនាំ​ចូល​ធ្លាក់ចុះ​ក្នុង​ចរន្ត​ពាណិជ្ជកម្ម​អន្តរជាតិ​បែបនេះ គឺ​វា​ជួយ​ឱ្យ​កម្ពុជា​អាច​រក្សាបាន​រូបិយប័ណ្ណ​អន្តរជាតិ​សម្រាប់​ប្រើពេល​មាន​វិបត្តិ​កើតឡើង​»​។​

អគ្គនាយិកា​ក្រុមហ៊ុន​ផលិត​នំ​ស្រួយ លី​លី លោកស្រី កែវ មុំ បាន​និយាយថា ប្រទេស​កម្ពុជា​ ក្លាយជា​ទីតាំង​ដ៏​មាន​សក្តា​នុ​ពល​សម្រាប់​ការបណ្តាក់ទុន​លើ​ការដាំដុះ ផលិត និង​កែច្នៃ​ដើម្បី​បំពេញតម្រូវការ​ប្រើប្រាស់​ក្នុងស្រុក និង​នាំចេញ​។

លោក​ស្រី​បន្តទៀតថា ការដាក់ចេញ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ដើម្បី​ទាក់ទាញ​អ្នក​​វិនិយោគ​ថ្មីៗ​ឱ្យមក​បណ្តាក់ទុន និង​ពង្រីក​ការវិនិយោគ​បន្ថែម កំពុង​ជួយ​ឱ្យ​សមត្ថភាព​នាំចេញ​របស់​កម្ពុជា​កាន់​តែ​ខ្លាំង​។​

​លោកស្រី​ថ្លែងថា​៖ «​ខ្ញុំ​រំពឹងថា​ការនាំ​ទំនិញ​របស់​កម្ពុជា​ទៅ​ក្រៅប្រទេស​នឹងមាន​កាន់តែ​ច្រើន​នៅពេល​ខាងមុខ​។ កម្ពុជា​នឹងមាន​ទំនិញ​កាន់តែច្រើន​ប្រភេទ​សម្រាប់​នាំចេញ​»​។​

​ក្នុង​ឆ្នាំ​ ២០២២ ពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុជា មាន​ទឹកប្រាក់​សរុប ៥២,៤២​ ពាន់​លាន​ដុល្លារ កើន ៩,២​ ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០២១​។ ទឹកប្រាក់​កម្ពុជា​នាំ​ទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ មាន​ ២២,៤៨​ ពាន់​លាន​ដុល្លារ កើន ​១៦,៤​ ភាគរយ និង​ទំនិញ​ដែល​កម្ពុជា​នាំចូល​ពី​ទីផ្សារ​អន្តរជាតិ ២៩,៩៤ ពាន់​លាន​ដុល្លារ កើន​ឡើង ៤,៣ ​ភាគរយ​។ នេះ​បើតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​៕