ភ្នំពេញៈ DBD Engineering Plc​ ជា​ក្រុមហ៊ុន​ដំបូង ​ដែល​បាន​ចុះបញ្ជី​នៅ​ទីផ្សារ​កំណើន​របស់​ផ្សា​រមូល​ប​ត្រ​កម្ពុជា (CSX) បាន​រាយការណ៍​ពី​កំណើន​អាជីវក​ម្មយ៉ាង​ល្អ​នៅក្នុង​ត្រីមាស​ទី​៣ ឆ្នាំនេះ គិត​ត្រឹម​ខែកញ្ញា ចំពេល​មានការ​ធ្លាក់ចុះ​ទីផ្សារ​សំណង់​ក្នុងស្រុក​។​


​នៅក្នុង​ឯកសារ​ផ្ញើជូន CSX កាលពី​ថ្ងៃទី​៨ ខែវិច្ឆិកា ក្រុមហ៊ុន​វិស្វកម្ម និង​សំណង់​ពហុ​បំណង​មួយ​នេះ បានប្រកាស​ប្រាក់ចំណេញ​ប្រតិបត្តិ​ការសរុប​ចំនួន ១,៥០៥​ ពាន់​លាន​រៀល (​ឬ ៣៧០,២៧២​ ដុល្លារ​) កើនឡើង​ពី ១,២៧៦ ពាន់​លាន​រៀល ឬ ៣១១,៤១១​ ដុល្លារ​ កាលពី​ត្រីមាស​មុន កើនឡើង ១៧,៩ ​ភាគរយ​។​


​ការកើនឡើង​ប្រាក់ចំណេញ​ប្រតិបត្តិការ​ត្រូវបាន​ជំរុញ​ដោយ​ការកើនឡើង​នៃ​ប្រាក់ចំណេញ​ដុល​ចំនួន ២៣៨២,៥២​ ភាគរយ និង​ប្រាក់ចំណូល​ផ្សេងទៀត​ចំនួន ៥៦៦,៩៥​ ភាគរយ​។ ការកើនឡើង​ប្រាក់ចំណេញ​សុទ្ធ​ត្រូវបាន​ជំរុញ​ដោយ​ការកើនឡើង​ប្រាក់ចំណេញ​ដុល​ចំនួន ២៣៨២,៥២​ ភាគរយ និង​ប្រាក់ចំណេញ​មុន​បង់ពន្ធ​ចំនួន ១៥៨,៥៩ ​ភាគរយ​។​

លោក នាង វី​ធី ប្រធាន និង​ជានា​យក​ប្រតិបត្តិ បានឱ្យដឹង​នៅក្នុង​ឯកសារ​នេះ​ថា ការកើនឡើង​ប្រាក់ចំណូល​ត្រូវបាន​ជំរុញ​ដោយ​ការកើនឡើង​ប្រាក់ចំណូល​ផ្នែក​សំណង់​ចំនួន ៣៤,១៨​ ភាគរយ និង​ការលក់ទំនិញ​មាន​ចំនួន ៤៤៧,៦៦​ ភាគរយ​។​
​លោក នាង វី​ធី ប្រធាន និង​ជានា​យក​ប្រតិបត្តិ​បានឱ្យដឹង​នៅក្នុង​ឯកសារ​នោះ​ថា​៖ «​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ​ក្រុមប្រឹក្សាភិបាល ថ្នាក់​គ្រប់គ្រង និង​បុគ្គលិក​ទាំងអស់ សម្រាប់​ដំបូន្មាន​ល្អៗ និង​ការខិតខំ​ប្រឹងប្រែង​រប​ស់​អ្នក​ទាំងអស់ ដើម្បី​រក្សា​ភាព​រីកចម្រើន​របស់​ក្រុមហ៊ុន​នេះ​»​។​


​ក្រុមហ៊ុន ​DBD ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ​១៩៩៥ ផ្តល់​សេវា​ការ​រចនា ការសាងសង់ ការដំឡើង និង​ការ​កម្ម​ថែទាំ​។ នេះ​បើ​យោងតាម​ឯកសារ​។​


​ឯកសារ​នេះ​បន្តថា​៖ «​ប្រាក់ចំណូល​សំខាន់​របស់​ក្រុមហ៊ុន ​DBD បានមកពី​សេវាកម្ម​សាងសង់ និង​ថែទាំ​ដែល​រួមមាន មេកា​និក អគ្គិសនី បរិក្ខារ​ទឹក (MEP) និង​ការងារ​វិស្វកម្ម​សំណង់​ស៊ីវិល ដោយ​ប្រាក់ចំណូល​សរុប​ដែល​បាន​កត់ត្រា​ក្នុង​របាយការណ៍​ហិរញ្ញវត្ថុ​បាន​បែង​ចែកជា ៣​ប្រភេទ​គឺ​សំណង់ និង​ការថែទាំ ការលក់ទំនិញ​ប្រាក់ចំណូល​ផ្សេងទៀត​»​។​


​ឯកសារ​នេះ​បាន​កត់សម្គាល់ថា ក្រុមហ៊ុន DBD កាលពីដើមឆ្នាំ ២០២២ ត្រូវបាន​ជួល​ឱ្យធ្វើ​ការ​លើ​គម្រោង​សាងសង់ និង​ដំឡើង​ប្រព័ន្ធ MEP សម្រាប់​អគារ Wing Tower នៅ​កែង​មហាវិថី​ព្រះមុនីវង្ស និង​ផ្លូវ​កម្ពុជា​ក្រោម​ក្នុង​រាជធានី​ភ្នំពេញ ដែល​រំពឹងថា​នឹង​បញ្ចប់​នៅ​ឆ្នាំនេះ​។​


​ក្រុមហ៊ុន​នេះ ក៏បាន​លើកឡើង​ពី​គម្រោង «​រោងចក្រ​ចំហាយ​ទឹក ជីវម៉ាស​» ពី​ក្រុមហ៊ុន Berkeley Energy Commercial and Industrial Solutions (BECIS) ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហ​បុរី ដែល​នឹង​ផ្គត់ផ្គង់​ថាមពល​ជីវឧស្ម័ន​ដល់​ក្រុមហ៊ុនផលិតស្រាបៀរ Heineken​។​


​លើសពីនេះ ក្រុមហ៊ុន​បានធ្វើ​ការងារ​លើ​ការអភិវឌ្ឍ​ធំៗ​មួយចំនួន រួមមាន ផ្សារ​ទំនើប ​AEON 1, AEON 2, North Park Condominium, Chip MongSenSok, Chip Mong598 និង Chip Mong271​៕